ទើបតែបានធ្វើអោយហ្វែនខ្លាប់នៅតាមបណ្តាប្រទេសផ្សេងៗមានចិត្តច្រណែនជាមួយអ្នកនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនថ្មីៗនេះទេចំពោះគូស្នេហ៍តារាល្បីល្បាញ Nadech – Urassayas ដែលបានរៀបចំកម្មវិធី Fan Meeting លើកដំបូងបំផុតនៅទីនោះ។ កម្មវិធីលើកនេះក្រៅពីធ្វើអោយទស្សនិកជនរំភើបព្រោះបានជួបពួកគេដោយផ្ទាល់ តារាទាំងពីរដួងបានធ្វើអោយពិភពលោករបស់ហ្វែនខ្លាប់ឡើងពណ៌ផ្កាឈូកព្រោះស្នេហាដ៏សែនរ៉ូមែនទិករបស់ពួកគេទៀតផង។

បន្ទាប់ពីកម្មវិធីបានបញ្ចប់ដោយជោគជ័យកញ្ញា Yaya បាននាំយករូបភាពជាច្រើនសន្លឹកមកចែកចាយនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “នាងខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានឡើងច្រៀងចម្រៀងដ៏ល្អផូផត់ខណ:ពេលកំពុងពាក់ឈុតប្រពៃណីរបស់ជនជាតិហ្វីលីពីន 💖 Salamat (អរគុណ) 🫶🏼 #nadechyayainmnl #NYinManila #NADECHYAYAinMNL2022″។

ចំណែកតួឯកប្រុសរបស់យើងវិញក៏បាននាំយកបរិយាកាសល្អៗមកបង្ហាញអ្នកគាំទ្រហើយបានសសេរសារថា “#งานไม่ใหญ่แน่นะวิ សូមអរគុណដល់ហ្វែនខ្លាប់ Philippines ដែលបានមករក្សារទុកការចងចាំល្អៗជាមួយពួកយើង ហើយសូមអរគុណដល់ក្រុមការងារទាំងអស់ដែលជួយធ្វើអោយគ្រប់យ៉ាងចេញមកល្អប្រសើរបែបនេះ…”។ ឃើញរូបភាពគូរបស់តារាប្រុសស្រីហើយទស្សនិកជនទាំងអ្នកបានចូលរួមផ្ទាល់ និងមិនបានចូលរួមនាំគ្នាចូលខមមិនសម្តែងក្តីស្រលាញ់អោយពួកគេយ៉ាងច្រើនកុះករ។
អត្ថបទដោយ សា



