កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ

អំឡុង​ពេល COVID-19 រាតត្បាត​នេះ យើង​ម្នាក់​ៗ​បាន​ខិតខំ​ការពារ​ខ្លួន​គ្រប់​បែប​យ៉ាង ដើម្បី​ចៀសផុត​ពី​ការ​ឆ្លង​មេរោគ​កាច​សាហាវ។ ក្នុង​ពេល​នេះ មាន​ការ​ណែនាំ​ឲ្យ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឲ្យ​បាន​ញឹកញាប់ ហើយ​ដើម្បី​​កាន់តែ​ងាយស្រួល យើង​អាច​លាង​ជាមួយ​ជេល ឬ​អាល់កុល តែ​បើ​កន្សែង​សើម គឺ​មិន​អាច​សម្លាប់​មេរោគ​បាន​ឡើយ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត ហ៊ាង រតនា។

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ពពួក​កន្សែង​សើម​នោះ គ្រាន់តែ​អាច​ជម្រះ​ភាព​កខ្វក់ និង​កាត់​បន្ថយ​ចំនួន​បាក់តេរី​ប៉ុណ្ណោះ តែ​បើ​ថា​អាច​សម្លាប់ ​គឺ​មិន​អាច​ឡើយ។ ចំណែក​ផលិតផល​ដែល​គេ​បន្ថែម​ជាតិ​អាល់កុល​ចូល​ទៅ​ក្នុង​នោះ ក៏​មិន​ប្រាកដ​ថា​អាច​សម្លាប់​បាន ឬ​អត់​ដែរ ព្រោះ​កម្រិត​អាល់កុល​ធម្មតា​ដែល​អាច​សម្លាប់​មេរោគ​បាន​ចាប់ពី​ដឺក្រេ ៦០ ឡើង​ទៅ សម្លាប់​មេរោគ​បាន។

ទោះ​ជា​យ៉ាង​ណា​វេជ្ជបណ្ឌិត​រូប​នោះ​មិន​គាំទ្រ​ឲ្យ​ប្រើ​កន្សែង​សើម​ប្រភេទ​មាន​ជាតិ​អាល់កុល ជូត​សម្អាត​ដៃ​ឡើយ ព្រោះ​វា​មិន​អាច​សម្អាត​បាន​ស្អាត​ល្អ ដូច​សាប៊ូ ឬ​ប្រភេទ​ទឹក​លាង​ដៃ ឬ​ទឹក​អាល់កុល។

លោក​បាន​ពន្យល់​ថា ក្រុម​អ្នក​ជំនាញ​ណែនាំ​ឲ្យ​លាង​ដៃ​យ៉ាង​ហោច​ណាស់ ៤០-៦០ វិនាទី ទើប​អាច​សម្លាប់​មេរោគ ហើយ​ពេល​លាង​នេះ​ទៀតសោត​ទាមទារ​ឲ្យ​ដុស​ពី​បាត​ដៃ ខ្នង​ដៃ ចន្លោះ​ម្រាមដៃ ក​ដៃ ចុង​ម្រាម​ដៃ និង​មេដៃ ទើប​សព្វ​កន្លែង​បាន។ តែ​បើ​ប្រើ​កន្សែង​សើម​វិញ ជា​ធម្មតា​គេ​ប្រើ​ជូត​តែ​បាត និង​ខ្នង​ដៃ​បន្តិច​ប៉ុណ្ណោះ បែប​នេះ​មិន​អាច​ជួយ​អ្វី​បាន​ឡើយ។

​​​អត្ថបទផ្ដល់សិទ្ធិដោយ