តារាសម្ដែងហុងកុងជើងចាស់ជំនាញខាងកុងហ្វូ ដែលត្រៀមខ្លួនត្រលប់មកជាមួយខ្សែភាពយន្ដថ្មី IP Man 4 កុំកុំ បានបង្ហើបពីឈ្មោះតារាសម្ដែងប្រុសដែលអាចនឹងជំនួសតំណែងរបស់ខ្លួនក្លាយជា ស្ដេចកុងហ្វូ។
កាលពីថ្មីៗ នេះ កំឡុងពេលធ្វើសន្និសិទ្ធកាសែតទាក់ទងនឹងខ្សែភាពយន្ដដ៏ល្បីល្បាញ IP Man 4 តារាសម្ដែងដ៏ឆ្នើមរូបនេះ ត្រូវបានអ្នកកាសែតចោទសួរថា “តើលោកគិតថាតារាសម្ដែងប្រុសជំនាន់ក្រោយរូបណាដែលអាចជំនួសតំណែងរបស់លោកបាន?”
មិនបង្អង់យូរ តារាវ័យ ៥៦ ឆ្នាំ រូបនេះក៏បាន និយាយថា “តារាសម្ដែងប្រុស Nicholas Tse ជាតារាសម្ដែងប្រុសដ៏សាកសមមួយរូប ដោយហេតុថា រូបគេជាតារាសម្ដែងដែលមានទេពកោសល្យទាំងខាងសម្ដែង និងខាងក្បាច់គុណ កុងហ្វូ តែនេះគ្រាន់តែជាការគិតរបស់ខ្ញុំតែប៉ុណ្ណោះ អ្វីដែលសំខាន់គឺ Nicholas ថាតើខ្លួនរបស់គេមានចំណាប់អារម្មណ៍ និងចង់ដើរតាមគន្លងរបស់លោកដែរ រឺក៏អត់?”
គួររំលឹកផងដែរថា តារាសម្ដែងប្រុស Nicholas Tse ជាតារាសម្ដែងដ៏មានទេពកោសល្យមួយរូបដែលធ្លាប់បានបង្ហាញខ្លួនក្នុងរឿងភាគ និងខ្សែភាពយន្ដល្បីៗ ជាច្រើន៕
អត្ថបទដោយ៖ ស្រីពេជ្រ