ប្រុសស្អាតរូបសង្ហារទាំង២០នាក់ ចូលខ្លួនប្រកួត Mister Friendship Cambodia ដើម្បីស្វែងរកម្ចាស់មគុដ

ភ្នំពេញ៖ Mister Friendship Cambodia ដែលជាប្រភេទកម្មវិធីការប្រកួតបុរសឯកអន្តរជាតិមួយ ត្រូវបានលេចរូបរាងនិងរៀបចំឡើងនៅកម្ពុជាហើយ ការផ្តួចផ្តើមពី Mr. Jakkrit kakrut (លោក ឆាគ្រីត ចាគ្រុត) ដែលអ្នករៀបចំកម្មវិធី Mister Friendship Cambodia ទាំងក្នុងប្រទេសថៃនិងកម្ពុជា ហើយស្ថិតក្រោមការជួយជ្រោមជ្រែងពីម្ចាស់ក្រុមហ៊ុនជាច្រើន ជាពិសេសអ្នកជំនាញក្នុងវិស័យលើកស្ទួយបុរសសង្ហារបុរសឯកអន្តរជាតិមួយនេះ។

ក្នុងចំណោមដៃគូរសហការ និង គណៈកម្មការ ជាច្រើនរូបក៏មានវត្តមានស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥បានចូលរួមជ្រោមជ្រែងឧបត្ថម្ភ និងគាំទ្រចំពោះកម្មវិធី Mister Friendship International Cambodia ដោយវត្តមានលោកជំទាវ រស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ជាតំណាងដ៏ខ្ពង់ខ្អស់ចូលរួមជាគណៈកម្មការដាក់ពិន្ទុផងដែរ។

Mr. Jakkrit kakrut (លោក ឆាគ្រីត ចាគ្រុត) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថ្ងៃចាប់ផ្តើមប្រកួតនេះ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ឱ្យដឹងថា គោលបំណងដែលនាំយកកម្មវិធីប្រកួត Mister International ចូលមកកម្ពុជាព្រោះតែចង់ឱ្យកម្ពុជាក្នុងនាមជាដៃគូអាស៊ានបង្ហាញមុខនៅលើឆាកអន្តរជាតិ ក្នុងការចែករំលែកក៏ដូចជាប្រកួតប្រជែងសមត្ថភាពទាំងចំណេះដឹង ហើយក៏រូមគ្នាក្នុងការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ប្រទេសនីមួយៗរបស់ខ្លួនដែរ។ សម្រាប់កម្មវិធីនេះនឹងសង្ឃឹមថា អាចចម្រាញ់យកបុរសឯក៥ដួងជាមួយជ័យលាភីម្ចាស់មគុដ Mister Friendship Cambodia 2022 ផងដែរ។

លោកជំទាវ រស់ ឡុងម៉ាឡែន ប្រធានទីផ្សារនិងទំនាក់ទំនងនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលគណៈកម្មការដាក់ពិន្ទុបានប្រាប់ផងដែរថា ទោះបីជាឆ្នាំនេះជាដំបូងសម្រាប់់ការរៀបចំការប្រកួតក៏ពិតមែន តែឃើញមើលថា ពិតជារៀបចំបានល្អដោយមានដៃគូសហការជាច្រើនចូលរួម ក្នុងការលើកស្ទួយដល់បេក្ខភាព ដើម្បីបានជ័យលាភីល្អម្នាក់ចេញទៅប្រកួតលើឆាកអន្តរជាតិ។ ស្របពេលកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានជាមួយមេដឹកនាំពិភពលោកនោះ កម្មវិធី Mister Friendship Cambodia ក៏រៀបចំឡើងស្របពេលដូចគ្នា ដែលពេលវេលាល្អនិងសាកសម ហើយយើងចម្រាញ់យក ម្ចាស់មគុដ Mister Friendship International ដើម្បីត្រៀមចូលរួមប្រកួតនាខាងមុខនេះ ដែលនឹងរៀបចំក្នុងប្រទេសថៃ។

សូមបញ្ជាក់ផងដែរថា Mister Friendship Cambodia ត្រូវបានចាប់ផ្តើមដល់វគ្គជម្រុះហើយនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានបេក្ខភាពចំនួន២០នាក់បន្ទាប់ទទួលរើសបានអ្នកដាក់ពាក្យស្នើរសុំចូលរួមប្រកួត។

សម្រាប់វគ្គជម្រុះនេះផងដែរ គឺគណៈកម្មការវាយតម្លៃនិងដាក់ពិន្ទុយកត្រឹម១០នាក់ ដើម្បីឆ្លងទៅវគ្គបន្ទាប់ ហើយនឹងត្រៀមចម្រាញ់យកត្រឹមជ័យលាភី៥នាក់និងម្ចាស់មគុដ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់ការប្រកួតអន្តរជាតិដែលបេក្ខភាពមកពីជុំវិញពិភពលោកនោះ នឹងត្រៀមរៀបចំឡើងនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នាមុខនេះ ក្នុងប្រទេសថៃ តែម្តង៕