ជាការពិតណាស់ Zhao Liying គឺជាកំពូលតារាស្រីលំដាប់ A របស់ប្រទេសចិនមួយរូប ហេតុដូចនេះហើយសកម្មភាពរបស់នាងតែងតែត្រូវទទួលបានការចាប់អារម្មណ៍ពីមហាជន មិនតែប៉ុណ្ណោះសូម្បីតែរឿងភាគថ្មីរបស់នាងក៏ត្រូវបានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំទស្សនាផងដែរ។
ប្រិយមិត្តក៏បានជ្រាបរួចមកហើយថាបន្ទាប់ពីសម្រាលបុត្ររួច តារាស្រីរូបស្រស់នេះនឹងត្រៀមត្រលប់មកវិញជាមួយរឿងភាគដ៏ថ្មីស្រឡាងដែលមានចំណងជើងថា «Legend Of Fei» ហើយរឿងភាគមួយនេះ នាងនឹងត្រូវចាប់ដៃគូសម្ដែងជាមួយតារាប្រុសវ័យក្មេងដែលមានទេពកោសល្យ Wang Yibo។
យ៉ាងណាមិញ រឿងភាគមួយនេះមិនទាន់ថតបានប៉ុន្មានផងក៏ស្រាប់តែមានបញ្ហាកើតឡើង ដោយមានអ្នកគាំទ្រជាច្រើនបានរិះគន់ថាសម្លៀកបំពាក់របស់តួសម្ដែងមិនស្រស់ស្អាតមើលទៅយ៉ាប់ខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ តារាស្រីរូបស្រស់ Zhao Liying ក៏បានបង្ហោះរូបភាព ប៊ឺហ្គឺ ពីរនៅលើបណ្ដាញសង្គម Weibo របស់នាង ថ្វីត្បិតតែមិនបានភ្ជាប់ជាមួយពាក្យពេចន៍អ្វីក៏ដោយ ប៉ុន្ដែរូបនេះគឺសំដៅទៅលើគុណភាពរបស់ប្រលោមលោក និងរឿងភាគដែលបានថត ពោលគឺ ប៊ឺហ្គឺ ដែលថ្លៃប្រៀបបាននឹងប្រលោមលោកដើម ខណៈ ប៊ឺហ្គឺ ដែលអន់ប្រៀបបាននឹងរឿងភាគដែលនាងកំពុងសម្ដែង។
គួររំលឹកផងដែរថា រឿងភាគមួយនេះមានការកែតម្រូវសាច់រឿងជាច្រើនដែលស្ទើរតែខុសពីរឿងប្រលោមលោកដើមទាំងស្រុងដែលជាហេតុធ្វើឲ្យទាំងតារាសម្ដែង និងអ្នកនិពន្ធប្រលោមលោករឿង «Legend Of Fei» ផ្ទាល់តែម្ដងមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេ៕
ប្រភព៖ Dramapanda
អត្ថបទដោយ៖ ស្រីពេជ្រ