ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ០៥ ខែ មិថុនា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​កើត​ឆ្នាំ​កណ្តុរ​នៅ​ខែមិថុនា​នេះ​ត្រូវ​ចងចាំ​ថា​ជួប​នូវ​ដួង​រាសី​ខែ​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប និង មាន​បញ្ហា​ច្រើន ។​ក្នុង​ខែ​ថ្មី​នេះ​ស្ត្រី​ជួប​បញ្ហាលំបាក​ធ្ងន់​ជាង​បុរស ម្ល៉ោះហើយ​គប្បី​មានការ​អត់ធ្មត់ និង ប្រយ័ត្នប្រយែង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសា​ដួង​រាសី​ឡើង​ខ្ពស់ ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​បើ​ចង់​បណ្តាក់ទុន​រកស៊ី​ធំៗ​ត្រូវ​ចេះ​មើលមុខ​ក្រោយ​ឱ្យ​ស្រួលបួល​បើ​ពុំនោះ​នឹងត្រូវ​ខកបំណង​ក្នុង​រឿង​អ្វីមួយ​ជាក់​ជាពុំខាន​។​ ​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​គោ​ត្រូវ​ចងចាំ​ថា​អំឡុង​ខែ​នេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​អ្វីៗ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​គប្បី​មានការ​អត់ធ្មត់ និង​ប្រយ័ត្នប្រយែង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​រប​ស់លោក​អ្នក​មិនល្អ​ប្រសើរ​ទេ ហើយ​បើ​មានការ​សម្រេចចិត្ត​អ្វីមួយ​ខុស​នោះ​ពិតជា​ត្រូវ​ជួប​ស្ថាន​ភាពលំបាក​និង​មានការ​ប្រឈមមុខ​ខ្ពស់​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ជួប​ភាព​ប្រទាំង​ប្រទើស​ច្រើន ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ដោយសារ​ការប្រើ​ពាក្យ​ឌឺដង​ឬ​ការបង្ក​បញ្ហា​ចំពោះ​គ្នា​ណាមួយ​ឡើង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថយក្រោយ​ច្រើនជាង​ការ​ជឿនលឿន​ទៅមុខ​ដូច្នេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ធ្វើ​អ្វីមួយ​សំខាន់​ឡើយ​ពីព្រោះថា​ងាយ​ជះ​នូវ​ផល​មិនល្អ​ត្រឡប់មកវិញ​ណាស់​។​ការប្រកប​ការងារ​បើ​ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មើល​ឱ្យ​ច្បាស់ ហើយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​នាំ​ផល​លំបាក​ដាក់ខ្លួន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​ផងដែរ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​គ្រោះ​បាត់​របស់របរ​និង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។ ​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​ខ្វាយខ្វល់​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​ត្រូវ​ចងចាំ​ថា​នៅ​ខែមិថុនា​នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន នាំឱ្យ​មិន​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។​ថ្ងៃនេះ​ឃើញថា​បើ​ចង់​ធ្វើ់​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​អាច​ជួប​នូវ​រឿង​រាវ​ពី​ត្រូវ​មក​ខុស​វិញ​នោះ​ឃើញថា​មាន​អត្រា​ខ្ពស់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​វាយប្រហារ​និង​តាម​ប៉ង​យាយី​អាក្រក់​ដោយ​ប្រការ​ណាមួយ ហើយ​ចំណែក​បញ្ហា​ចំណូ​​ល​នោះ​ឃើញថា​មានការ​ចូល​ដោយ​តានតឹង​ណាស់ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​លោកអ្នក​ត្រូវមាន​ស្មារតី​ភ្ញាក់រលឹក​កុំ​ងប់ងុល​តែ​រឿង​ស្នេហា​ហើយ​ត្រូវ​រក​ពេល​រៀនសូត្រ​ឬ​បំពេញការងារ​វិញ​ទើប​ប្រសើរ​ទៅ​គ្រា​ខាងមុខ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់ លោកអ្នក ក្នុងការ​ដោះស្រាយ​បញ្ហា​នៅផ្ទះ​សម្បែង ឬ​ដោះស្រាយ​រឿង​រាវ​ទំនាស់​កាលពីមុន​មកឱ្យ​ដាច់ស្រេច​។​ការប្រកប​ការងារ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ឃើញថា​លទ្ធផល​បាន​ហូរ​ចូល​វិញ​ខ្លះៗ​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ជាង​មុន​ហើយ​ពិសេស​បើ​មាន​អតិថិជន​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​ក្នុង​ការទារ​បំផុត​ព្រោះ​ច្រើនតែ​សម្រេច​ដូច​គាប់​បំណង​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ស្វែងរក​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ម្សាញ់​នៅក្នុង​ខែមិថុនា​នេះ​បាន​ធ្លាក់​ស្រុតចុះ​ធ្វើឱ្យ​ជួប​ស្ថានភាព​លំបាក​និង​ជួប​នូវ​ឧបសគ្គ​ច្រើន​បន្តិច​នាំឱ្យ​ពិបាក​ច្រើន​ទាំង​ផ្នែក​ការរស់នៅ​និង​កិច្ចការងារ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដោះស្រាយ​បញ្ហា និង ចាត់ចែង​ការងារ​ចាស់​ថ្មី​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ អ្នក​កើត​ឆ្នាំ​សេះ​បើ​ចង់​សម្រេចចិត្ត​រឿង​អ្វីមួយ​សំខាន់​ត្រូវ​មើលមុខមើលក្រោយ​ឱ្យបាន​ច្បាស់លាស់ បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​សោកស្តាយ​ពេល​ក្រោយ​ជាក់​ជាពុំខាន​។​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​ការងារ​មាន​ភាព​លូតលាស់ និង ហុច​ជា​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​លាភ​ធ្លាប់តែ​បោល​ហួស​ឬ​ជួប​ភាព​តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល​ហើយ​បើ​មាន​ក្រុម​អតិថិជន​ជំពាក់​ប្រាក់កាស​គេ​អាច​យកមក​សង​វិញ​ទៀតផង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​ជា​គ្រូ​សារ​ហើយ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ពពែ​ឈានចូល ខែ មិថុនា​នេះ​អាច​សប្បាយចិត្ត បាន​ហើយពី​ព្រោះ​ជា​ខែ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​ដែល​ធ្លាប់តែ​តានតឹង​នោះ​អាច​ដកដង្ហើម​គ្រាន់​ស្រួលខ្លួន​ឡើងវិញ​ហើយ​។​ការបំពេញ​ការងារ​ចំពោះ​ស្ត្រី​ឱ្យ​ប្រយ័ត្ន​មោហៈ​ទោសៈ​នាំ​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម និង ជឿនលឿន​ទៅមុខ​ប្រពៃ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ឆ្លង​ចូល ខែ មិន​ថុ​នា ថ្មីៗ​នេះ ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវលើ​កំណាត់​ផ្លូវ​រដិបរដុប​វិញ ហេតុនេះ​គប្បី​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​ជាង​ខែ​កន្លងមក​។​ដោយឡែក​ថ្ងៃ​វិញ​នេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​បើ ចង់​ផ្លាស់ប្តូរ​ការងារ​ឬ​ទំនាក់ទំនង​ការងារ​ក៏​ជា​ពេលវេលា​ល្អ​ផងដែរ​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ចរចា​ការងារ​ឬ​លេង​ហ៊ុន​អ្វីមួយ​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​អ្វីមួយ​មិន​ភ័យព្រួយ​ឡើយ​ពីព្រោះ​លោកអ្នក​តែងមាន​ប្រៀប​ឬ​យ៉ាងហោចណាស់​ក៏​អា​ចរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឱ្យ​ចេះដឹង​ទុក្ខ​ធុ​រះ​គ្នា ហើយ​មិនត្រូវ​អាត្មានិយម​ឡើយ​បើ​ពុំ​នោះទេ​ផល​លំបាក​នឹង​ជួប​នៅពេល​ក្រោយ​ចៀស​មិន​រួច​ឡើយ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំមាន់​ក្នុង​ខែមិថុនា​នេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ការប្រែប្រួល​ទាំង​កិច្ចការងារ និង​ប្រាក់កាស​មួយចំនួន​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពិសេស​ពេលយប់​ព្រលប់​ប្រយ័ត្ន​ក្រុម​ជន​អន្ធពាល​តាម​លួច​ឆក់​ប្លន់​ដោយ​ប្រការ​ណាមួយ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​មិនល្អ​យាយី​នាំ​កើត​នូវ​រឿង​រាវ​ជម្លោះ​វិវាទ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រប់​ផង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​ដោះស្រាយ​ជម្លោះ​វិវាទ​ចូរ​ប្រយ័ត្ន​រឿង​តូច​រីក​ជាធំ​បន្ថែមទៀត​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំច​ឆ្លង​ចូល​ខែ​ថ្មី​ដែលជា​ខែមិថុនា​នេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ឡើងវិញ ហើយ​ចង់​ធ្វើ​អ្វី​ក៏​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​នៅថ្ងៃនេះ​យីអ៊ុន​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច​ម្ល៉ោះ ហើយ​ទោះ​ធ្វើ​អ្វីមួយ​ឃើញថា​មានការ​លំបាក​ដែរ​ពិសេស​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​ការធ្វើ​ជំនួញ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិន​ត្រូវយក​ប្រកែប្រកាន់​ឬ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​កើត​តែ​បញ្ហា​មិនចេះចប់​ប៉ុណ្ណោះ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​ក្នុង​ខែ​កន្លង​មកជួប​នូវ​បញ្ហា​ច្រើន​។​សម្រាប់​ឆ្លង​ចូល​ខែមិថុនា​នេះ​អ្វីៗ​ប្រែប្រួល​មក​ល្អប្រសើរ​និង​បញ្ហា​មួយចំនួន​បាន​ធូរស្បើយ ហើយ​រឿង​រាវ​ខ្លះ​ត្រឡប់​មកជា​ល្អ​វិញ​ទៀតផង​។​នៅថ្ងៃនេះ​បើ​ថ្វី​ត្បិត​លោកអ្នក​ជួប​ការលំបាក​នឹង​ការងារ​ក្តី ប៉ុន្តែ​មិនត្រូវ​អែអង់​ឡើយ​ពីព្រោះ​ផល​ល្អៗ​នឹង​ហុច​ឱ្យមក​វិញ​ដូច​ជាទី​ពេញចិត្ត​វិញ​មួយចំនួន​ពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។ រីឯ​បញ្ហា​សម្ព័ន្ធ ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ខ្វាយខ្វល់​និង​អស់សង្ឃឹម​មិនតិច​ដែរ​ទេ​៕