ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ១២ នាក់ បន្ថែមទៀត ធ្វើឲ្យតួលេខអ្នកឆ្លងកើនដល់ ២៤នាក់ គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០នេះ ។
លទ្ធផលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថា វិជ្ជមាន COVID-19 ចំនួន១២ករណីថ្មីបន្ថែមទៀតនេះ មាន៖
១. ខេត្តបន្ទាយមានជ័យ ២ករណី
– បុរសជនជាតិខ្មែរអ៊ីស្លាម ១នាក់ នៅក្រុងសេរីសោភ័ណ
– បុរសជនជាតិខ្មែរ ១នាក់ មកប្រទេសថៃ នៅក្រុងសេរីសោភ័ណ
២. ភ្នំពេញ ២ករណី
– បុរសខ្មែរអ៊ីស្លាម ២នាក់ នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ
៣. ខេត្តកំពង់ឆ្នាំង ២ករណី
– បុរសខ្មែរអ៊ីស្លាម ២នាក់
៤. ខេត្តបាត់ដំបង ៤ករណី
– បុរសខ្មែរអ៊ីស្លាម ៤នាក់
៥. ខេត្តកំពត ១ករណី
– បុរសខ្មែរអ៊ីស្លាម
៦. ខេត្តត្បូងឃ្មុំ ១ករណី
– បុរសខ្មែរអ៊ីស្លាម
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមជនជាតិអ៊ីស្លាមទាំង ១១ នាក់ខាងលើ ជាអ្នកក្នុងចំណោមអ្នកដែលបានវិលត្រលប់មកពីចូលរួមពិធីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី សរុបចំនួន ៧៩នាក់។
ក្រោយផ្ទុះការឆ្លង COVID-19 លើជនជាតិបរទេស និងជនជាតិខ្មែរជាបន្តបន្ទាប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បម្រាមមិនឲ្យជនបរទេសមកពីប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចូលមកកម្ពុជាក្នុងរយៈពេល៣០ថ្ងៃ។ ឯពលរដ្ឋកម្ពុជា បើមិនមានការចាំបាច់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសទាំងនោះ។
ចំណែកឯក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពី ការចាប់ផ្ដើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេស ពីថ្ងៃនេះ រហូតមានការជូនដំណឹងជាថ្មី។
គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងទូទាំងពិភពលោក ១៨២ ៥៥០ករណី ក្នុងនោះអ្នកជាសះស្បើយ ៦៧ ០០៣នាក់ និងអ្នកស្លាប់ ៧ ១៥៨នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕