សោកស្ដាយខ្លាំង! ជំងឺបាក់ទឹកចិត្តបានឆក់យកជីវិតតារាកូរ៉េ 3 រូប ក្នុងឆ្នាំ 2019

ជំងឺបាក់ទឹកចិត្តគឺកំពុងក្លាយជាបញ្ហាចោទមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសគឺនៅប្រទេសកូរ៉េខាងត្បូងតែម្ដង អត្រាអ្នកស្លាប់ដោយការធ្វើអត្តឃាត ដោយសារជំងឺបាក់ទឹកចិត្តកើនឡើងជាបន្ដបន្ទាប់។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះក៏មានតារាកូរ៉េ ៣ រូបផងដែរ។

១. តារាសម្ដែង Jeon Min Sun

តារាស្រីជើងចាស់ដ៏មានទេពកោសល្យ Jeon Mi Seon ដែលបង្ហាញខ្លួនតាមរយៈរឿងភាគជាច្រើន ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងសណ្ឋាគារមួយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្នុងវ័យ ៤៩ ឆ្នាំ។ មូលហេតុដែលធ្វើឲ្យតារាសម្ដែងស្រីរូបនេះ សម្រេចចិត្តធ្វើអត្តឃាត គឺកើតចេញពីបញ្ហានៅក្នុងគ្រួសារ។

២. តារាចម្រៀង Sulli អតីតសមាជិកក្រុមចម្រៀង F(X)

រីឯ Sulli បានសម្រេចចិត្តធ្វើអត្តឃាត នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៩ ក្នុងវ័យ ២៥ ឆ្នាំ ។ ហេតុផលដែលធ្វើឲ្យនាងសម្រេចបញ្ចប់ជីវិតបែបនេះ ពីព្រោះតែនាងទ្រាំទ្រ និងពាក្យម៉ាក់ងាយប្រមាថអាក្រក់ពីមនុស្សនៅជុំវិញខ្លួនមិនបាន ហើយខកចិត្តនឹងរឿងជាច្រើនក្នុងជីវិតរបស់នាង៕

៣. តារាចម្រៀង Goo Hara អតីតសមាជិកក្រុម KARA

ចំណែកឯ Goo Hara វិញ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាង នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវ័យ ២៨ ឆ្នាំ។ នាងធ្លាប់ត្រូវបាន​អតីត​មិត្ត​ប្រុសប្រើ​​អំពើ​ហិង្សាលើរូបនាង និងគំរាមបង្ហោះ​វីដេអូអាក្រាតរបស់នាងកាលពី ២០១៨ ដែលជាហេតុធ្វើឲ្យរូបនាង ទទួលរងនូវភាពអាម៉ាស និងការប្រមាថយ៉ាងធ្ងន់ធ្ងរពីមហាជន ហើយសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួនតែម្ដង៕

អត្ថបទដោយ៖​ ស្រីពេជ្រ