មូលហេតុបែបនេះ! ទើបរៀបការជាង ១៦ ឆ្នាំ Dicky Cheung អត់ព្រមយកកូនមួយគ្រាប់សោះ

អ្នកដែលនិយមតាមដាននូវរឿងភាគហុងកុង ជឿជាក់ថាភាគច្រើនសុទ្ធតែបានស្គាល់នូវតារាសម្ដែងប្រុសជើងចាស់ Dicky Cheung ហើយ ដោយហេតុថាលោកបានលេចមុខក្នុងរឿងភាគជាច្រើន ជាពិសេសគឺរឿង ស៊ុនអូខុង ឆ្នាំ ១៩៩៦ តែម្ដង។

ក្នុងឆ្នាំ ២០០៤ លោកនឹងតារាសម្ដែងស្រី Jess Zhang បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា និងសាងគ្រួសារដ៏មានសុភមង្គលមួយ។ មកទល់ពេលនេះគឺរយៈពេល ១៦ ឆ្នាំ​ទៅហើយដែលគូស្នេហ៍មួយគូនេះរស់នៅជាមួយគ្នាក្នុងឋានៈជាគូស្វាមី ភរិយា ប៉ុន្ដែអ្វីដែលគួរឲ្យសោកស្ដាយគឺអ្នកទាំងពីរមិនទាន់មានកូនមួយគ្រាប់នូវឡើយ។

កាលពីថ្មីៗ កន្លងទៅនេះ តារាសម្ដែងប្រុសរូបនេះ បានឡើងកម្មវីធីបុស្ដិ៍ទូរទស្សន៍មួយ ដែលពេលនោះលោកត្រូវបានគេចោទសួរទាក់ទងនឹងជីវិតគ្រួសាររបស់លោក។ ខណៈពេលនោះលោកក៏បាននិយាយដោយមិនមានការលាក់បាំងថា “ ជីវិតប្ដី ប្រពន្ធរបស់លោកគឺរស់នៅដោយសាមញ្ញដូចគ្រួសារដ៏ទៃ ខ្ញុំតែងតែផ្ដល់ភាពភ្ងាក់ផ្អើលដល់នាងជារឿយៗ នៅពេលដែលចេញទៅដើរកម្សាន្ដ ខ្ញុំតែងតែទិញរបស់ឲ្យនាង ពេលខ្លះក៏មានទិញផ្កា សរសេរសំបុត្រជូននាង”។

តារាសម្ដែងវ័យ ៥៤ ឆ្នាំ រូបនេះក៏បានបន្ថែមទៀតថា “បច្ចុប្បន្នពួកយើងមិនទាន់មានកូននោះទេ ហើយខ្ញុំក៏មិនចង់មានពួកគេដែរ។ ថ្វីបើខ្ញុំមានអាយុច្រើនហើយក្ដី ក៏ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថា ខ្ញុំមិនមានភាពចាស់ទុំគ្រប់គ្រាន់។ សូម្បីតែពេលខ្លះនៅចំពោះមុខភរិយាខ្ញុំ ក៏ខ្ញុំមានអារម្មណ៍ថាខ្លួនឯងចរិកដូចក្មេង តើធ្វើជាឳពុកគេយ៉ាងម៉េចទៅ”៕

ប្រភព៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ