ច្រណែនណាស់! ស្រលាញ់គ្នា 24 ឆ្នាំហើយ Wu Chun និងភរិយានៅតែផ្អែមល្ហែម

ប្រិយមិត្តភាគច្រើន ប្រហែលជាបានស្គាល់នូវតារាចម្រៀង និងសម្ដែងប្រុសតៃវ៉ាន់ Wu Chun រួចមកហើយ ដោយហេតុថាលោកជាតារាតៃវ៉ាន់មួយរូបដែលមានឈ្មោះល្បីល្បាញគួរសម ជាពិសេសកំឡុងពេលដែលលោកជាសមាជិកក្រុមចម្រៀងបុរស Fahrenheit តែម្ដង។ មានទាំងរូបសម្រស់ស្រស់សង្ហារ និងសមត្ថភាពប៉ិនប្រសប់ មានអ្នកគាំទ្រមិនតិចនាក់ឡើយដែលលង់ស្រលាញ់រូបលោក។

ប៉ុន្ដែលោកក៏បានធ្វើឲ្យអ្នកគាំទ្រដែលស្រលាញ់គាំទ្រលោកជ្រាលជ្រៅខកខិត្តមិនតិចដែរ ពីព្រោះក្នុងឆ្នាំ ២០១៣ លោកបានប្រកាសថា លោកបានរៀបការរួចទៅហើយ។ មែនទៅ លោក និងភរិយារបស់លោកបានសេពគប់គ្នាចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ដែលពេលនោះអ្នកទាំងពីរទើបតែមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះ។

កាលពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ តារាប្រុសរូបនេះ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកដើម្បីអបអរគម្រប់ខួបស្នេហាលោក និងភរិយាដែលមានភ្ជាប់នូវពាក្យពេច៍ផ្អែមល្ហែមថា “ជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរ….ផ្លាស់ប្តូរកាន់តែប្រសើរ … នៅជាមួយអ្នកខ្ញុំមានអារម្មណ៍ថាពិតជារីករាយ និងពិសេស”។ តារាប្រុសរូបនេះក៏ទិញនូវកាដូសម្រាប់ភរិយារបស់ខ្លួនដែលភ្ជាប់ជាមួយនឹងសំបុត្រដែលមានអត្ថន័យ “ជូនចំពោះមិត្តដ៏ជិតស្និត ភរិយាដ៏ល្អបំផុត និងអ្នកម្ដាយដ៏ឆ្នើម រីករាយខួបលើកទី ២៤”។ ក្រោយពីឃើញបែបនេះ ក៏មានអ្នកគាំទ្រជាច្រើនបញ្ចេញមតិអបអរ និងស្ងើចសរសើរថា បើទោះជាកន្លងទៅជាង ២០ ឆ្នាំ ក៏ស្នេហារបស់ប្ដីប្រពន្ធមួយគូនេះនៅតែមិនផ្លាស់ប្ដូរ។

គួររំលឹកផងដែរថា តារាប្រុសវ័យ ៤០ ឆ្នាំរូបនេះមានកូន ២ នាក់ហើយ ខណៈជីវិតគ្រួសាររបស់លោកគឺរស់នៅយ៉ាងសាមញ្ញមិនសូវជាបើកចំហប៉ុន្មាននោះទេ។ លោកធ្លាប់បាននិយាយថា មូលហេតុដែលលោកធ្វើបែបនេះ ក៏ព្រោះតែចង់ការពារសុវត្ថិភាពរបស់គ្រួសាររបស់លោក ចង់ឲ្យពួកគេមានជីរិតសុខស្រួលគ្មានការរំខានយាយីពីអ្នកដទៃ៕

ប្រភព៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ