មិននឹកស្មាន! Angelababy និង Zhengshuang ត្រូវអ្នកកាសែតធ្វើរឿងហួសហេតុដាក់ដល់ថ្នាក់នេះ!

ជាការពិតណាស់ ជីវិតជាតារាគឺចៀសមិនផុតឡើយពីការតាមប្រមាញ់រូបភាព និងពត៌មាន ពីអ្នកកាសែត ហើយបើសិនជាតារាល្បីដែលមានកេរ្ដិ៍ឈ្មោះល្បីលំដាប់ប្រទេសទៀតនោះ ច្បាស់ជាជីវិតឯកជនរស់នៅមិនបានសុខឡើយ។

ជាក់ស្ដែង ដូចជាតារាស្រីរូបស្រស់ Angelababay  និង Zheng Shuang តែម្ដង ពួកគេតែងតែត្រូវបានក្រុមអ្នកកាសែត Daipai តាមប្រមាញ់រូបភាព និងរំខានជារឿយៗ ក៏ព្រោះតែពួកគេទាំងពីរជាតារាស្រីដែលកំពុងមានប្រជាប្រិយភាពនៅក្នុងប្រទេសចិន។

កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រីរូបស្រស់ Zheng Shuang ដែលជាតួឯកស្រីក្នុងរឿង «Love O2O» ត្រូវបានអ្នកកាសែតតាមប្រមាញ់រូបយ៉ាងស្អិត ខណៈពេលដែលនាងទៅធ្វើដំណើរកំសាន្ដលក្ខណៈឯកជន រហូតដល់ធ្វើឲ្យតារាស្រីរូបស្រស់នេះត្រូវរត់គេចទៅរកកន្លែងសុវត្ថិភាពក្នុងព្រលានយន្ដហោះតែម្ដង។

បើនិយាយពី Angelababy វិញ គឺកាន់តែយ៉ាប់ បន្ទាប់ពីនាងត្រូវបានក្រុមអ្នកកាសែតអស់ទាំងនោះតាមស្អិតពេក ធ្វើឲ្យអ្នកគាំទ្ររបស់នាងដែលស្ថិតក្នុងស្ថានភាពនោះបានចូលទៅជួយ ហើយក្រុមអ្នកកាសែត Daipai នោះក៏ឈានដល់ការប្រើអំពើហឹង្សាទៅលើអ្នកគាំទ្ររបស់តារាស្រីរូបនេះតែម្ដង។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកកាសែត Daipai គឺជាពួកអ្នកប្រមាញ់រូបភាពដ៏ជំនាញរបស់តារា ដែលពួកគេត្រូវបានជួលដោយសំណាក់អ្នកគាំទ្រងប់ងល់ឲ្យទៅថតរូបតារាដែលពួកគេស្រលាញ់ពេញចិត្ត៕

អត្ថបទដោយ៖ ស្រីពេជ្រ