តារាសម្ដែងស្រីដែលធ្លាប់តែមានសម្រស់លេចធ្លោរក្មេងវ័យតួឯកស្រី Janie Tienphosuwan បង្ហោះសារក្នុងបណ្ដាញសង្គមលាផ្លូវលោកដើរតាមផ្លូវព្រះធម៌ ជូនបុណ្យជូនកុសលដល់មិត្តៗអ្នកគាំទ្រនាងជាច្រើនឆ្នាំកន្លងមកនេះនិងប្រាប់ថាពេលនេះរូបនាងបានស្លៀកសពាក់សកាត់សក់ធ្វើពិធីបំបួសជាដូនជីរួចហើយផងដែរ។ មានអ្នកសិល្បៈជាច្រើនរូបបានមកចូលរួមកម្មវិធីបំបួសរបស់តួឯកស្រី Janie ហើយក្នុងនោះក៏មានតារាប្រុសលោក Aum Artichart ដែលត្រូវបានគេដឹងថាជាមិត្ដសម្លាញ់ជិតស្និទ្ធរបស់តារាស្រី Janie មកជាច្រើនឆ្នាំ ក៏៏បានមកចូលរួមផងដែរ។
ដោយតារាស្រី Janie Tienphosuwan ពិតជាធ្វើឲមិត្តអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងសសើររូបនាងមិនតិចដែរ ដែលរូបនាងបានជ្រើសរើសបោះបង់អាជីពជាអ្នកសម្ដែងហើយងាកមកដើរផ្លូវព្រះធម៌តាំងចិត្តស្ងប់ស្ងាត់លាផ្លូវលោក។ ព្រោះកាលពីប៉ុន្មានខែកន្លងទៅនេះរូបនាងក៏បានបែកធ្លាយដំណឹងចំណងស្នេហាគ្រួសារបែកបាក់ចែកផ្លូវគ្នាជាមួយនឹងស្វាមីលោក Nol Allapach រួចរាល់ហើយផងដែរ។ បែកបាក់ស្នេហាជាមេម៉ាយចាយរាងមិត្តៗអ្នកគាំទ្រនឹកស្មានថារូបនាងនឹងត្រលប់មកក្នុងវិស័យការសម្ដែងវិញ ព្រោះនាពេលកន្លងមករូបនាងតែងមានស្នាដៃការសម្ដែងល្អមិនថាជាតួកាចឆ្នាស់ឬតួស្លូតនិងធ្វើឲល្បីក្នុងរឿងភាគជាច្រើន។ ថែមមានពាក្យចចាមអារ៉ាមថារូបនាងកំពុងសំងំសាងស្នេហាក្រៅឆាកជាមួយតារាប្រុសលោក Aum Artichart តែត្រូវបានរូបនាងបដិសេដហើយផងដែរ។ ផ្ទុយទៅវិញតារាស្រី Janie Tienphosuwan មិនត្រឹមតែមិនបានមកប្រឡូកក្នុងការសម្ដែងវិញនោះឡើយ រូបនាងក៏បានលាទាំងផ្លូវលោក ចូលពិធីបំបួសតាំងចិត្តរៀនធម៌ធ្វើជាដូនជីហើយផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ