វីរុស Covid-19 អាច​សម្ងំ​ក្នុង​ខ្លួន​យើងដល់​ទៅ ២៧​ថ្ងៃ ទើប​​ចេញ​រោគ​សញ្ញា

នុ៎ះគ្នា​យើង! វីរុស​​កូរ៉ូណាថ្មី ត្រូវ​គេ​អះអាង អាច​សម្ងំ​ក្នុង​ខ្លួន​យើង​បាន​យូរ​ជាង​ការ​វាយតម្លៃ​ដំបូង ដោយ​មិន​បញ្ចេញ​រោគ​សញ្ញា​នោះ​ឡើយ ដោយ​សារ​បុរស​ម្នាក់ លេចចេញ​រោគ​សញ្ញា​ក្រោយ​ឆ្លង​វីរុស ២៧ ថ្ងៃ​ឯណោះ។

យោង​តាម​ភ្នាក់​ងារ​ព័ត៌មាន​រ៉យទ័រ នៅ​ថ្ងៃ​សៅរ៍​នេះ បាន​រាយការណ៍​ថា មាន​បុរស​វ័យ ៧០​ឆ្នាំ ស្ថិត​ក្នុង​ខេត្ត​ហូប៉ី ប្រទេស​ចិន ត្រូវ​គេ​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ណា​ថ្មី ឬ Covid-19 ប៉ុន្តែ​មិន​បាន​លេច​ចេញ​រោគ​សញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​ភ្លាមៗ​នោះ​ឡើយ ខណៈ​រោគ​សញ្ញា​ គឺ​លេច​ចេញ​នៅ ២៧​ថ្ងៃ បន្ទាប់​ពី​គាត់​បាន​ឆ្លង​វីរុស។

តាម​ការ​រក​ឃើញ​នេះ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​បង្ហាញ​ក្តី​បារម្ភ កាន់​តែ​ខ្លាំង​ឡើង​ពី​វីរុស​កាច​សាហាវ​នេះ អាច​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពិបាក​ទប់​ស្កាត់ ខណៈ​កាល​ពី​មុន អ្នក​វិទ្យាសាស្ត្រ​អះអាង និង​ជឿជាក់​ថា វីរុស​នេះ នឹង​លេច​ចេញ​រោគ​សញ្ញា​យូរ​បំផុត​រយៈ​ពេល ១៤ថ្ងៃ ក្រោយ​ឆ្លង​វីរុស។

ការ​ពន្យារពេល​លេច​ចេញ​រោគ​សញ្ញា​របស់​វីរុស​យូរ​ជាង ១៤ថ្ងៃ អាច​ធ្វើ​ឲ្យ​កិច្ច​ប្រឹង​ប្រែង​ទប់​ស្កាត់​ការ​រីករាល​ដាល និង​ព្យាបាល​អ្នក​វីរុស កាន់​តែ​ស្មុគស្មាញ​ឡើង ខណៈ​មក​ទល់​នឹង​ពេល​នេះ មនុស្ស​ជាង ២ ០០០នាក់ នៅ​ជុំ​វិញ​ពិភពលោក បាន​ស្លាប់​ដោយ​សារ​វីរុស Covid-19

បុរស​ចំណាស់​វ័យ ៧០ឆ្នាំ ដែល​គេ​រកឃើញ​វីរុស​សម្ងំ​ក្នុង​ខ្លួនដល់​ទៅ ២៧​ថ្ងៃ មិន​ត្រូវ​បាន​គេ​បញ្ជាក់​ឈ្មោះ​ច្បាស់​នៅ​ឡើយទេ ដោយ​គ្រាន់​តែ​ដឹង​ថា គាត់​មាន​ត្រកូល​ យ៉ាង ហើយ​កាល​ពី​ថ្ងៃ ២៤ មករា គាត់​បាន​បើក​រថយន្ត​ចេញ​ពី​ភាគ​ខាង​កើត​ក្រុង Ezhou ទៅ​កាន់​តំបន់​ភាគ​ខាងជើង ឈាង​ខាង​លិច ខេត្តហូប៉ី កន្លែង​គាត់​បាន​ប៉ះពាល់​ស្និទ្ធស្នាល​ជាមួយ​ប្អូន​ស្រី​បង្កើត​ដែល​មាន​ផ្ទុក​វីរុស។ នេះ​បើ​យោង​តាម​គេហទំព័រ​រដ្ឋបាល​ខេត្ត​ហូប៉ី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ