តារាសម្ដែងប្រុស Jiang JinFu ប្ដឹងអតីតមិត្តស្រីរបស់ខ្លួនក្រោយរងការចោទប្រកាន់ថាប្រើអំពើហឹង្សាលើរូបនាង

ប្រិយមិត្ដដែលនិយមតាមដានរឿងភាគចិនប្រហែលជាបានស្គាល់តារាសម្ដែងប្រុស Jiang JinFu រួចមកហើយ ក៏ព្រោះតែលោកក៏ជាតារាសម្ដែងប្រុសចិនដែលមានប្រជាប្រិយភាពគួរសមមួយរូប ហើយនិងបានលេចមុខនៅក្នុងរឿងភាគចិនបុរាណជាច្រើន ដែលកេរ្ដិ៍ឈ្មោះរបស់លោកចាប់ផ្ដើមល្បីខ្លាំងក្នុងកំឡុងពេលដែលលោកមានឱកាសសម្ដែងក្នុងរឿង “Xuan Yuan Sword: Scar Of The Sky” តែម្ដង។

ប៉ុន្ដែក្រោយមកប្រជាប្រិយរបស់តារាសម្ដែងប្រុសរូបនេះក៏ហាក់ដូចជាធ្លាក់ចុះបន្ដិចម្ដងៗ នៅពេលដែលរូបលោកមានរឿងអាស្រូវប្រើអំពើហឹង្សាទៅលើរាងកាយរបស់មិត្តស្រីជនជាតិជប៉ុនរបស់លោក Haruka កាលពីឆ្នាំ ២០១៨។ មិនតែប៉ុណ្ណោះ ក្នុងកំឡុងខែ វិចិ្ឆកា ឆ្នាំ ២០១៩ តារាសម្ដែងប្រុសរូបនេះក៏មានអាស្រូវម្ដងទៀតក្រោយអតីតមិត្តស្រីរបស់លោកម្នាក់ទៀត Julieta បានចោទប្រកាន់លោកថារំលោភបំពានឃុំឃាំង ប្រើអំពើហឹង្សាលើរូបនាង បំផ្លាញរបស់របរ និងថែមទាំងគំរាមសម្លាប់ថែមទៀតផង ហើយវាក៏នៅតែជាពត៌មានក្ដៅគគុកមកទល់ពេលនេះ។

After Footer (Active) - damrei Mr1 Zone2

ដោយឡែកក្រោយពីឃើញអតីតមិត្តស្រីធ្វើបែបនេះ នៅថ្ងៃទី​៣ ខែ មករា ឆ្នាំ ២០២០ កន្លងទៅនេះ លោកក៏បានដាក់ពាក្យបណ្ដឹងប្ដឹងរូបនាងពីបទនិយាយកុហកហើយបំផ្លាញកេរ្ដិ៍ឈ្មោះរបស់លោក និងឲ្យរូបនាងចេញសុំទោសជាសាធារណៈ។ បន្ទាប់ពីទទួលបានលិខិតបណ្ដឹងអតីតមិត្តស្រីលោក Julieta បានបង្ហោះរឿងរ៉ាវ (Story) នៅក្នុងបណ្ដាញសង្គមអ៉ីនស្ដាក្រាមថា “នៅហ៊ានមកប្ដឹងខ្ញុំទៀត?” និងភ្ជាប់ជាមួយសារដែលម្ដាយលោក Jiang JinFu  បានសុំអង្វរខ្លួនថា “កុំប្រាប់អ្នកដទៃពីរឿងឲ្យសោះ” ដោយអាណិតទឹកចិត្តជាម្ដាយ និងមិនបានគិតច្រើននៅពេលនោះ រូបនាងក៏បានយល់ព្រមថាមិនប្រាប់អ្នកដទៃពីរឿងនេះ។

នាងក៏បានបញ្ជាក់ទៀតថា “នាងគ្មានអ្វីដែលត្រូវខ្លាចនោះទេ ពីព្រោះតែនាងនិយាយការពិត”។ មកទល់ពេលនេះ ភាគីទាំងសងខាងនៅតែប្រកាន់គោលជំហរយកត្រូវរៀងខ្លួនដែលជាហេតុធ្វើឲ្យបញ្ហាមិនទាន់បានដោះស្រាយនៅឡើយនោះទេ។

គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១៨ តារាសម្ដែងប្រុសរូបនេះ ត្រូវបានចោទប្រកាន់ថាបានវាយដំធ្វើបាបមិត្តស្រីជនជាតិជប៉ុនរបស់ខ្លួន Haruka រហូតដល់នាងរងរបួសធ្ងន់ រហូតដល់ត្រូវសម្រាកនៅមន្ទីពេទ្យជាច្រើនអាទិត្យ៕

ប្រភព៖ DramaPanda

អត្ថបទដោយ៖ ស្រីពេជ្រ