ក្រោយស្នេហាភេទដូចគ្នាមិនបានសមប្រកប! តារាសម្ដែងប្រុសតៃវ៉ាន់ Aaron Yan ប្រាប់ថាលែងទំនុកចិត្តលើនរណាទៀតហើយ
អ្នកដែលនិយមតាមដានរឿងភាគតៃវ៉ាន់ប្រហែលជាធ្លាប់បានឃើញនូវការសម្ដែងរបស់តារាសម្ដែងប្រុស Aaron Yan រួចមកហើយ ពីព្រោះតែលោកបានបង្ហាញខ្លួននៅក្នុងរឿងភាគមនោសញ្ចេតនាតៃវ៉ាន់។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ជាអតីតសមាជិកក្រុមចម្រៀងបុរសតៃវ៉ាន់ដ៏ល្បីដែលមានឈ្មោះថា “Fahrenheit” និងបានប្រឡូកក្នុងវិស័យសិល្បះអស់រយៈពេលប្រមាណ ១៥ ឆ្នាំមកហើយ។
អ្វីដែលគួរឲ្យភ្ងាក់ផ្អើលសម្រាប់អ្នកគាំទ្ររបស់លោកនោះគឺ លោកតារាប្រុសវ័យ ៣៤ ឆ្នាំរូបនេះ បានសារភាពកាលពីកំឡុងឆ្នាំ ២០១៨ ថា លោកគឺជាមនុស្សស្រលាញ់ភេទដូចគ្នា ហើយការស្រលាញ់នេះមិនមែនទើបតែពេលបច្ចុប្បន្ន ពោលគឺចាប់តាំងពីលោកមានវ័យជំទង់មកម៉្លេះ។
ប៉ុន្ដែស្នេហាភេទដូចគ្នារបស់លោកហាក់ដូចជាមិនសមប្រកបនោះឡើយ ដោយសារតែមានបញ្ហារកាំរកូស និងភ័ន្ដច្រលំជាច្រើនកើតឡើង។ លោកក៏បាននិយាយក្នុងបទសម្ភាស៍ថា “លោកជាប្រភេទមនុស្សដែលឆាប់មានទំនុកចិត្តទៅលើមនុស្សនៅជុំវិញខ្លួន តែក្រោយពីឆ្លងកាត់រឿងបែបនេះរួចហើយ រូបលោកពិតជាលែងមានទំនុកចិត្តលើនរណាទៀតហើយ”។
គួររំលឹកផងដែរថា នៅពេលដែលម្ដាយឳពុករបស់តារាតៃវ៉ាន់ប្រុសរូបនេះបានដឹងពីរឿងនេះ ពួកគាត់ពិតជាមានប្រតិកម្មខ្លាំងរហូតដល់គម្រាមសម្លាប់ខ្លួនថែមទៀតផង តារាប្រុសរូបនេះក៏បានឈ្លោះប្រកែកជាញឹកញាប់ជាមួយម្ដាយឳពុកដោយសារតែបញ្ហានេះ ប៉ុន្ដែពេលវេលាបានធ្វើឲ្យរឿងខ្លះបានល្អប្រសើរបច្ចុប្បន្នទំនាក់ទំនងរបស់អ្នកទាំងបីហាក់ដូចជាមានភាពគ្រាន់បើជាងមុន៕
ប្រភព៖ jaynestars
អត្ថបទដោយ៖ ស្រីពេជ្រ