វីវរហើយកម្មវិធី MISS GRAND ! រដ្ឋបាលខេត្តស្ទឹងត្រែង ក្តៅមុខចេញលិខិតព្រមាននិងឱ្យឆាប់ដោះស្រាយភ្លាម

ភ្នំពេញ៖ ពីរថ្ងៃនេះក្រោយផ្ទុះការរិះគន់ខ្លាំងទៅបេក្ខភាព MISS GRAN ខេត្តស្ទឹងត្រែងស្លៀករ៉ូបរាត្រីក្រហមលេចប្រអប់លេខខ្លាំង ស្រាប់តែអាជ្ញាធរខេត្តនេះផ្ទុះប្រតិកម្មនៅមិនស្ងៀមស្នើរឱ្យក្រសួងចាត់វិធានការណ៍ផ្លូវច្បាប់ទៅលើអ្នកដឹកនាំកម្មវិធី ការប្រកួតបវរកញ្ញា MISS GRAND CAMBODIA 2022។

កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ជាវគ្គចម្រុះបេក្ខភាព៣៥នាក់នៃការប្រកួត MISS GRAND CAMBODIA 2022 បានឱ្យឃើញសមត្ថភាពនិងរូបសម្រស់ផ្សេងៗគ្នា ហើយនៅក្នុងក៏មានវគ្គបង្ហាញរូបសម្រស់ក្នុងឈុតរាត្រីស្រមោលសរផងដែរ។ ក្នុងចំណោម បេក្ខភាពស្រីស្អាតម្នាក់ក្នុងចំណោម៣៥នាក់គឺ បេក្ខភាពតំណាងខេត្តស្ទឹងត្រែង ដែលឈ្មោះថា “ឈៀន ចាន់ឡា” ដែលបានគ្រងឈុតរ៉ូបពណ៌ក្រហមមួយនេះ តែអ្វីដែលជាចំណុចសំខាន់និងផ្ទុះការចាប់អារម្មណ៍នោះគឺបែរលេចប្រអប់លេខលើគោក ដូចស្លៀកប៊ីគីនីទៅវិញ។ គ្រងឈុតបែបនេះ ស្រាប់តែធ្វើឱ្យមហាជនជាច្រើននៅលើបណ្តាញកំពុងរិះគន់និងបញ្ចេញមតិស្តីបន្ទោសទៅលើអ្នកដឹកនាំកម្មវិធីរៀបចំ ដែលបណ្តោលឱ្យរ៉ូបរាត្រីស្រមោលសរមួយនេះ ឱ្យទៅលើបេក្ខភាពខេត្តស្ទឹងត្រែង ស្លៀកចេញមកប្រកួតលើឆាកទាល់តែបាន។

មហាជនដែលខឹងសម្បារនិងរិះគន់ទៅលើបេក្ខភាពខេត្តមួយនេះ ហើយក៏បញ្ចេញមតិសួរថា អ្នកដឹកនាំនិងក្រុមការងារអ្នករៀបចំមានបានពិនិត្យឬទេ? ឬជាចេតនាណាមួយដើម្បីធ្វើឱ្យមហាជនចាប់អារម្មណ៍ ផ្ទុះការរិះគន់ ទៅលើបេក្ខភាព MISS GRAND CAMBODIA 2022។

ស្រាប់តែថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បដិសេធការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែង របស់កម្មវិធី Miss Grand Cambodia ថាឈុតដែលតំណាងនេះ មិនបានឆ្លុះបញ្ចាំងពី សំលៀកបំពាក់ប្រពៃណី នៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង នោះទេ។ ក្នុងលិខិតឆ្លើយតប របស់ខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា អ្វីដែលឱ្យកត់សម្គាល់នោះ មហាជនមជ្ឈដ្ឋានយ៉ាងច្រើនលើស លុបជាពិសេស ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង បានសម្តែងប្រតិកម្មមិនពេញចិត្ត និងបានរិះគន់យ៉ាងក្តៅគគុកលើឈុតតំណាងខេត្តស្ទឹងត្រែងដែលបង្ហាញលក្ខណៈ ស្រើបស្រាលលេចលើលេចក្រោម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វប្បធម៌ប្រពៃណីយ៍យ៉ាងល្អរបស់ខ្មែរ ពិសេសកត្តិយស របស់ស្រ្តីខ្មែរយើង។

រដ្ឋបាលខេត្តនេះ និយាយទៀតថា ដើម្បីស្តារកិត្តិយសរបស់ខេត្តស្ទឹងត្រែងឡើងវិញ ផលិតកម្មមហាហង្ស ត្រូវការធ្វើការសុំទោស ជាសាធារណៈ ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង រួចហើយការសម្រួល ឡើងវិញជាបន្ទាន់។ រដ្ឋបាលខេត្ត សូមស្នើយ៉ាងទទូចដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន មេត្តាពិនិត្យ និងចាត់វិធាការណ៍ចំពោះ ករណីនេះ ដើម្បីការពារវប្បធម៌ប្រពៃណី និងតម្លៃស្រ្តីខ្មែរដ៏ល្អផូរផង់ជាយូរមកហើយ។

សូមរំលឹកផងដែរថា កម្មវិធីប្រកួតបវរកញ្ញា MISS GRAND CAMBODIA 2022 ឆ្នាំនេះគឺផ្ទុះការរិះគន់ខ្លាំងទូរទាំងប្រទេសតែម្តង ព្រោះតែថ្ងៃបើកការប្រកួតឈុតតំណាងជាតិតាមបណ្តាខេត្តតំបន់នីមួយៗ បែរជាអ្នករៀបចំអនុញ្ញាត អោយរៀបចំឈុតនារីកាស៊ីណូតបទល្បែងសម្រាប់តំណាងក្រុងបាវិតនិងប៉ោយប៉ែតទៅវិញ ដែលជារឿងមិនសមគួរ ហើយខ្មែរមិនអាចទទួលចំពោះការរៀបចំ ដែលមិនបានគិតពីតម្លៃមុខតំបន់នៃខេត្តក្រុងកម្ពុជា៕

អត្ថបទដោយ Renno រូបភាព Facebook