ប្រិយមិត្តដែលជាអ្នកគាំទ្រនូវវិស័យ Kpop ជឿជាក់ថាគ្មាននរណាដែលមិនស្គាល់តារាចម្រៀងដ៏ល្បី និងជាសមាជិកក្រុមចម្រៀងបុរស Bigbang លោក G-Dragon នោះទេ។ មិនតែប៉ុណ្ណោះ តារាប្រុសដ៏មានទេពកោសល្យរូបរាងស្រស់សង្ហារល្បីឈ្មោះរូបនេះ ក៏តែងតែនាំយកនូវអ្វីដែលថ្មីៗ មកបង្ហាញដល់អ្នកគាំទ្ររបស់ខ្លួន។ ចុះបើល្បីបែបនេះ ចុះមានដែលឆ្ងល់ពីជីវិតស្នេហារបស់តារាប្រុសរូបនេះដែរ រឺទេ?
មែនទែនទៅ ចាប់តាំងពីចេញច្រៀងជាផ្លូវការមក តារាចម្រៀងដែលមានកេរ្ដិ៍ឈ្មោះល្បីរូបនេះ ត្រូវបានមហាជនកត់សម្គាល់ថា ហាក់ដូចជាមានពាក្យចចាមអារ៉ាមស្នេហាឥតឈប់ឈរ។ កាលពីឆ្នាំ ២០០៨ លោកធ្លាប់ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយ Sohee អតីតសមាជិកក្រុមនារី WonderGirl បន្ទាប់ពីអ្នកទាំងពីរមានឱកាសបានសម្ដែងរួមគ្នាលើឆាក ។
ក្នុងឆ្នាំ ២០១០ លោកត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយតារាម៉ូឌែលជប៉ុន Kiko Mizuhara ហើយពត៌មាននេះនៅតែបន្ដរហូតដល់ឆ្នាំ ២០១៤ ដោយហេតុថា អ្នកទាំងពីរតែងតែត្រូវគេថតរូបបាននៅជាមួយគ្នា។
អ្វីដែលគួរឲ្យភ្ងាក់ផ្អើលនោះ ក្នុងឆ្នាំ ២០១៥ លោកក៏ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយ Taeyeon ដែលជាសមាជិកក្រុមចម្រៀងដ៏ល្បី Girl Generation ពីព្រោះមានពាក្យចចាមអារ៉ាមថា តារាស្រីរូបនេះបានធ្វើឲ្យរូបលោកនឹកឃើញដល់ស្នេហាដំបូង។
លុះដល់ឆ្នាំ ២០១៦ ក៏ត្រូវបានគេសង្ស័យថាលួចមានទំនាក់ទំនងជាមួយតារាសម្ដែងស្រីជប៉ុន Nana Komatsuក្រោយពីអ្នកទាំងពីរមានឱកាសបានថតរូបទស្សនាវដ្ដីរួមគ្នា។
រីឯឆ្នាំ ២០១៧ លោកក៏ត្រូវអ្នកគាំទ្រសង្ស័យថាបានទាក់ទងជាមួយនឹងអតីតសមាជិកក្រុមចម្រៀង f(x) Sulli ដោយសារតែពួកគេត្រូវអ្នកគាំទ្រចាប់បានថាមានពាក់ចិញ្ចៀនដូចគ្នា និងត្រូវបានគេប្រទះឃើញថាអ្នកទាំងពីរទៅដើរលេងជាមួយគ្នាទៀតផង។
ខណៈចុងឆ្នាំ ២០១៧ លោកត្រូវបានគេសង្ស័យខ្លាំងមែនទែនថា មានទំនាក់ទំនងស្នេហាជាមួយសមាជិកក្រុមចម្រៀង Afterschool ដោយហេតុថាបែកធ្លាយរូបថតដែលអ្នកទាំងពីរថតនៅកន្លែងតែមួយនៅឯកោះ Jeju ខណៈក្រុម Dispatch ក៏បានបញ្ចេញពត៌មានថាអ្នកទាំងពីរពិតជានៅជាមួយគ្នាឯកោះ Jeju មែន។
យ៉ាងណាមិញ តារាប្រុសរូបនេះ មិនដែលទទួលស្គាល់នូវទំនាក់ទំនងដែលបានរៀបរាប់ខាងលើនេះទេ ដែលជាហេតុធ្វើឲ្យមនុស្សជាច្រើននៅតែមានចម្ងល់ ជាពិសេសអ្នកគាំទ្ររបស់លោកផ្ទាល់តែម្ដង៕
ប្រភព៖ koreaboo
អត្ថបទដោយ៖ ស្រីពេជ្រ