បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃ ២១ ខែ កក្កដា ឆ្នាំ ២០២០ នេះបានរកឃើញករណីវិជ្ជមាន COVID-19 ថ្មី ២៦ នាក់បន្ថែមទៀត ដែលជាអ្នកធ្វើដំណើរមកពីប្រទេសអេហ្ស៊ីប រុស្សី និងអាកាសចរណ៍កូរ៉េ។
ក្នុងករណីវិជ្ជមាន COVID-19 ថ្មី នេះគឺជាបុរសជនជាតិខ្មែរទាំងអស់ ដែលអ្នកទាំងនោះបានធ្វើដំណើរវិលត្រឡប់ពីប្រទេសអេហ្ស៊ីប ៥ នាក់ និងរុស្សី ២០ នាក់ ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី (MH754) មកដល់កម្ពុជានាថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១០:៤០ នាទីព្រឹក។ ចំណែកបុរសម្នាក់ទៀតជាអ្នកដំណើរមកកូរ៉េខាងត្បូង។
ថ្ងៃនេះក៏មានអ្នកជាសះស្បើយ ៤ នាក់បន្ថែមទៀតដែរ ៣ នាក់ក្នុងចំណោមអ្នកជាសះស្បើយថ្មី គឺជាអ្នកទើបវិលមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី និងម្នាក់ទៀតជាបុរសវិលមកពីឥណ្ឌូណេស៊ី។
សរុបតួលេខអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានចំនួន ១៩៧នាក់ ក្នុងនោះអ្នកព្យាបាលសះស្បើយមានចំនួន ១៤០ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៥ នាក់ និងព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិក ចំនួន២នាក់។