កន្លែង១លើដៃ ងាយចម្លង COVID-19 បំផុត បើស្រីៗមិនបានសម្អាតត្រឹមត្រូវ

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ មាន​រយៈ​ពេល ១ នាទី​ទើប​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នោះ​បាន​បន្ត​ទៀត​ថា ការ​លាង​ដៃ​ជាមួយ​សាប៊ូ​ត្រូវ​សម្អាត​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​ផ្នែក​បាត​ដៃ ខ្នង​ដៃ និង​ចន្លោះ​ម្រាម​ដៃ។ លោក​ជំទាវ​ក៏​បាន​បន្ថែម​ទៀត​ថា ពិសេស​មនុស្ស​ស្រី​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំណុច​សំខាន់​មួយ​ទៀត នោះ​គឺ​ក្នុង​ក្រចក ព្រោះ​ស្រី​ៗ​មាន​ក្រចក​វែង​ៗ ដូចនេះ​បើ​លាង​សម្អាត​ដៃ​ត្រូវ​អនុវត្ត​ដូច​ការ​ណែនាំ និង​ឆ្កឹះ​ក្រចក​ចេញ​ផង ទើប​អាច​សម្លាប់ COVID-19 បាន។

បើ​លាង​សម្អាត​តែ​ពី​លើ និង​បាត​ដៃ ហើយ​ភ្លេច​ក្នុង​ក្រចក ខណៈ​ដែល​មេរោគ​អាច​ស្ថិត​នៅ​ទី​នោះ​បាន យើង​មាន​ឱកាស​ឆ្លង​ខ្ពស់។ ព្រោះ​នៅ​ពេល​យើង​យក​ដៃ​ទៅ​ប៉ះពាល់​ជាមួយ​ផ្ទៃ​មុខ មាត់ ភ្នែក ច្រមុះ ការ​ឆ្លង​នៅតែ​អាច​ដដែល។ ដូច្នេះ​ហើយ​ការ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ គឺជា​វិធី​ល្អ​បំផុត ព្រោះ​បើ​តាម​​របាយការណ៍​ដែល​វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើក​ឡើង​កន្លង​មក មនុស្ស​ម្នាក់​ៗ​ប៉ះពាល់​មុខ ៦០/ថ្ងៃ។

- Advertisement -

ហេតុ​ដូច្នេះ​បាន​ជា​ក្រសួង​ណែនាំ​ឲ្យ​ប្រកាន់​ខ្ជាប់​អនាម័យ​ខ្លួន​ប្រាណ ពេល​ក្អក កណ្ដាស់ យក​ក្រដាស កន្សែង​ខ្ទប់ ឬ​បើ​គ្មាន​ត្រូវ​យក​កែង​ដៃ​ខ្ទប់ ឬ​ពាក់​ម៉ាស់ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ជាមួយសាប៊ូ អាល់កុល ជេល ព្រោះ​យើង​មិន​ដឹង​ថា​បាន​ប៉ះពាល់​ជាមួយ​អ្វី​ខ្លះ ហើយ​ត្រូវ​នៅ​ឆ្ងាយ​ពី​អ្នក​មាន​អាការៈ​ក្អក កណ្ដាស់ ឲ្យបានចម្ងាយជាង ១ ម៉ែត្រ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ