ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា បច្ចុប្បន្ននេះតារាកំប្លែងល្បីឈ្មោះ នាយតាក់សុី កំពុងតែជួបទុក្ខជាបន្ដបន្ទាប់ ដែលធ្វើឲ្យគ្រប់គ្នាកើតចិត្តអាណិតអាសូរលោកយ៉ាងខ្លាំង។
គួររម្លឹកផងដែរថា កាលពីមួយរយៈពេលមុនជម្ងឺទឹកនោមផ្អែមរបស់លោកធ្វើទុក្ខខ្លាំង បណ្ដាលឲ្យលោកត្រូវផ្អាក់ពីសិល្បៈមួយរយៈ ហើយថែមទាំងសម្រេចចិត្តបួសជាព្រះសង្ឃដើរតាមគន្លងផ្លូវព្រះធម៍ថែមទៀតផង តែក្រោយមកដោយសារតែជម្ងឺកាន់តែធ្វើទុក្ខខ្លាំងលោកក៏សម្រេចសឹកដើម្បីសម្រាកព្យាបាលជម្ងឺវិញ។
តែអ្វីដែលធ្វើឲ្យមហាជនកាន់តែខ្លោចចិត្តនោះគឺ កាលពីប៉ុន្មានម៉ោងមុននេះ នាយបានជួបទុក្ខធំមួយទៀត ដោយត្រូវចោរចិត្តអប្រិយលូកហោប៉ៅ ពេលទៅធ្វើអត្តសញ្ញាណប័ណ្ណនៅម្ដុំវត្តសំរោងអណ្ដែត បាត់លុយដែលសប្បុរសជនបានឩបត្ថម្ភកន្លងមកអស់រលីងតែម្ដង។
ក្នុងនោះនាយតាក់សុី ក៏បានរៀបរាប់ក្នុងបណ្ដាញសង្គមរបស់ខ្លួនផងដែរថា «លុយដែលទុក ធ្វើបុណ្យឲ្យម្ដាយ និងលោកយាយក្នុងរដូវបុណ្យភ្ជុំ ត្រូវចោរចិត្តអប្រិយនោះ លួចយកទៅអស់ហើយ»។
ក្រោយពេលលឺបែបនេះ មហាជនជាច្រើនបាននាំគ្នាកើតចិត្តអាណិតអាសូរដល់តារាកំប្លែងរូបនេះយ៉ាងខ្លាំង ព្រោះឃើញថាលោកជួបទុក្ខមួយហើយមួយទៀត មិនចេះចប់មិនចេះហើយទាល់តែសោះ៕
អត្ថបទដោយ៖សុីវលី