នេះ Angelababy សម្ដែងអន់ដល់ថ្នាក់អ្នកគាំទ្រតារាសម្ដែងប្រុសរូបនេះ មិនចង់ឲ្យនាងសហការជាមួយ?

ដូចពាក្យគេថាកាន់តែមានប្រជាប្រិយភាព កាន់តែលេចធ្លោ កាន់តែមានគេរង់ចាំរិះគន់ ថ្វីបើតារាស្រីរូបស្រស់ Angelababy ជាតារាស្រីជួរមុខលំដាប់ A របស់ប្រទេសចិនក៏ពិតមែន ប៉ុន្ដែនាងក៏ជាតារាស្រីមួយរូបដែលតែងតែមានអ្នករង់ចាំរិះគន់ឥតឈប់ឈរ មិនថាទាំងជីវិតឯកជន រឺក៏ជីវិតក្នុងវិថីសិល្បះនោះទេ។

​កាលពីថ្មីៗ នេះ ក៏មានដំណឹងលេចលឺថា តារាស្រីរូបនេះប្រហែលជាអាចនឹងចូលរួមសម្ដែងក្នុងរឿងភាគដ៏ថ្មីស្រឡាងដែលមានចំណងជើងថា «Walk Through Fire For You» ហើយអាចនឹងចាប់ដៃគូសម្ដែងជាមួយតារាប្រុសរូបសង្ហារដែលមានថ្វីដៃសម្ដែងដ៏ប៉ិនប្រសប់ និងកំពុងមានប្រជាប្រិយភាព Li Xian។

យ៉ាងណាមិញ គ្រាន់តែមហាជន និងអ្នកគាំទ្ររបស់តារាប្រុសរូបនេះ ទទួលបានដំណឹងនេះភ្លាមពួកគេហាក់ដូចជាមិនសប្បាយចិត្តនោះទេ ពីព្រោះថាថ្វីបើសម្រស់ និងប្រជាប្រិយភាព Angelababy ពិតជាស្រស់ស្អាតលេចធ្លោខ្លាំង ក៏ប៉ុន្ដែស្នាដៃសម្ដែងរបស់នាងហាក់ដូចជានៅមានកម្រិតនៅឡើយបើប្រៀបធៀបទៅនឹងតារាស្រីលំដាប់ A របស់ប្រទេសចិនផ្សេងទៀត។

មែនទែនទៅ Angelababy និង LiXian គ្រាន់តែជាគូមួយក្នុងចំណោមគូជាច្រើនទៀតដែលក្រុមអ្នកផលិតរឿងភាគមួយនេះបានជ្រើសយកមកពិចារណា តែក្រោយពីមានមតិរិះគន់ច្រើនពេកថា គូមួយនេះមិនសមគ្នា ពួកគេទាំងពីរប្រហែលជាអស់ឱកាសនឹងបានសម្ដែងរួមគ្នាក្នុងរឿងភាគមួយនេះហើយ។

គួររំលឹកផងដែរថា រឿង «Walk Through Fire For You» ក៏ជារឿងមួយដែលមានប្រភពចេញពីសៀវភៅប្រលោមលោកដ៏ល្បីមួយផងដែរ ដូច្នេះអ្នកគាំទ្ររបស់សៀវភៅមួយនេះពិតជាចង់បាននូវតួសម្ដែងដែលសាកសម៕

ប្រភព៖ 38jiejie

អត្ថបទដោយ៖ ស្រីពេជ្រ