ធ្វើរឿងមួយនេះភ្លាម! Luhan ធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនរំជួលចិត្តតែម្ដង

ជាការពិតណាស់ ពេលខ្លះនិមិត្តរូបក្នុងចិត្តរបស់អ្នកក៏ជាចំណែកមួយដែលធ្វើឲ្យជីវិតមានភាពស្រស់បំព្រង និងរីករាយផងដែរ។ ជាក់ស្ដែង អ្នកគាំទ្រជាច្រើនទទួលបានការលើកទឹកចិត្តពីនិមិត្តរូបរបស់ពួកគេដែលធ្វើឲ្យពួកគេមានភាពរឹងមាំ។

កាលពីថ្មីៗ កន្លងទៅនេះ តារាចម្រៀងចិន និងតារាសម្ដែងដែលកំពុងមានប្រជាប្រិយភាពមិនថាតែនៅក្នុង និងក្រៅប្រទេស Luhan បានធ្វើឲ្យអ្នកគាំទ្ររបស់លោកជាច្រើនរំជួលចិត្ត។

ត្រលប់ទៅកាលពីឆ្នាំ ២០១៥ មានអ្នកគាំទ្រជនជាតិ អ៊ីរ៉ាក់ ម្នាក់របស់តារាប្រុសរូបសង្ហារនេះ មានឈ្មោះថា Baraa បានផ្ងើរសារទៅកាន់តារាប្រុសរូបនេះក្នុងបណ្ដាញសង្គម Weibo ថា “សួស្ដី! Luhan ខ្ញុំគឺជាអ្នកគាំទ្ររបស់អ្នកមកពីប្រទេស អ៊ីរ៉ាក់! ខ្ញុំចង់ប្រាប់ទៅកាន់អ្នកថា អ្នកជាមនុស្សដែលអាចធ្វើឲ្យខ្ញុំមានស្នាមញញឹម រស់នៅទីនេះពិតជាពិបាកដែលត្រូវឃើញមនុស្សស្លាប់ជារៀងរាល់ថ្ងៃក្នុងភ្លើងសង្គ្រាម ប៉ុន្ដែអ្នកបានធ្វើឲ្យខ្ញុំធូរស្បើយ។ អរគុណដែលបានបង្ហាញខ្លួនក្នុងឆាកជីវិតរបស់ខ្ញុំ ខ្ញុំនឹងបន្ដការគាំទ្រអ្នកជារៀងរហូត។”

ក្រោយពីបានឃើញមតិរបស់អ្នកគាំទ្រនិយាយបែបនេះ មិនបង្អង់យូរ តារាប្រុសរូបនេះក៏តបទៅវិញថា “មិនថាអ្នករស់នៅទីណា ដាច់ខាតមិនត្រូវអស់សង្ឈឹមឡើយ អរគុណចំពោះការគាំទ្រ។”

៤ ឆ្នាំក្រោយ ពោលគឺឆ្នាំ ២០១៩ អ្នកគាំទ្រដដែលនោះក៏បានផ្ងើរសារ និងបានបញ្ចេញមតិនៅលើបណ្ដាញសង្គមរបស់ Luhan ដោយប្រាប់ពីបំណងប្រាថ្នារបស់នាងទៅកាន់តារាប្រុសរូបនេះ អ្វីដែលគួរឲ្យរំភើបនោះគឺរូបលោកនៅចាំរូបនាង ហើយលោកបានចំណាយពេលទៅស្វែងរកមតិយោបល់ដែលនាងបានបញ្ចេញក្នុងចំណោមមតិយោបល់រាប់ម៉ឺនហើយឆ្លើយតបថា “ជូនពរអ្នកសម្រេចនូវបំណងគ្រប់យ៉ាង”។

ក្រោយពីបានឃើញបែបនេះ​ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា តារាទាំងអស់គួរតែយកចិត្តទុកដាក់ជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនដូចជារូបលោក៕

ប្រភព៖ JieJie38

អត្ថបទដោយ៖ ស្រីពេជ្រ