ការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានធ្វើឲ្យសាកលលោកជ្រួលច្របល់ និងមានផលប៉ះពាល់ធំធេងលើផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ចប្រទេសនីមួយៗ។ ក្នុងនោះក៏មានផលប៉ះពាល់លើផ្លូវចិត្តបុគ្គល ក្រុមគ្រួសារផងដែរ មិនថា នៅលើពិភពលោក ឬកម្ពុជានោះទេ។
ការរាតត្បាតនៃជំងឺ COVID-19 មានផលអវិជ្ជមានលើសុខភាពផ្លូវចិត្តដល់មនុស្សគ្រប់វ័យ ក្នុងនោះមានជំងឺធ្លាក់ទឹកចិត្ត និងជំងឺថប់បារម្ភ មានកើនឡើង៣ដង ដែលមានអត្រាប្រេវ៉ាឡង់កើនឡើងពី ៣៥%-៦០% ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។ នេះបើយោងតាមឯកសាររបស់អង្គការសហប្រជាជាតិ ស្តីពី គោលនយោបាយសង្ខេប កូវីដ ១៩ និងតម្រូវការធ្វើសកម្មភាពសម្រាប់សុខភាពផ្លូវចិត្ត ដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ឧសភា កន្លងទៅ។
ក្នុងនោះប្រតិកម្មផ្លូវចិត្តដែលមានកើតញឹកញាប់បណ្តាលមកពីជំងឺ COVID-19 មានច្រើន ដែលតម្រូវឲ្យបុគ្គលចេះកត់សម្គាល់បញ្ហាសុខភាពផ្លូវចិត្តទាំងនោះដោយខ្លួនឯង ឬក៏ដោយអាណាព្យាបាល និងក្រុមគ្រួសារ។
ប្រតិកម្មផ្លូវចិត្តដែលមានញឹកញាប់បណ្តាលមកពីជំងឺ COVID-19 មានដូចជា៖
– កង្វល់អំពីការប្រឈមនឹងការឆ្លង
– កង្វល់អំពីប្រសិទ្ធភាពនៃការថែទាំ និងព្យាបាលវេជ្ជសាស្ត្រ
– កង្វល់ដោយសារការឃ្លាតឆ្ងាយពីមិត្តភក្តិ និងមនុស្សជាទីស្រលាញ់
– កង្វល់ដោយសារការកាត់ផ្តាច់ ឬកាត់បន្ថយនូវការទាក់ទងក្នុងសហគមន៍
– កង្វល់ដោយសារការបាត់បង់ស្ថានភាពរស់នៅធម្មតា
– កង្វល់អំពីការបាត់បង់ប្រភពចំណូល ការងារ
– ការបាត់បង់សកម្មភាពកម្សាន្ត
– ភាពឯកោ ដោយសារការដាក់ឲ្យនៅដាច់ដោយឡែកពីសង្គម
– ការមានវិបត្តិ ជម្លោះ ឬអំពើហិង្សាដោយបញ្ហាមួយចំនួនខាងលើ
– ការទទួលព័ត៌មានប្រឌិត ព័ត៌មានភ័យខ្លាច។
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីអំពីវិធីប្រតិបត្តិដែលត្រូវប្រកាន់យក ដើម្បីបង្ការបញ្ហាសុខភាពផ្លូវចិត្ត ក្នុងអំឡុងពេលរាតត្បាតជំងឺ COVID-19។