ជាតារាស្រីលំដាប់ A របស់ប្រទេសចិនដែលមានប្រជាប្រិយភាពខ្លាំងមិនធម្មតា និងថែមទាំងមានអ្នកតាមដាន(Followers) ក្នុងបណ្ដាញសង្គម Weibo ដល់ទៅជាង ១០០ លាននាក់ ដូច្នេះជីវិតរបស់ Angelababy ចៀសមិនផុតឡើយពីមតិរិះគន់គ្រប់បែបយ៉ាង។
ឆ្លៀតក្នុងឱកាសពេលដែលបានចូលរួមក្នុងកម្មវិធី Tasty life 3 美食告白记 第3季 តារាស្រីរូបនេះក៏បញ្ចេញមតិទាក់ទងទៅទៅនឹងអ្នករិះគន់នាងថា “មានមនុស្ស និងតារាជាច្រើនតែងតែមានអារម្មណ៍វិលវល់ ភ័យខ្លាច ស្មុគស្មាញ ហើយមិនដឹងប្រឈមមុខបែបណា នៅពេលដែលត្រូវមហាជនជាច្រើនរិះគន់ ប៉ុន្ដែសំរាប់រូបនាងវិញ នាងបានដឹងគ្រប់យ៉ាង និងតែងតែឃើញគេនិយាយអាក្រក់ពីនាង នាងមានអារម្មណ៍ថាពួកគេដូចជាម្ដាយរបស់នាងអញ្ចឹងដែលតែងតែរអ៊ូរទាំចង់ឲ្យនាងបានល្អ។ នាងគិតថា មហាជនទាំងនោះមិនមានគំនិតអាក្រក់នោះទេ ពួកគេរិះគន់ប្រហែលមកពីគ្រាន់តែចង់ឲ្យនាងកែនូវចំណុចដែលខ្វះខាតប៉ុណ្ណោះ”។
តារាស្រីរូបនេះក៏បានបន្ថែមទៀតថា “កាលពី ១០ ឆ្នាំមុន នៅពេលដែលនាងត្រូវបានក្រុមអ្នកកាសែត រិះគន់ និងសរសេរពត៌មានអាក្រក់ៗ នាងពិតជាមានអារម្មណ៍ថាខឹងសម្បារយ៉ាងខ្លាំង តែពេលវេលាបានបង្រៀនឲ្យនាងមានគំនិតចាស់ទុំជាងមុនហើយគិតថា ពួកគេប្រហែលជាមិនស្អប់នាងនោះទេ គ្រាន់តែនេះជាការងាររបស់ពួកគេដែលត្រូវធ្វើប៉ុណ្ណោះ”៕
ប្រភព៖ 38jiejie
អត្ថបទដោយ៖ ស្រីពេជ្រ