ប្រិយមិត្តប្រហែលជាស្គាល់រួចមកហើយនូវតារាស្រី Richy Oranate ដោយហេតុថារូបនាងបានលេចមុខនូវក្នុងរឿងភាគល្បី ‘Sorn Ngao Ruk’ ។មិនតែប៉ុណ្ណោះ ក្រោយពីបានសម្ដែងរឿងភាគនេះហើយភ្លាម តារាស្រីរូបនេះហាក់ដូចជាឡើងកូតស្រឺតៗ និងត្រូវបានអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ថា មានថ្វីដៃដ៏ប៉ិនប្រសប់ក្នុងការសម្ដែង។
បច្ចុប្បន្នតារាស្រីរូបស្រស់នេះ បានក្លាយខ្លួនជាតារាស្រីឯករាជ្យពីព្រោះថារូបនាងសម្រេចចិត្តមិនបន្ដកុងត្រាថ្មីជាមួយនឹងស្ថានីយទូរទស្សន៍បុស្ដិ៍លេខ ៣។ បែបនេះ ហើយទើបតារាស្រីរូបនេះមានឱកាសសម្ដែងក្នុងរឿងភាគថ្មីនៅឯស្ថានីយទូរទស្សន៍ ONE 31 ដែលមានចំណងជើងថា ‘Kor Kerd Mai Klai Klai Ter’។
អ្វីដែលកាន់តែពិសេសនោះគឺរូបនាងមានឱកាសបានសម្ដែងជាមួយតារាស្រីរាមច្បង Aff Taksaorn ហើយឆ្លៀតក្នុងឱកាសនោះនាងក៏បានបង្ហាញពីអារម្មណ៍ពិតរបស់នាងថា “នៅពេលដែលខ្ញុំបាននិយាយជាមួយនឹងបង Aff គាត់បានលើកទឹកចិត្តដល់រូបខ្ញុំជាច្រើន ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍រីករាយ និងមានកំលាំងចិត្តក្នុងការសម្ដែងថែមមួយកម្រិតទៀត។ កាលពីក្មេងខ្ញុំឧស្សាហ៍មើលរឿងភាគដែលគាត់សម្ដែង តែមិននឹកស្មានថាមានឱកាសបានសម្ដែងរួមគ្នាជាមួយនឹងគាត់សោះ”។
អត្ថបទដោយ៖ ស្រីពេជ្រ