ហោរាសាស្រ្ត ប្រចាំថ្ងៃូ អង្គារ ទី ២ ខែ មីនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃទី ៤រោច ខែផល្គុន​ ឆ្នាំជូត ទោស័ក ពស២៥៦៤

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​ឆ្លង​ចូល​ខែ​នេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ​វិញ​។​ការរស់នៅ​នា​ថ្ងៃនេះ​ដែរ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ ណាត់ជួប​ចរចា​រឿង​ធំដុំ​ណាមួយ​ឡើយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហាលំបាក​មកវិញ​នាពេល​ក្រោយ​។​ទាំង​ស្ត្រី​បុរស​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​ចេះ​អត់ធ្មត់ និង រំងាប់​ចិត្ត​ឱ្យបាន​ត្រជាក់​ទើប​អាច​ទប់ទល់​ជាមួយ​បញ្ហា​ឧបទ្រព​យាយី​ទៅរួច​។​សម្រាប់​អ្នក ប្រកប របរ រកស៊ី​ជួញដូរ លោកអ្នក ចូរ​ចេះ​មាន ចិត្តត្រង់​ទៅ​ត្រង់​មក មិនត្រូវ​មើលឃើញ​តែ​ផលប្រយោជន៍​នោះដែរ ។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​គប្បី​មានការ​ប្រយ័ត្នប្រយែង​កុំ​បង្ក​តែ​ទំនាស់​ចំពោះ​គ្នា​នាំឱ្យ​កើត​តែ​ជម្លោះ​វិវាទ​រក​ភាព​ផ្អែមល្ហែម​ពុំ​សូវ​ឃើញ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​សម្រាប់​ស្ត្រី ត្រូវ​ព្យាយាម និង ពិសេស​បើ​មាន​បញ្ហា ឧបសគ្គ ចំពោះមុខ​ត្រូវ​អត់ធ្មត់ តស៊ូ ទើប​គ្មាន​ជួប​ពាក្យ​ថា​សោកស្តាយ​ឬ​ខកបំណង​នាគ្រា​ខាងមុខ​។​ការប្រកប​ការងារ​មិនត្រូវ​ភ្លេច​ការខិតខំ និង​ជួយ​កិច្ចការងារ​អ្នកដទៃ​ខ្លះ​នោះ​ផល​លំបាក​មិន​ងាយ​ជួប​នា​ថ្ងៃ​ខាងមុខ​ឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​ទាស់ខុស​អ្វី​ទេ​គឺ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូច​ជាទី​គាប់ចិត្ត ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ទីតាំង និង​ស្ថានភាព​ឱ្យ​ស្រូល​បួល​ទើប​មិនត្រូវ​ជួប​រឿង​ផល​អាក្រក់​ឬ​ត្រូវ​ខាត​ឡុងចុង​នៅពេល​ណាមួយ​មកវិញ​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ និង​បើ​មាន​ជម្លោះ​វិវាទ ហើយ​ចង់​ផ្សះផ្សា​ជា​ពេលវេលា​ល្អ​បំផុត​៕

​ឆ្នាំខាល​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ខ្លា​នា​សប្តាហ៍​នេះ​ដំណើរ​ជីវិត​មាន​ភាពល្អប្រសើរ​បន្តិច​វិញ​ដោយសារ​ថា​ថ្ងៃ​ដួង​រាសី​ឡើង​ខ្ពស់​នោះ​មាន​ច្រើនជាង​ថ្ងៃ​រាសី​ស្រុតចុះ​។​ហេតុនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​ភ្លឹ​ថ្លា និង​មានជោគ មានជ័យ​។​នៅក្នុង​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិន​គប្បី​ចាប់កំហុស ឬ​រិះគន់​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំកួន ហើយ​ជះ​ផល​លំបាក​ដល់​អាត្មា​ខ្លួន​នាពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង ហើយ​លោកអ្នក​ពុំមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ទ្រព្យ​ពិតជា​កើតឡើង​ទៀត​ពុំខាន​។​ការធ្វើដំណើរ​ទៅ​ទិសឦសាន​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​ថែមទៀត ៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​នៅតែ​អាចធ្វើ​អ្វី​បាន​ផងដែរ គ្រាន់​តែមាន​ភាព​ប្រទាំង​ប្រទើស និង​បញ្ហា​ច្រើន​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​លោក​អ្នក​ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​ច្រើន​បន្តិច ដូចនេះ​បើទោះបី​ធ្វើ អ្វី​ក៏ដោយ​ត្រូវធ្វើ​សន្សឹមៗ​បាន​ហើយ​បើ​ពុំនោះ​ផល​លំបាក​អាច​នឹង​ចូល​យាយី​ពិបាក​ក្នុងការ​ទប់ទល់​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ដំណើរការ​ទៅមុខ​បាន​ស្រួល​ទេ​គឺជា​រឿយៗ​តែង​កើតមាន​ភាព​រកាំរកូស​ជាប់​ជានិច្ច​។​ដូច្នេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​បើ​ពុំ​ដោះស្រាយ​ទៅតាម​ការអត់ធ្មត់​ទេវា​នឹង​បង្ក​ជា​ផល​លំបាក​នៅពេល​ខាងមុខ​វិញ​ពុំខាន​។​ ​ការធ្វើដំណើរ​គ្រប់ទិសទី​ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​ រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មួយចំនួន​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​សោះឡើយ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។​តាម​ក្បួន​ហោរាសាស្ត្រ​ហើយ​បញ្ជាក់ថា​ក្នុង​សប្តាហ៍​នេះ​ ​សម្រាប់​ដំណើរ​ជីវិត​របស់​បុរស​កើត​ឆ្នាំរោង មាន​ភាព​ភ្លឹ​ថ្លា​ដោយ​ពុំមាន​អ្វី​ចូល​បៀតបៀន​យាយី​នាំ​ជួប​ការលំបាក​ច្រើន​នោះឡើយ​។​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​ដំណើរ​ជីវិត​ផ្ទុយ​ពី​បុរស ម្ល៉ោះហើយ​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍ និង ចេះ​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​ប្រសើរ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​មាន​ភាពរលូន​គ្រាន់​គាប់ប្រសើរ ហើយ​បើ​មាន​កិច្ចការងារ​ថ្មីៗ​ផង​តែង​ទទួលជោគជ័យ​ផងដែរ​។​លោកអ្នក​អាច​ប្រកបការងារ​ពេញដៃពេញជើង ហើយ​ពិសេស​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផង​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការរៀប​អាពាហ៍ពិពាហ៍​បំផុត​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកនា​ពេលនេះ​ចាប់ផ្តើម​ភ្លឺ​ថ្លា​ជាង​ខែ​កន្លងមក ហើយ​ធ្វើ​អ្វី​ឃើញថា​ហុច​ផល​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​ដែរ​។​បើ​លោក​អ្នកមាន​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ក៏​តែង​ឆាប់​ចុះសម្រុង​គ្នា​និង​ទទួលជោគជ័យ​ច្រើន​ផង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​ គូគ្រង​ប្តី​ប្រពន្ធ​និង​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ ហើយ​បើ​លោកអ្នក​មានទំនាស់​ទាស់​ទែង​គ្នា​ជា​ពេលវេលា​ល្អ​បំផុត​ក្នុងការ​ដោះស្រាយ​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ពេលនេះ​ងាយ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ណាស់​ប្រយ័ត្ន​ជាប់ផុង​ខ្លួន​ហើយ​ក្រែង​ដក​ពុំរួច​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​តែង​លេច​បាតុភាព​រាំងស្ទះ​ជាពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​ប៉ុន្មាន​ឡើយ ៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​នោះ​តែងមាន​ការផ្លាស់ប្តូរ​ច្រើន ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ប្រមាថ​បានទេ​បើ​ពុំនោះ​ពេលខ្លះ​ផល​ល្អ​សោះ​អាច​ប្រែ​មក​អាក្រក់​វិញ​ផង​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​រឿង​រាវ​រត់​ចូល​ច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​បន្តិច​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅក្នុង​អំឡុង​ពេលនេះ​សម្រាប់​ស្ត្រី​កើត​ឆ្នាំ​ស្វា​បើ​លោកអ្នក​សម្រេចចិត្ត​ត្រូវ​មិន​ថ្វី​ទេ ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​នោះ​នាំមក​នូវ​ផល​លំបាក​ខ្លាំង​ចំពោះ​ខ្លួន​ជាក់​ជាពុំខាន​។​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​វិញ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ទេ ហើយ​បញ្ហាលំបាក​យាយី​ក៏​ច្រើន ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដូង​រាសី​ពុំសូវល្អ​ទេ​ដូចនេះ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។
​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​កុំ​បង្កជម្លោះ​ទើប​ឈានដល់​ខ្លោងទ្វារ​ពាហ៍ពិពាហ៍​៕

​ឆ្នាំរកា​
​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំមាន់​ក្នុងអំឡុង​ពេលនេះ​ដំណើរ​ជីវិត បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​បន្តិច​វិញ ហើយ​ការរស់នៅ​ក៏មាន​ភាពសប្បាយ​កាយ​សប្បាយចិត្ត​វិញ​ខ្លះ​។​ជាមួយគ្នា​លោកអ្នក​គប្បី​ធ្វើបុណ្យ​ដាក់​ទាន​ឱ្យ​កាន់តែ​ច្រើនជាង​នេះ​ក៏​ប្រសើរ​ផងដែរ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​ទៅមុខ​និង​ត្រជាក់ត្រជុំ​ប្រពៃ​៕

​ឆ្នាំច​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​កើតឡើង​មិនល្អ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ដូច​ពាក្យចាស់​ថា “​ភាព​ស៊យ​អាចជា​ន់​លើ​ស៊យ​”​ឡើងមក​បាន​។​ការប្រកប​ការងារ​លោក​អ្នក​អាចមាន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី ហើយ​បើ​ចេះ​អត់ធ្មត់​មិន​តបត​ដោយ​ចិត្ត​ត្រជាក់​នោះ​ក៏​ជាការ​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​សូវ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​នា​ខែមីនា​នេះ​គឺ​ដួង​រាសី​នៅតែ​ខ្ពស់ត្រដែត​ដដែល​ទេ ហេតុនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​គ្រាន់​គាប់ប្រសើរ​។​ថ្ងៃនេះ​ការប្រកប​ការងារ​វិញ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ចាប់កំហុស​ដោយ​ប្រការ​ណាមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕