មិននឹកស្មានសោះ! ដោយសារមូលហេតុនេះ ធ្វើឲ្យតារាថៃ Grace Kanklao ចាកចេញពីប៉ុស្ដិ៍លេខ៧ថៃ!

ជាការពិតណាស់​ បើគិតមកទល់ពេលនេះ តារាសម្ដែងថៃស្រី Grace Kanklao បានក្លាយខ្លួនជាតារាសម្ដែងឲ្យប៉ុស្ដិ៍ទូរទស្សន៍លេខ៧ថៃរយៈពេល១៥ឆ្នាំហើយ ហើយប្រជាប្រិយភាពរបស់នាងក៏នៅតែរក្សាបានខ្លាំងដដែល។

ដោយឡែកថ្មីៗនេះ នាងបានប្រកាសជាសាធារណៈថា នាងនឹងមិនបន្ដកុងត្រាជាមួយប៉ុស្ដិ៍ទូរទស្សន៍ដែលជាជម្រកយូរឆ្នាំរបស់នាងនេះបន្ដទៀតនោះទេ ហើយថ្ងៃទី១៧ ខែកញ្ញាម្សិលមិញ នាងក៏បានបង្ហាញវត្តមាននៅចំពោះមុខអ្នកកាសែត និងបកស្រាយពីរឿងបញ្ចប់កុងត្រាយ៉ាងលម្អិតទៀតផង។

ក្នុងនោះនាងបានរៀបរាប់ថា៖ «ជាការពិតណាស់ ខ្ញុំបានបញ្ចប់កុងត្រាតាំងពីខែសីហាមកម៉្លេះ ដោយមានការនិយាយចរចាជាមួយស្ថានីយ និងបញ្ចប់ទៅដោយរលូន។​ សម្រាប់មូលហេតុដែលខ្ញុំ មិនបន្តកុងត្រានោះក៏ព្រោះតែ ពេលនេះខ្ញុំចង់សាកល្បងធ្វើការងារថ្មីៗ។ ហើយប្រសិនបើខ្ញុំនៅជាប់កុងត្រាជាមួយស្ថានីយ វាដូចជាជញ្ជាំងមួយដែលបាំងខ្ញុំអញ្ចឹង ចង់ធ្វើនេះក៏មិនបាន ចង់ធ្វើនោះក៏មិនបាន។ ចំណែកឯខ្ញុំវិញមានក្តីស្រម៉ៃច្រើនណាស់ដែលចង់ធ្វើ ខ្ញុំចង់ធ្វើបទចម្រៀង ខ្ញុំចង់ធ្វើពិធីការិនី និងមានរឿងផ្សេងៗទៀតជាច្រើន។ ខ្ញុំដឹងថានឹងមានព័ត៌មានមិនល្អ បន្ទាប់ពីខ្ញុំមិនបន្តកុងត្រា ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចនោះទេ ព្រោះវាជារឿងធម្មតា។ ហើយចាប់ពីពេលនេះទៅខ្ញុំនឹងធ្វើជាតារាសម្តែងឯករាជ្យ ហើយប្រហែលជាខ្ញុំឈប់ចុះកុងត្រាជាមួយស្ថានីយណាផ្សេងទៀតហើយ»

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរចំពោះការសម្រេចចិត្តរបស់តារាស្រីរូបនេះ???

អត្ថបទដោយ៖សុីវលី