ថ្វីបើជាតារាស្រីចិនកំពុងមានប្រជាប្រិយភាព និងមានតម្លៃខ្លួនខ្ពស់កប់ពពក តែបើនិយាយពីចំណងស្នេហារបស់តួឯកស្រីរឿង “Love O2O” Zheng Shuang ហាក់ដូចជាមិនសមប្រកបឡើយ។
យ៉ាងណាមិញ ក្រោយពីប្រកាសទំនាក់ទំនងស្នេហារបស់នាង និងគូសង្សារលោក Zhang Heng កាលពីឆ្នាំមុន អ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ ហាក់ដូចជាមិនសូវពេញចិត្តប៉ុន្មានទេ ដោយហេតុថាលោក Zhang Heng មានអត្តចរិកមិនសូវទន់ភ្លន់ និងមើលទៅដូចជាមិនសូវឲ្យតម្លៃទៅលើសង្សាររបស់ខ្លួន Zheng Shuang ទាល់តែសោះ។
គូស្នេហ៍មួយគូនេះក៏ត្រូវបានគេអញ្ជើញចូលរួមលេងក្នុងកម្មវិធីរួមគ្នាមួយដែលមានឈ្មោះថា Meeting Mr.Right 2 អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងគិតថាទំនាក់ទំនងរបស់អ្នកទាំងពីរដើរទៅមុខមិនរលូននោះគឺ កំឡុងពេលដែលលេងក្នុងកម្មវីធីនោះ តារាស្រីរូបស្រស់នេះក៏ធ្លាប់បាននិយាយថា “អ្វីៗ ប្រហែលជាប្រសើរជាងបើនាង និង Zhang Heng មិនមែនជាគូស្នេហ៍”។
គួររំលឹកផងដែរថា លោក Zhang He គឺជាអ្នកគ្រប់គ្រប់មើលការខុសត្រូវលើតារាស្រី Zheng Shuang មិនតែប៉ុណ្ណោះ ពួកគេក៏មានជំនួញធ្វើរួមគ្នាផងដែរ ប៉ុន្ដែអ្នកគាំទ្រជាច្រើនបានគិតថា បន្ទាប់ពីទាក់ទងគ្នារយៈពេលប្រមាណជាង ១ ឆ្នាំ អ្នកទាំងពីរប្រហែលជាអស់និស្ស័យជាសង្សារត្រឹមនេះហើយ ដោយហេតុថាជំនួញដែលធ្វើរួមគ្នាក៏បិទ ហើយលោក Zhang Heng ក៏ឈប់ធ្វើជាអ្នកគ្រប់គ្រងរបស់នាងដែរ។ ជុំវិញបញ្ហាទាំងអស់នេះ មិនទាន់មានការបកស្រាយពីសមីខ្លួនទាំងសងខាងទេ៕
ប្រភព៖ 38jiejie
អត្ថបទដោយ៖ ស្រីពេជ្រ