អាល់កុលក្លែងក្លាយ ៥៩.៤០២ លីត្រ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រកឃើញ និងឃាត់ទុកបណ្ដោះអាសន្ននៅខេត្តកណ្ដាល និងរាជធានីភ្នំពេញ កាលពីថ្ងៃ០២ ខែមេសា ឆ្នាំ២០២០។
អាល់កុលក្លែងក្លាយនោះ ជាប្រភេទមេតាណុលមានបរិមាណជិត ៦ ម៉ឺនលីត្រ ដែលមាន ៧៦៣ ប៊ីដុង និង ២២៤ ពុយ។ អាល់កុលក្លែងក្លាយ (មេតាណុល) អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់ ឯកឧត្តម ផាន អូន អគ្គនាយក អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ជាដល់មន្ត្រីក្រោមឱវាទចុះស្រាវជ្រាវ និងបង្ក្រាបជាបន្ទាន់ការធ្វើចរាចរណ៍ ចែកចាយ សារធាតុអាល់កុលក្លែងក្លាយ (មេតាណុល) ក្នុងក្របខណ្ឌទូទាំងប្រទេស។
ទីតាំងស្តុកអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ០២ កន្លែងនោះរួមមាន ទីតាំងទី១ នៅផ្ទះលេខ ១៨៨ ផ្លូវ ១៣A ឃុំត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ ០២ ផ្លូវ ០១A បុរីពិភពថ្មីកំបូល៣ ភូមិស្ងួងពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
យុទ្ធនាការបង្ក្រាបអាល់កុលក្លែងក្លាយ (មេតាណុល) សរុបបានចំនួន ៦៤.១៧៨ លីត្រ មករក្សាទុក ដើម្បីអនុវត្តតាមនីតិវិធី។