ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ មីនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃទី ១៣រោច​ ខែផល្គុន ឆ្នាំជូត ពស២៥៦៤

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​កើតឡើង ឬ ស្ថិតនៅក្នុង​ស្ថានការណ៍​បែបណាក៏ដោយ​លោកអ្នក​ត្រូវ​រក្សា​ចិត្ត​នឹងធឹង និង ចិត្ត​ត្រជាក់​គ្រប់​រឿង​ទើប​ជាការ​ល្អ​បំផុត​។​ក្រៅពីនេះ​ការប្រកប​ការងារ​មិនត្រូវ​សម្រេចចិត្ត​រឿង​សំខាន់ ឬ ការងារ​បង្ខំ​បន្ទាន់​ណាមួយ​ឡើយ យក​ល្អ​ត្រូវ​គិត​ឱ្យបាន​លម្អិតលម្អន់​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​សកម្មភាព​គ្រាន់ រស់​រវើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ចេះ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់ដែរ​៕

​ឆ្នាំឆ្លូវ​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​ឃើញថា​លោកអ្នក​មានជោគ​សិរី​គួរសម ហើយ​មនុស្ស​ដែល​ប៉ង​អាក្រក់​ក៏​មិនអាច​ចូល​ចុះ​ដែរ ផ្ទុយទៅវិញ​មានតែ​ចាញ់​ប្រៀប​អ្នក​ថែមទៀត​។​ការប្រកប​ការងា​រវិ​ញ​បើ​មានការ​ពុះពារ​ឃើញថា​តែង​សម្រេច​ដល់​ចប់​ចុង​ដើម ហើយ ក៏​តែង​ឆ្លើយតប​ជា​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។​អ្នក​ប្រកប របរ​ជួញដូរ​បើ​មានការ​ប្រឹងប្រែង​ឃើញថា​ផល​កម្រៃ​អាច​ហុច​មកវិញ​គ្រាន់​ចិញ្ចឹម​គ្រួសារ​អញ្ចឹង​ដែរ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​សូម្បីតែ​ប្តី​ប្រពន្ធ ក្តី​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ផ្សះផ្សា​ឬ​ដោះស្រាយ​ជាមួយគ្នា​ហើយ​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​កើតរឿង​តប់​ប្រ​ម៉​ល់ និង មានរឿង​រាវ​ច្រើន​នាំឱ្យ​ល្អក់កករ​ផ្លូវចិត្ត​ផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​តែង​មិន​សម្រេច​ដូច​បំណង​តាម​ការប៉ង​ទុក​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តែង​កើតមាន​រឿង​រាវ​រកាំរកូស​ព្រោះ​តែមាន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​ច្រើន ដូចនេះ​បើ​មិនចេះ​ដោះស្រាយ​ទេ​ពេលខ្លះ​រឿង​រាវ​តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ថែមទៀត​។​ការធ្វើដំណើរ​ចាក​ចេញពីផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​ដោយ​ប្រការ​ណាមួយ ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ស្មុគស្មាញ​ហើយ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ដូចនេះ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ការ​ប្រកែប្រកាន់​ចេញ​ខ្លះ​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​
​រាសី​ស្រុតចុះ​។​នៅពេលនេះ​សម្រាប់​ស្ត្រី​កើត​ឆ្នាំ​ទន្សាយ​មិនអាច​ប្រកាន់​ចិត្ត​ឆេវឆាវ ឬ​ប៉ះ​មាត់​យក​មាត់​បានទេ ត្រូវ​រក្សា​ភាព​ចិត្ត​ត្រជាក់​ដោះស្រាយ​ដោយ​បញ្ញា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ក្រៅពីនេះ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោ​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​លោក​អ្នក​ទាល់តែ​ខិតខំ​ប្រឹងប្រែង​បន្តិច​ទើប​ផល​លំបាក​រត់ចេញ​ហើយ​ភាព​ភ្លឺ​ថ្លា​ដែលជា​ជ័យជំនះ​រត់​ចូល​ជំនួស​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ដោយ​ការរក​ផល​ចំណូល​តឹង​ឯ​ចំណាយ​ច្រើន​ធ្វើឱ្យ​លោកអ្នក​ទទួល​អ​ម្រែ​ក​ធ្ងន់ ម្ល៉ោះហើយ​ត្រូវ​ចេះ​ចាយវាយ​ក្បិតក្បៀត​បន្តិច​ដើម្បី​ចៀសវាង​នូវ​វិបត្តិ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ចោទឡើង​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ឃើញថា​ទៅមុខ​លែងរួច​បន្តទៅ​ទៀតហើយ​និង​លោកអ្នក​ចង់​បញ្ចប់​ចំណងស្នេហា​នេះ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​សម្រាប់​ស្ត្រី​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ជា​រឿង​រាវ​ឈានដល់​បង្ក​របួសស្នាម​ដល់​រាងកាយ​ទាំង​មនុស្ស​នៅក្បែរ​ខ្លួន ឬ​សូម្បីតែ​អ្នក​មកពី​ចម្ងាយ​ក្តី​។​ក្នុង​ពេលនេះ​ការប្រកប​ការងារ​លោក​អ្នក​ទទួលរង​ការ​ហត់នឿយ​ច្រើន ហើយ​ការងារ​ទាល់តែ​ខិតខំ​ពុះពារ​បន្តិច​ទើប​ផល​ល្អៗ​ហុច​ឱ្យ​គ្រាន់​ជាទី​ពេញចិត្ត​ទៅរួច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​វ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយ​កម្លាំងកាយ​ចិត្ត​ស្ទើរ​ស្លាប់​តែ​នៅ​ផ្គាប់ចិត្ត​គេ​មិនត្រូវ​ថែមទៀត​៕

​ឆ្នាំម្សាញ់់​
​រាសី​ស្រុតចុះ​។​សម្រាប់​ស្ត្រី​កើត​ឆ្នាំម្សាញ់​លោកអ្នក​នៅតែ​ទទួលរង​ការនឿយហត់ និង​ពិសេស​អារម្មណ៍​នោះ​ក៏​ជួប​បញ្ហា​មួហ្មង​ច្រើន​ដែរ​។​ហេតុនេះ​ត្រូវ​រក្សា​ភាព​អត់ធ្មត់​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ចូល​យាយី​កើត​។​ការប្រកប​ការងារ បើ​ចង់​សម្រេចចិត្ត​អ្វីមួយ​ឬ​ធ្វើ​អ្វីមួយ​មានការ​ប្រយ័ត្នប្រយែង​នោះ​ក៏​មិន​មានរឿង​មិនល្អ​ចូល​យាយី​នាំ​ដំបៅចិត្ត​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​បន្តិច​វិញ ម្ល៉ោះហើយ​រាល់​ឧបទ្រពចង្រៃ​ដែល​ប៉ង​យាយី​ក៏បាន​រលត់រលាយ​ចាកចេញ​ឆ្ងាយ ហើយ​ផល​ល្អៗ​បាន​រត់​ចូលមក​ជំនួស​វិញ​។​ការប្រកប​ការងារ​លោក​អ្នក​អាច​ប្រកប​កិច្ចការ​ធំៗ​ឬ​រឿង​សំខាន់​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​ល្អៗ​នោះ​ឃើញថា​នឹង​ឆ្លើយតប​ច្រើន​នៅពេល​ក្រោយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ជាង​មុន ហើយ​ពិសេស​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​ក្នុង​ការទារ​ហើយ​ព្រោះ​ច្រើនតែ​សម្រេច​ដូច​គាប់​បំណង​មួយចំនួន​មកវិញ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម ហើយ​ចង់ទៅ​កាន់​ទីណា​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​ស្វាគមន៍​រាក់ទាក់​ផង​។​ការប្រកប​ការងារ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ច្រើន​ដែរ​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ពិសេស​ទាំង​នៅផ្ទះ​សម្បែង ឬ ចាកចេញ​ក្រៅ​ផ្ទះ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ភាព​រកាំរកូស​ច្រើន​បន្តិច​តែ​យ៉ាងណា​ការបំពេញ​ការងារ បើ​មានការ​ពុះពារ​នោះ​ក៏​តែងមាន​ការរីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥត​ថយក្រោយ​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​ធ្វើ​អ្វីមួយ​ដោយ​ក្តី​តក់ក្រហល់​ឡើយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ដាក់ទុន​ទៅហើយ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​នៅពេល​ក្រោយ​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គួរសម​តែ​យ៉ាងណា​ជម្លោះ​ពាក្យសម្តី​នោះ​ក៏​ងាយ​ផ្ទុះ​ណាស់​ផង​៕
​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​បើ​មាន​បញ្ហា​អ្វី​ក៏ដោយ​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បានល្អ​មិនត្រូវ​ឆេវឆាវ​គ្មាន​ហេតុផល ប្រយ័ត្ន​ខ្លួនឯង​ត្រូវ​សោះ​ទីបំផុត​ក្លាយជា​អ្នកមាន​កំហុស​ទៅវិញ​។​ការបំពេញ​ការងារ​នៅពេលនេះ​វិញ​លោកអ្នក​គប្បី​ប្រយ័ត្ន​ចៅហ្វាយនាយ​បន្តិច​ព្រោះ​ងាយ​ធ្វើឱ្យ​លោកអ្នក​ជួប​បញ្ហាលំបាក​ក្នុង​រឿង​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ទាំង មនុស្ស​នៅក្បែរ​ខ្លួន​ឬ​ពី​ចម្ងាយ​ក្តី​។​ក្រៅពីនេះ​បើ​លោកអ្នក​រង់ចាំ​ដំណឹង​ល្អ​អ្វីមួយ​ក៏​អាច​ទទួល​ជា​ផ្លែផ្កា​នៅថ្ងៃនេះ​ផងដែរ​។​ដំណើរ​ជីវិត​គាប់ប្រសើរ​ប្រពៃ​ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​សំខាន់​ឬ​ការងារ​ធំដុំ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ហើយ​ចង់​ស្វែងរក​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​តែ​យ៉ាងណា​ស្ត្រី​ប្រយ័ត្ន​ព្រាននារី​ក៏មាន​តាម​ជាប់​ច្រើន​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​បើ​មាន​គម្រោង​ចង់​ធ្វើ​អ្វីមួយ​ឬ​សម្រេចចិត្ត អ្វី​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ព្រោះ​ងាយ​រងគ្រោះ​ដោយសារ​ក្រុមមនុស្ស​បៀតបៀន​យាយី​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​ល្អ​តែ​ក៏​ងាយ​ថយក្រោយ​ណាស់ដែរ​គួរ​ប្រយ័ត្នប្រយែង​៕