ព្រឹកមិញនេះមានការចែករំលែកតៗគ្នាអំពីរបាយកាណ៍ពាក់ព័ន្ធនឹងករណីស្ត្រីកងទ័ពមួកខៀវរបស់កម្ពុជាម្នាក់ រស់នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានរកឃើញវិជ្ជមាន COVID-19 បានទៅប៉ះពាល់នឹងមនុស្សជាច្រើននាក់។ ក្នុងនោះក៏មានការចែកចាយតៗគ្នាថា មានករណីឆ្លង COVID-19 ចូលដល់សហគមន៍ហើយ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានបំភ្លឺថា ស្ត្រីកម្ពុជារូបនេះវិលត្រលប់ពីប្រទេសម៉ាលី បានមកដល់កម្ពុជា តាំងពីថ្ងៃទី១០ ខែកក្កដា មកម្ល៉េះ តែទើបរកឃើញវិជ្ជមាន COVID-19 នៅថ្ងៃទី៩ ខែសីហានោះ ពោលគឺស្ត្រីរូបនេះបានធ្វើតេស្តលើកទី៥ហើយ ទើបរកឃើញ។
តាមក្រុមការងារចុះទៅដល់ផ្ទះ និងព័ត៌មានពីសាមីខ្លួនផ្ទាល់ ស្រ្តីរូបនេះបានធ្វើចត្តាឡីស័កខ្លួនឯងពេលទៅដល់ផ្ទះ ដោយនៅក្នុងផ្ទះនោះមានសមាជិកគ្រួសារ ៤នាក់ មានឪពុក ម្តាយ បងប្រុស ប្អូនប្រុស តែស្ត្រីរូបនោះនៅដាច់ដោយឡែក ញ៉ាំអាហារដាច់ដោយឡែក ពុំបានចេញក្រៅផ្ទះ ដូចការផ្សព្វផ្សាយនោះទេ ហើយបានពាក់ម៉ាស ថ្វីត្បិតតែមានការក្អក កណ្តាស់ ផ្តាសាយ។
បញ្ហាត្រង់ថា ស្ត្រីរូបនេះបានប្រើបន្ទប់ទឹករួមគ្នាជាមួយក្រុមគ្រួសារ។ ភ្លាមៗនោះដែរ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់អ្នកទាំង៤នាក់ដែលជាសមាជិកក្រុមគ្រួសារមកធ្វើវិភាគភ្លាមៗ តែលទ្ធផលអវិជ្ជមាន ប៉ុន្តែនៅបន្តតាមដានជាបន្តទៀត និងធ្វើចត្តាឡីស័កកម្រិត២ នៅខេត្តកណ្តាល។
ប៉ុន្តែស្ត្រីរូបនេះបញ្ជាក់ថា ចាប់តាំងពីខ្លួនត្រលប់ទៅផ្ទះ រហូតដល់រកឃើញវិជ្ជមាន COVID-19 ទៅសម្រាកព្យាបាលនៅពេទ្យ ខ្លួនមិនបានទៅប៉ះពាល់ជាមួយអ្នកណាផ្សេងក្រៅពីសមាជិកគ្រួសារ ៤នាក់ ដែលរស់នៅក្នុងផ្ទះតែមួយនោះទេ។
ចំពោះព័ត៌មានផ្សេងៗដែលបានចែកចាយ ប្រាសចាកពីអ្វីដែលក្រុមការងារបានចុះស្រាវជ្រាវផ្ទាល់ និងទទួលផ្ទាល់ពីសាមីខ្លួននេះ លោកជំទាវថា សូមបងប្អូនកុំបន្តចែកចាយ ចៀសវាងការភាន់ច្រឡំ បន្តច្រួលច្របល់ក្នុងសង្គម។ មួយវិញទៀត ប្រសិនបើមិនច្បាស់ សូមមេត្តាកុំចែកចាយព័ត៌មានដែលមិនច្បាស់ ត្រូវរង់ចាំសិន ចាំចែកចាយគ្នា ដើម្បីចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការចម្លងវីរុស COVID-19 នេះ។
ពាក់ព័ន្ធនឹងរបាយការណ៍របស់ចៅសង្កាត់សិត្បូ ដែលអះអាងថា ស្ត្រីកងទ័ពមួកខៀវរូបនោះបានទៅប៉ះពាល់ជាមួយមនុស្សជាច្រើននាក់ ទៅវត្តធ្វើបុណ្យនោះ លោកជំទាវថា ការងារនេះជាការងាររបស់អាជ្ញាធរមូលដ្ឋានដែលក្តាប់ផ្ទាល់នៅទីតាំង ប៉ុន្តែអ្វីដែលយើងគួរធ្វើនៅពេលនេះ ត្រូវតែមានការត្រួតពិនិត្យឡើងវិញ។ ប៉ុន្តែអ្វីដែលសំខាន់ ទី១ អាជ្ញាធរមូលដ្ឋានត្រូវតែមានការប្រុងប្រយ័ត្ន កាលណាលោកទៅជួបជាមួយអ្នកជំងឺដោយមិនមានការពារខ្លួន ប្រយ័ត្នមានការឆ្លងទៅបុគ្គលដែលជួបនឹងអ្នកជំងឺ ទី២ លោកជំទាវថា ព័ត៌មានដែលចៅសង្កាត់បានសរសេរ និងចែកចាយនោះ សាកសួរចេញពីខាងណានោះទេ តើចម្លើយនេះជារបស់អ្នកជំងឺផ្ទាល់ ឬចម្លើយទទួលបានពីខាងណា? សំខាន់អាជ្ញាធរមូលដ្ឋានត្រូវមានភាពជាក់លាក់ ប្រសិនបើមានហេតុការណ៍អី ត្រូវជជែកសួរនាំជាមួយមន្ទីរសុខាភិបាលខេត្តកណ្តាល ដើម្បីបញ្ជាក់អំពីព័ត៌មានដែលទទួលបាន។