ក្រោយពីមានការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី COVID-19 កាលពីខែធ្នូកន្លងទៅនេះ នៅគ្រប់អាកាសយានដ្ឋាន គឺមានការវាស់សីតុណ្ហភាពរបស់អ្នកដំណើររកមើលអ្នកឆ្លងវីរុស COVID-19ដើម្បីកាត់បន្ថយការឆ្លងនៃវីរុសនេះ។
នៅសហរដ្ឋអាមេរិក អាកាសយានដ្ឋាន ១១កន្លែងបានប្រើប្រាស់វិធីស្កែនវាស់សីតុណ្ហភាពអ្នកដំណើរដើម្បីស្វែងរកអ្នកផ្ទុកវីរុសនេះ។ តាមការស៊ើបអង្កេតរបស់សារព័ត៌មានCNN វិធីនេះត្រូវបានប្រើលើអ្នកដំណើរជាង ៣ម៉ឺននាក់ហើយ ប៉ុន្តែមិនមានករណីណាមួយដែលចាប់បានដោយវិធីនេះទេ។ តាមបទពិសោធន៍នៃការប្រើប្រាស់វិធីនេះនៅអាកាសយានដ្ឋាន អាមេរិករួមទាំងការសិក្សាថ្មីរបស់អឺរ៉ុប និងការសិក្សារបស់អ្នកស្រាវជ្រាវអង់គ្លេសបានបង្ហាញថា វិធានការណ៍ស្កែនសីតុណ្ហភាពនេះមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងរកអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនេះទេ។
វេជ្ជបណ្ឌិត Itamar Grotto អគ្គនាយករងនៃក្រសួងសុខាភិបាលប្រទេសអ៊ីស្រាអែលបាននិយាយថា អ្នកដែលមានសីតុណ្ហភាពធម្មតាគឺជាបញ្ហាដែលធ្វើឲ្យមានការសនិ្នដ្ឋានខុស ព្រោះអ្នកដំណើរទាំងនោះអាចមានផ្ទុកវីរុសនេះប៉ុន្តែមិនមានរោគសញ្ញានៅក្នុងរយៈបេលវីរុសម្ងំ (Incubation period)។ លោកបញ្ជាក់ដែរថានៅប្រទេសអ៊ីស្រាអែលមិនបានប្រើវិធីវាស់កម្ដៅអ្នកដំណើរនៅអាកាសយានដ្ឋាននោះទេ ដោយថាកន្លងមកទាក់ទងនឹងជំងឺEbola H1N1 និងជំងឺSARS វិធីវាស់កម្ដៅនេះមិនមានប្រសិទ្ធភាពនោះទេ។
វេជ្ជបណ្ឌិត Michael Osterholm ជាអ្នកជំនាញជំងឺរាតត្បាត និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យសុខភាពសាធារណៈ Minnesota ក៏បានឲ្យដឹងដែរថា ការវាស់សីតុណ្ហភាពអ្នកដំណើរនៅអាកាសយានដ្ឋាន គឺមិនមានឥទ្ធិពលខ្លាំងក្នុងការបញ្ឈប់ ឬកាត់បន្ថយការឆ្លងទេ គ្រាន់តែថានៅពេលនេះនៅមិនទាន់មានទិន្នន័យគ្រប់គ្រាន់ក្នុងការគាំទ្រការសន្និដ្ឋាននេះ។
មូលហេតុមួយទៀតដែលធ្វើឲ្យការវាស់សីតុណ្ហភាពមិនមានប្រសិទ្ធភាពគឺមកពីធម្មជាតិរបស់មនុស្ស។ នៅពេលអ្នកដំណើរធ្វើដំណើរយូរនៅលើយន្តហោះ អ្នកដំណើរអាចមានអាការៈមិនស្រួលដូចជាអស់កម្លាំងល្ហិតលហៃ ឈឺខ្លួន ដែលធ្វើឲ្យអ្នកដំណើរខ្លះប្រើប្រាស់ថ្នាំបន្ថយការឈឺចាប់។ ថ្នាំប្រភេទនេះក៏អាចប្រើសម្រាប់ព្យាបាលអាការៈក្តៅខ្លួនដែរ។
វីធីដែលមានប្រសិទ្ធភាពក្នុងការចាប់ករណីឆ្លងនៅអាមេរិកគឺកាតព័ត៌មានដែលគេបានចែកឲ្យអ្នកដំណើរ។ កាតនេះមានឈ្មោះTravel Health Alert Notice ដែលណែនាំឲ្យប្រុងប្រយ័ត្ន និងត្រួតពិនិត្យនូវរោគសញ្ញារបស់វីរុសកូរ៉ូណាថ្មី COVID-19 ដោយខ្លួនឯង។ ប្រសិនជាប៉ុន្មានថ្ងៃក្រោយអ្នកដំណើរមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើមកើតឡើង ត្រូវទាក់ទងទៅមណ្ឌលសុខភាព។
វេជ្ជបណ្ឌិត Osterholm បានបន្ថែមទៀតថា មានវិធានការណ៍ដូចជាផ្តល់ព័ត៌មានដល់អ្នកដំណើរ វេជ្ជបណ្ឌិត និងមន្ទីរពេទ្យអំពីវីរុសកូរ៉ូណាថ្មី COVID-19 អាចជួយទប់ស្កាត់ការឆ្លងនៃវីរុសនេះបានប្រសើរជាងការវាស់សីតុណ្ហភាពអ្នកដំណើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕