ប្រធានក្រុមអ្នកជំនាញជំងឺប្រព័ន្ធផ្លូវដង្ហើមរបស់រដ្ឋាភិបាលចិន លោក ចុង ណានឆាន បាននិយាយនៅថ្ងៃចន្ទនេះថា ជំងឺផ្លូវដង្ហើមថ្មី (new coronavirus)ដែលកំពុងផ្ទុះឡើងនេះគឺបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ហើយ។ ករណីនេះកើតឡើងចំពោះអ្នកជំងឺពីរនាក់ដែលរស់នៅខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនដែលបានឆ្លងជំងឺនេះពីសមាជិកគ្រួសាររបស់ពួកគេ។
អ្នកជំនាញក៏បានរកឃើញដែរថាបុគ្គលិកផ្នែកសុខាភិបាលខ្លះក៏មានឆ្លងវីរុសនេះផងដែរក្រោយការធ្វើតេស្ត នេះបើយោងតាមកាសែត China Daily ជាភាសាអង់គ្លេស។
ការឆ្លងពីមនុស្សទៅមនុស្សនេះ គេជឿថានឹងធ្វើឲ្យការចម្លងកាន់តែលឿននិងកាន់តែរាលដាលធំឡើងៗ ហើយអ្នកជំនាញក៏ជឿដែរថាការចម្លងគឺចាប់ផ្ដើមឡើងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅទីផ្សារលក់អាហារស្រស់ដែលជាទីប្រជុំជន ស្ថិតនៅទីក្រុង វូហាន ភាគកណ្ដាលប្រទេសចិន។
លោកចុង ណានឆាន ក៏បានបន្តទៀតថា ចំពោះករណីមនុស្សពីរនាក់ដែលឆ្លងជំងឺនៅខេត្តក្វាងទុងនោះ គឺពួកគេមិនដែលបានទៅទីក្រុងវូហានឡើយ ប៉ុន្តែសមាជិក គ្រួសាររបស់ពួកគេទើបនឹងត្រលប់មកពីទីក្រុងនោះ។
លោកប្រធានាធិបតីចិន លោក ស៊ី ជីងពីង បានលើកឡើងនៅថ្ងៃចន្ទម្សិលមិញនេះថា “ករណីនេះជាករណីត្រូវប្រុងប្រយ័ត្នខ្លាំង” ហើយនិងត្រូវធ្វើរាល់សកម្មភាពដែលធ្វើទៅបាន ប្រឆាំងនឹងជំងឺផ្លូវដង្ហើមថ្មីនេះ ដែលបានឆ្លងទៅលើមនុស្ស ២១៧នាក់រួចទៅហើយនៅក្នុងប្រទេស ហើយនឹងកំពុងតែកើនឡើង រួមទាំងករណីដំបូងដែលកើតឡើងក្នុងរដ្ឋធានី ប៉េកាំង ទៀតផង។
ការលើកឡើងនេះ គឺធ្វើឡើងស្របនឹងពេលឈប់សម្រាកចូលឆ្នាំចិន ឈានជិតចូលមកដល់ដែលជាពេលប្រជាជនត្រៀមធ្វើដំណើរយ៉ាងកកកុញ។ លោកប្រធានាធិបតីក៏បានបន្តទៀតថា ត្រូវយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្ទុះឡើងជំងឺថ្មីនេះនៅទីក្រុងវូហាន និងនៅតំបន់ផ្សេងទៀត ហើយរាល់ភាគីពាក់ព័ន្ធ និងរាល់ស្ថាប័នក្នុងរដ្ឋាភិបាលគ្រប់កម្រិត ត្រូវយកចិត្តទុកដាក់លើជីវិត និងសុខភាពប្រជាជនជារឿងចម្បង និងត្រូវប្រាកដថាប្រជាជនអាចរីករាយនៅថ្ងៃបុណ្យនិងឈប់សម្រាកនេះបាន។
អាជ្ញាធរ សុខាភិបាលនៅទីក្រុងវូហាន ដែលជាកន្លែងផ្ទុះជំងឺនេះដំបូងបាននិយាយថា នៅពេលផ្ទុះដំបូង គឺមានករណីតែ១៣៦ករណីប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះ គឺមានការឡើងដល់ទៅ ១៩៨ករណី ហើយកាលពីចុងសប្ដាហ៍កន្លងទៅនេះ គឺមានអ្នកជំងឺទីបីហើយដែលបានបាត់បង់ជីវិត។
គេបានរកឃើញមាន ប្រាំករណីកើតមាននៅទីក្រុងប៉េកាំង និង១៤ករណីផ្សេងទៀតកើតមាននៅភាគខាងត្បូងប្រទេសចិន ស្ថិតក្នុងខេត្តក្វាងទុង ដែលទើបនឹងរាយការណ៍ឡើងនៅល្ងាចថ្ងៃចន្ទនេះ ហើយនៅមាន៧ករណីផ្សេង ទៀតគឺកើតមានឡើងនៅតំបន់ផ្សេងៗទៀតក្នុងប្រទេសចិន រួមមាន ខេត្តស៊ីឈួននិង យូណាន ដែលស្ថិតនៅភាគពាយ័ព្យប្រទេស និងនៅទីក្រុងសៀងហៃ។
គួរបញ្ជាក់ដែរថា នៅប្រទេសផ្សេងទៀតដែលប្រជាជនចិនធ្វើដំណើរឆ្លងកាត់ អំឡុងពេលចូលឆ្នាំចិននេះ ក៏ឃើញមានផ្ទុះករណីថ្មីៗផងដែរ។ អាជ្ញាធរប្រទេសថៃ និងប្រទេសជប៉ុន ទើបរកឃើញយ៉ាងតិច ៣ករណី ជំងឺនេះ ដែលកើតឡើងចំពោះអ្នកដំណើរដែលមកពីប្រទេសចិន។ ឯនៅប្រទេសកូរ៉េខាងត្បូងវិញ ទើបរកឃើញករណីដំបូងនៅថ្ងៃចន្ទនេះ ដែលអ្នកជំងឺជាស្ត្រី ជនជាតិចិនវ័យ៣៥ឆ្នាំរកឃើញថាមានជំងឺផ្លូវដង្ហើមថ្មីនេះ មួយថ្ងៃបន្ទាប់ពីមកដល់ប្រលានយន្តហោះ អ៊ីនឈ័ននៅទីក្រុងសេអ៊ូល។
នៅពេលនេះស្ត្រីអ្នកជំងឺនោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅឯមន្ទីរពេទ្យរដ្ឋមួយនៅទីក្រុងអ៊ីនឈ័ន ដែលនៅភាគខាងលិចទីក្រុងសេអ៊ូលដើម្បីពិនិត្យតាមដាន។ គួររំលឹកដែរថាយ៉ាងហោចណាស់ ជាងពាក់កណ្ដាលប្រទេសស្ថិតក្នុងទ្វីបអាស៊ី និងប្រលានយន្តហោះបីរបស់សហរដ្ឋអាមេរិក បានចាប់ផ្ដើមពិនិត្យរាល់ប្រជាជនដែលធ្វើដំណើរមកពីផ្នែកកណ្ដាលនៃប្រទេសចិន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕