នៅខេត្តសៀមរាបមានការឆ្លងវីរុស COVID-19 ចំនួន២ករណី ១ករណីជាបុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ បានឆ្លង COVID-19 ពីជនជាតិជប៉ុន ឯបុរសម្នាក់ទៀត អាយុ ៤០ឆ្នាំ ទើបរកឃើញលទ្ធផលវិជ្ជមាននៅថ្ងៃទី ១៧ មីនា កន្លងទៅ។
គិតមកដល់ថ្ងៃទី១៩ ខែមីនានេះ បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលមានផ្ទុកវីរុស COVID-19 ឆ្លងពីជនជាតិជប៉ុន បានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបបាន១៤ថ្ងៃ។ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានឲ្យដឹងថា ស្ថានភាពអ្នកជំងឺ COVID-19 ទាំងចាស់ ទាំងថ្មី សុទ្ធតែមានសុខភាពល្អទាំងពីរនាក់មិនមានចេញរោគសញ្ញាអ្វីប្លែកទាំងអស់។
ទោះយ៉ាងលោកប្រធានមន្ទីរបានសង្កត់ធ្ងន់ធ្ងរថា បុរសខ្មែរដែលឆ្លង COVID-19 ពីជនជាតិជប៉ុន និងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាច្រើនថ្ងៃមកហើយនោះ មានចំនួនមេរោគថយចុះជាងមុន ប៉ុន្តែលទ្ធផលតេស្ត COVID-19 នៅតែវិជ្ជមានដដែល។
សូមបញ្ជាក់ថា គិតមកដល់រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លង COVID-19 នៅកម្ពុជាមានសរុប ៣៧ ករណី នៅក្នុង១២ខេត្ត-ក្រុង ទូទាំងប្រទេស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕