បានគ្រងតំណែងជាមេម៉ាយកូនមួយឈ្ងុយដូចដូងដុតមកជាច្រើនខែហើយសម្រាប់កញ្ញា New Clear អតីតភរិយារបស់លោក DJ Petcha ដែលបន្ទាប់ពីរៀបការបានកូនប្រុសមួយជាមួយគ្នាទាំងពីរនាក់សម្រេចចិត្តលែងលះព្រោះភាពមិនចុះសម្រុងលើជាច្រើនចំនុចផ្សេងៗគ្នា។ កន្លងមកហ្វែនខ្លាប់របស់អ្នកទាំងពីរមានសង្ឃឹមជាខ្លាំងថាតារាប្រុសស្រីអាចត្រឡប់មកស្រលាញ់គ្នា ហើយ “អូនថៃកា” ជាកូនប្រុសនឹងក្លាយជាក្មេងប្រុសដែលមានប៉ាកម៉ាក់នៅជាមួយ ប៉ុន្តែថ្មីៗនេះគ្រប់យ៉ាងបានប្រែប្រួលអស់ហើយព្រោះកញ្ញា New Clear ចេញមុខមកប្រកាសមុនគេថាពេលនេះកំពុងមើលចិត្តគ្នាជាមួយបុរសក្រៅវិស័យសិល្ប:។

ក្នុងដំណើរកំសាន្តក្រៅប្រទេសដែលបានកើតឡើងថ្មីៗនេះអ្នកប្រើប្រាស់អ៊ិនធឺណែតចាប់បានថាតារាស្រី New Clear បានផុសរូប និងវីដេអូនៅកន្លែងតែមួយជាមួយបុរសអាថ៌កំបាំង ហើយការសំងាត់ក៏ត្រូវបានផ្ទុះឡើងដោយនៅទីបំផុតនាងក៏ចេញមុខអោយសម្ភាសន៍ថាពេលនេះកំពុងមើលចិត្តមើលថ្លើមគ្នាជាមួយប្រុសក្មេងដែលមានអាយុតិចជាខ្លួន ៧ ឆ្នាំ។

លើសពីនោះទៅទៀតតារាស្រីបានបញ្ជាក់ថាស្នេហាគ្រាថ្មីមួយនេះទទួលបានភ្លើងខៀវពីសមាជិកគ្រួសារ និងបណ្តាមិត្តភក្តិច្រើនណាស់ ដោយសូម្បីលោក Petcha ជាអតីតស្វាមីក៏បានជួយ Scan តាមដានឆែកប្រវិត្តអោយដែល គ្រប់គ្នាប្រាប់ថាម្នាក់នេះអាចយកជាការបាន។ សរុបមកស្នេហាគ្រាថ្មី Happy សិក្សាចិត្តគ្នាជាបណ្តើរៗបច្ចុប្បន្នមិនទាន់អាចហៅគ្នាថាជាសង្សារប៉ុន្តែនាងនិយាយជាមួយម្នាក់នេះតែម្នាក់គត់ ហើយនៅថ្ងៃអនាគតអាចក្លាយជាមនុស្សពិសេសបំផុតក៏ថាបាន។
អត្ថបទដោយ សា



