ហេតុតែស្រលាញ់កូន! មានផ្ទៃពោះកំឡុងពេលថតរឿងភាគថ្មី Tiffany Tang ជួលអ្នកមើលការខុសត្រូវរហូតដល់ទៅ 50 នាក់
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្ដែងស្រីលំដាប់ A Tiffany Tang ទើបតែបានរៀបអាពាហ៍ពិពាហ៍កសាងគ្រួសារដ៏មានសុភមង្គលជាមួយតារាសម្ដែងប្រុស Luo Jin។ អ្វីដែលគួរឲ្យរីករាយសម្រាប់គូស្វាមីភរិយាមួយគូនេះ គឺពួកគេមានលាភសំណាងទទួលបានបុត្រទាំងដែលមិនទាន់រៀបអាពាហ៍ពិពាហ៍បានប៉ុន្មានផង។
ប៉ុន្ដែការលំបាកសម្រាប់តារាស្រីលំដាប់ A រូបនេះ គឺនាងត្រូវថតរឿងភាគថ្មីរបស់នាងដែលមានចំណងជើងថា «The Legend of Xiao Chuo» ទាំងកំពុងមានផ្ទៃពោះ វាពិតជាក្ដីកង្វល់មួយដោយហេតុថា រូបនាងមានឈុតឆាកគ្រោះថ្នាក់ជាច្រើនត្រូវសម្ដែងដូចជាជិះសេះក្នុងល្បឿនលឿន និងឈុតឆាកវាយប្រហារផ្សេងៗ ទៀត។
បែបនេះហើយទើបតារាស្រីរូបនេះ ជួលមនុស្សប្រមាណដល់ទៅ ៥០ នាក់ ដែលក្នុងនោះរួមមានដូចជា ជំនួយការផ្ទាល់ខ្លួន អ្នកផាត់មុខ អ្នករៀបចំខ្លួន អ្នកបើកបរ អ្នកពិនិត្យកន្លែងថត និងផ្សេងៗទៀត សម្រាប់មើលការខុសត្រូវនាង ដើម្បីធានាថារូបនាង និងកូនមានសុវត្ថិភាពកំឡុងពេលថត៕
ប្រភព៖ jaynestars
អត្ថបទដោយ៖ ស្រីពេជ្រ