ឆ្នាំថ្មីគូថ្មីបើកឆាកភ្លាមតែម្ដង! ផលិតកម្ម SM និង JYP ដាច់ចិត្តប្រកាសពីទំនាក់ទំនង HeeChul និង Momo ហើយ
ជាការពិតណាស់ វាហាក់ដូចជាប្រពៃណីមួយទៅហើយសម្រាប់វិស័យ Kpop ដែលឆ្នាំថ្មី តែងតែមានគូស្នេហ៍ប្រកាសពីទំនាក់ទំនងស្នេហារបស់ពួកគេ។ សម្រាប់ឆ្នាំ ២០២០ នេះក៏មិនខុសពីឆ្នាំមុនដែរ ក៏មានគូស្នេហ៍ថ្មីបង្ហាញខ្លួនដើម្បីមកពញ្ញាក់អារម្មណ៍របស់អ្នកគាំទ្ររបស់ខ្លួន នោះគឺសមាជិកក្រុម Super Junior លោក Heechul និង សមាជិកក្រុមចម្រៀងនារី Twice កញ្ញា Momo។ បើយោងតាមផលិតកម្ម SM Entertainmet និង JYP Entertainment បានទទួលស្គាល់ថា តារាប្រុស ស្រី មួយគូនេះ ពិតជាមានទំនាក់ទំនងស្នេហានឹងគ្នាពិតប្រាកដមែន ហើយពួកគេបានទាក់ទងគ្នាមួយរយៈមកហើយ។
មែនទែនទៅ HeeChul និង Momo បានជួបគ្នាជាលើកដំបូងកាលពីឆ្នាំ ២០១៧ នៅពេលដែលបានចូលរួមកម្មវិធីរួមគ្នា ក្រោយមកទំនាក់ទំនងរបស់ពួកគេទាំងពីរក៏ហាក់ដូចជាមានភាពស្និទស្នាល និងល្អប្រសើរជាបន្ដបន្ទាប់ រហូតដល់ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាចង់ឃើញពួកគេក្លាយជាគូស្នេហ៍ជាខ្លាំង។ ឆ្នាំនេះតារាប្រុសរូបសង្ហារ Heechul មានវ័យ ៣៦ ឆ្នាំ ហើយខណៈស្រីស្រស់ Momo មានអាយុ ២៣ ឆ្នាំ។
គួររំលឹកផងដែរថា មុននឹងប្រកាសទំនាក់ទំនងជាផ្លូវការ Heechul និង Momo ក៏ធ្លាប់ត្រូវបានអ្នកគាំទ្រ និងបណ្ដាសារពត៌មានសង្ស័យជាច្រើនដងរួចមកហើយចំពោះទំនាក់ទំនងរបស់ពួកគេ៕
ប្រភព៖ Soompi
អត្ថបទដោយ៖ ស្រីពេជ្រ