មិនធម្មតា! ក្រោយសម្ដែងរឿង The Untamed ប្រជាប្រិយភាព Wang Yibo និង Xiao Zhan ឡើងកូដសាហាវខ្លាំង

ជាការពិតណាស់ នៅក្នុងវិស័យសិល្បះរបស់ប្រទេសចិននាពេលបច្ចុប្បន្នគឺកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា មិនថាតារាសម្ដែង រឺក៏តារាចម្រៀងនោះទេ គឺទាមទារឲ្យពួកគេមានសមត្ថភាពខ្ពស់ គួបផ្សំជាមួយរូបសម្រស់ដ៏ទាក់ទាញ។ មិនតែប៉ុណ្ណោះ តារាចិនជំនាន់ក្រោយក៏កើនឡើងជាលំដាប់ឥតឈប់ឈរ ដែលជាហេតុធ្វើឲ្យទីផ្សារកាន់តែមានការប្រកួតប្រជែងយ៉ាងខ្លាំងសម្រាប់ពួកគេ។ យ៉ាងណាមិញគេក៏សង្កេតឃើញថាមានតារាសម្ដែងប្រុសចិន ២ រូបដែលឡើងកូតខ្លាំងក្នុងឆ្នាំ ២០១៩ នេះ រហូតដល់ទប់លែងជាប់តែម្ដង។

តារាសម្ដែងប្រុស Wang Yibo និង Xiaozhan ត្រូវបានអ្នកគាំទ្រជាច្រើនស្គាល់ថាជាតួឯកប្រុសក្នុងរឿងភាគចិនដ៏ល្បី «The Untamed»។ ថ្វីបើរឿងភាគមួយនេះ បានបញ្ចប់ការចាក់ផ្សាយអស់រយៈពេលជិត ៣ ខែ ទៅហើយក្ដី ក៏ប៉ុន្ដែបើក្រឡេកមកមើលប្រជាប្រិយរបស់តារាសម្ដែងប្រុសទាំងពីរនេះវិញ គឺនៅបន្ដកើនឡើងរហូតឥតឈប់ឈរ រហូតដល់ទទួលបានរឿងភាគសម្ដែង និងស្បតពាណិជ្ជកម្មថតពេញដៃតែម្ដង។

ជាងនេះទៅទៀត ពួកគេទាំងពីរក៏បានឈរជាប់នៅលើកំពូលតារាងបញ្ជីតារាសម្ដែងដែលមានប្រជាប្រិយភាព​ និងបានឈ្នះពានរង្វាន់ជាច្រើនសម្រាប់រឿងភាគដ៏ល្បីនេះផងដែរ ។ គួររំលឹកផងដែរ នាពេលបច្ចុប្បន្ន Wang Yibo និង XiaoZhan ត្រូវបានគេចាត់ទុកជាតារាសម្ដែងប្រុសចិនដ៏មានឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រទេសចិន ពីព្រោះតែពួកគេបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើនជាមួយនឹងសមត្ថភាពដ៏ប៉ិនប្រសប់ និងរូបសម្រស់ដ៏ស្រស់សង្ហាររបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា រឿងភាគ «The Untamed» ជារឿងភាគដ៏ល្បីល្បាញក្នុងឆ្នាំ ២០១៩ ដែលនិយាយអំពីមិត្តភាពស្លាប់រស់របស់តួអង្គ ២ នាក់ ដែលត្រូវឆ្លងកាត់ឧបសគ្គជាច្រើនក្នុងដំណើរផ្សងព្រេងរបស់ពួកគេ៕

 

អត្ថបទដោយ៖ ស្រីពេជ្រ