ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា បច្ចុប្បន្នប្រទេសចិនកំពុងតែត្រូវរាតត្បាតដោយវីរុស រលាកសួត កូរ៉ូណា។ យោងតាមទន្និន័យចុងក្រោយបំផុតដែលបានចេញផ្សាយកាលពីយប់ថ្ងៃ អង្គារ បង្ហាញឲ្យដឹងថា មនុស្សជាង ១៣១ នាក់បានស្លាប់នៅក្នុងប្រទេសចិន និងជាង ៥ ៥៧១ នាក់បានឆ្លងវីរុសនេះនៅទូទាំងពិភពលោក។
ស្របពេលដែលវីរុសដ៏កាចសាហាវនេះកំពុងតែរាតត្បាតក៏ជាពេលដែលតារាស្រីល្បីលំដាប់ A ពីររូបគឺ Zhao LiYing និង YangMi កំពុងតែថតរឿងភាគថ្មីរបស់ពួកគេដើម្បីត្រៀមចាក់ផ្សាយនៅចុងឆ្នាំ ២០២០ នេះផងដែរ។
យ៉ាងណាមិញ ដោយស្ថានភាពនៅក្នុងប្រទេសចិនពេលនេះហាក់ដូចជាមានសភាពធ្ងន់ធ្ងរខ្លាំង និងដើម្បីធានានឹងរក្សាសុវត្ថិភាពរបស់តារាសម្ដែង ក៏ដូចជាក្រុមការងារផងនោះ ទើបក្រុមការងាររបស់រឿងភាគបុរាណ “Legend Of Fei” ដែលសម្ដែងដោយ តារាស្រី Zhao LiYing និងតារាសម្ដែងប្រុស Wang Yibo ហើយនឹងរឿងភាគ Thank You Doctor ដែលសម្ដែងដោយតារាស្រី YangMi និងតារាសម្ដែងប្រុស Bai Yu ប្រកាសផ្អាកថតជាបណ្ដោះអាសន្ន ដោយរង់ចាំឲ្យស្ថានភាពមានលក្ខណៈប្រសើរឡើងវិញសិនទើបបន្ដសកម្មភាពថតវិញ៕
អត្ថបទដោយ៖ ស្រីពេជ្រ