គិតមកដល់ព្រឹកនេះ អ្នកផ្ទុក COVID-19 នៅប្រទេសកម្ពុជាសរុបមានចំនួន ១២ នាក់ហើយ ដោយមានទាំងជនបរទេស និងពលរដ្ឋក្នុងស្រុកផងដែរ។ ក្នុងនោះមានជនបរទេស ៨ នាក់ និងខ្មែរ ៤ នាក់ ដែលអ្នកខ្លះបានទៅតំបន់ផ្ទុះ COVID-19 នេះ ហើយអ្នកខ្លះជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។ ខាងក្រោមនេះជាប្រវត្តិអ្នកជំងឺទាំង ១២ នាក់ ដែលបានធ្វើដំណើរទៅកន្លែង/ប៉ះពាល់នរណាខ្លះ មុនមកដល់ប្រទេសកម្ពុជា៖
១- អ្នកជំងឺដំបូងមានឈ្មោះ JIA JIANHUA ជាជនជាតិចិន ដែលធ្វើដំណើរមកពីក្រុងវ៉ូហាន មុនពេលរដ្ឋាភិបាលប្រទេសនេះ ប្រកាសផ្អាកការធ្វើដំណើរខេត្ត ក្រុង សរុប ១៦ជុំវិញវូហាន។ លោក JIA JIANHUA មកដល់កម្ពុជា កាលពីថ្ងៃទី ២៣ មករា ២០២០ និងបានទៅស្នាក់នៅសណ្ឋាគារ ឯករាជ្យ បន្ទាប់មកផ្លាស់ទៅសណ្ឋាគារ ឃ្វីនកូ ហើយពេលមកដល់ JIA JIANHUA ចូលលេងទឹក ២ ម៉ោង ហើយក្រោកឡើងមានអាការៈក្ដៅខ្លួនតែម្ដង។ រហូតដល់ថ្ងៃ ទី ២៥ មករា ទើបជនរងគ្រោះ ចេញអាការៈ ក្ដៅខ្លួន ហៀរសម្បោរ ហើយចុងក្រោយឈានដល់ថ្ងៃទី ២៧ មករា ទើបខាងក្រសួង វិនិច្ឆ័យថា មានមេរោគកាចសាហាវ COVID-19 តែម្ដង។ បុរសជនជាតិចិនរូបនេះ បានព្យាបាលជាសះស្បើយ និងត្រលប់ទៅប្រទេសកំណើតវិញហើយ។
២- បុរសជនជាតិខ្មែរ វ័យ ៣៨ ឆ្នាំ រស់នៅខេត្តសៀមរាប ជាអ្នកបកប្រែឲ្យជនជាតិជប៉ុនដែលមានផ្ទុក COVID-19។ ជនជាតិជប៉ុនរូបនោះដែលបានធ្វើដំណើរចេញពីខេត្តសៀមរាប ទៅទីក្រុងហូជីមិញ រួចបន្តទៅជប៉ុន ដែលជាកន្លែងរកឃើញ។ បច្ចុប្បន្នបុរសជនជាតិខ្មែរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
៣- ស្ត្រីជនជាតិអង់គ្លេស វ័យ ៦៥ ឆ្នាំ ជាអ្នកដំណើររបស់នាវា Viking Cruise Journey ដែលចូលចតនៅខេត្តកំពង់ចាម។ ស្ត្រីរូបនេះបានធ្វើដំណើរតាមនាវាពីទីក្រុងហូជីមិញ ប្រទេសវៀតណាម មកកាន់ភ្នំពេញ និងបន្តទៅកាន់ខេត្តកំពង់ចាម។ សំណាកស្ត្រីអង់គ្លេសត្រូវមកពិនិត្យកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ និងនៅរសៀលថ្ងៃទី១០ ខែមីនា នេះ រកឃើញថាមានផ្ទុកវីរុស COVID-19។ បច្ចុប្បន្នស្ត្រីជនជាតិអង់គ្លេស វ័យ ៦៥ ឆ្នាំរូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
៤- បុរសជនជាតិអង់គ្លេស វ័យ ៧៣ ឆ្នាំ ជាអ្នកដំណើររបស់នាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ បច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
៥- ស្ត្រីជនជាតិអង់គ្លេសវ័យ ៦៩ ឆ្នាំ ជាអ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។ បច្ចុប្បន្នអ្នកស្រីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
៦- បុរសជនជាតិកាណាដា អាយុ ៤៩ ឆ្នាំ នៅរាជធានីភ្នំពេញ ដែលជាបុគ្គលិកបម្រើការងារនៅសាលារៀន CIS សាខាកោះពេជ្រ ហើយដឹងលទ្ធផលកាលពីថ្ងៃ ១៣ ខែមីនា ២០២០ ក្រោយត្រលប់ពីប្រទេសថៃបានប៉ុន្មានថ្ងៃ។ បុរសជនជាតិកាណាដារូបនេះ កំពុងសម្រាកព្យាបាលនៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ។
៧- បុរសជនជាតិប៊ែលហ្សិក អាយុ ៣៣ ឆ្នាំ នៅរាជធានីភ្នំពេញ។
៨- បុរសជនជាតិបារាំង អាយុ ៣៥ ឆ្នាំ នៅរាជធានីភ្នំពេញ បន្ទាប់ពីបុរសនោះ និងភរិយា ព្រមទាំងកូនបានចាកចេញពីសិង្ហបុរីមកកាន់ភ្នំពេញ។
៩-កូនជនជាតិបារាំងអាយុ ០៤ខែ ដែលជាកូនជនជាតិបារាំងអាយុ ៣៥ ឆ្នាំនៅភ្នំពេញ។ ទារករូបនេះដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។
១០- បុរសជនជាតិខ្មែរដែលវិលមកពីប្រទេសបារាំង តម្រូវឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
១១- ខ្មែរអ៊ីស្លាមត្រឡប់មកពីប្រទេសម៉ាឡេស៊ី នៅខេត្តព្រះវិហារអាយុ ៣៥។
១២- ខ្មែរអ៊ីស្លាមត្រឡប់មកពីប្រទេសម៉ាឡេស៊ី អាយុ ៣៩ នៅខេត្តព្រះវិហារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕