សៀវឡុងនី ឆ្នាំ 1995 បង្ហើបប្រាប់ពីមូលហេតុដែលនាង និងយ៉ាងគួរ មិនអាចក្លាយជាគូស្នេហ៍នៅក្រៅឆាក

ប្រសិនបើនិយាយពីរឿងភាគ «The Condor Heroes» រឺក៏និយាយឲ្យស្រួលស្ដាប់ទៅ យ៉ាងគួរ និង សៀវឡុងនី គ្មានប្រិយមិត្តដែលជាអ្នកគាំទ្ររឿងភាគចិនណាមិនស្គាល់នោះទេ ពីព្រោះថារឿងមួយនេះជារឿងភាគដ៏ល្បីមួយរបស់ប្រទេសចិន ហើយមានការថតឡើងវិញជាច្រើនលើកច្រើនសារ។

យ៉ាងណាមិញ រឿងភាគ យ៉ាងគួរ និង សៀវឡុងនី ឆ្នាំ ១៩៩៥ ដែលសម្ដែងដោយតារាស្រី Carmen Lee និងតារាសម្ដែងប្រុស Louis Koo ពិតជាទទួលបានការគាំទ្រជាខ្លាំង បើទោះជារឿងភាគមួយនេះមានអាយុកាលជាង ២៤ ឆ្នាំ ទៅហើយក៏ពិតមែន ប៉ុន្ដែនៅតែមានមហាជន និងអ្នកគាំទ្រជាច្រើនចង់ឃើញអ្នកទាំងពីរក្លាយជាគូស្នេហ៍ពិតប្រាកដ។

កាលពីថ្មីៗ នេះ តារាស្រីជើងចាស់វ័យ ៤៦ ឆ្នាំ Carmen Lee ត្រូវបានគេចោទសួរក្នុងបទសម្ភាសមួយថា ហេតុអ្វីបានជារូបនាង និងលោក  Louis Koo មិនអាចក្លាយជាគូស្នេហ៍ក្រៅឆាកបាន ។ តារាស្រីនោះក៏បានប្រាប់ថា «នៅពេលដែលសម្ដែងរួមគ្នា ពួកយើងទាំងពីរ ពិតជាខិតខំប្រឹងប្រែងដាក់អារម្មណ៍ ដែលធ្វើឲ្យយើងទាំងពីរសម្ដែងស៊ីសង្វាក់គ្នាបានល្អ រហូតដល់ធ្វើឲ្យយើងពិតជាមើលទៅដូចគូស្នេហ៍ពិតៗ ក្នុងរឿង សៀវឡុងនី ពិតជាស្រលាញ់ យ៉ាងគួរ ក៏ប៉ុន្ដែជីវិតពិត និងរឿងភាគគឺមិនដូចគ្នាឡើយ ពេលដែលយើងសម្ដែងចប់យើងទាំងពីរត្រូវត្រលប់មកជាខ្លួនឯងវិញ»។ តារាស្រីរូបនេះក៏បានបន្ថែមទៀតថា «ពួកយើងទាំងពីរជាដៃគូសម្ដែងដ៏ល្អ ប្រសិនបើមានឱកាសរូបនាងពិតជាចង់សហការជាមួយតារាសម្ដែងប្រុស Louis Koo ម្ដងទៀត»។

ប្រភព៖ 38jiejie

អត្ថបទដោយ៖ ស្រីពេជ្រ