ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ សីហា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ៤កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥

ឆ្នាំជូត​

​ថ្ងៃនេះ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​ប្រាក់កាស និង​កិច្ចការ​តូចធំ​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខ ។​សម្រាប់​បញ្ហា​ការងារ​នៅថ្ងៃនេះ​វិញ​ឃើញថា មាន​ភាពរលូន​គ្រាន់​គាប់ប្រសើរ ពិសេស​បើ​មាន​កិច្ចការងារ​ថ្មីៗ​ផង​តែង​ទទួលជោគជ័យ​ផងដែរ​។​លោកអ្នក​អាច​ប្រកបការងារ​ពេញដៃពេញជើង ហើយ​ពិសេស​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​ផង​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ដែរ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​ហើយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ធ្លាក់​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​រក្សា​សេចក្តីសុខ និង​ពិសេស​បើ​មាន​បញ្ហា​អ្វី​កើតឡើង​ត្រូវ​ចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​មិនត្រូវ​តបត ជាមួយ​ក្រុមមនុស្ស​ខ្លះ​នាំ​រឿង​តូច​រីក​រាលដាល​ជាធំ​ឡើយ​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​តែង​លេច​បាតុភាព​រាំងស្ទះ​ជាពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​ប៉ុន្មាន​ឡើយ ៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ធ្វេសប្រហែស​ទៅលើ​បញ្ហា​សុខភាព​និង​បញ្ហា​របស់របរ​ពីព្រោះ​ងាយ​កើត​បញ្ហា​មិនល្អ​ឡើង​ជាង​សព្វមួយដង ។​ការប្រកប​ការងារ​មាន​ភាពជឿនលឿន​ទៅមុខ​តិចតួច តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​ សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​រឿង​រាវ​រត់​ចូល​ច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​បន្តិច​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​បញ្ហា​សៅហ្មង​ច្រើន​បន្តិច ហើយ​ពិសេស​ងាយ​ផ្ទុះ​កំហឹង​ជាមួយ​អ្នកដទៃ​ណាស់ ម្ល៉ោះហើយ​បើ​មិនចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​ទេ​បញ្ហា​ខ្លះ​ពិតជា​បង្ករឿង​រាវ​មក​ដាក់ខ្លួន​ហើយ​។​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​វិញ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ទេ ហើយ​បញ្ហាលំបាក​យាយី​ក៏​ច្រើន ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដូង​រាសី​ពុំសូវល្អ​ទេ​ដូចនេះ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​កុំ​បង្កជម្លោះ​ទើប​ឈានដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា គំនិត​ប្រាជ្ញា​ឈ្លាសវៃ ទោះ​មាន​បញ្ហា​អ្វីមួយ​ចូលមក​ក៏​អាច​ទប់ទល់ និង​ងាយ​ដោះស្រាយ​ចេញទៅ​វិញ​ដែរ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​ទៅមុខ​និង​ត្រជាក់ត្រជុំ​ប្រពៃ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​ចំណូល ចំណាយ ឱ្យបាន​ល្អិតល្អន់​បន្តិច​បើ​ពុំ​នោះទេ​ដោយសារ​ចំណូល​ទាប​ការចំណាយ​ខ្ពស់​នឹង​នាំនូវ​វិបត្តិ​ថវិការ​គ្រួសារ​ពុំខាន ។​ថ្ងៃនេះ​ការប្រកប​ការងារ​វិញ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ចាប់កំហុស​ដោយ​ប្រការ​ណាមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការធ្វើដំណើរ​ទៅណា​មក​ណា​ត្រូវ​ប្រយ័ត្នប្រយែង​បញ្ហា​សុ​វត្តិភាព​ជា​ចម្បង​ទាំង​បញ្ហា​សុខភាព​និង​បញ្ហា​ក្រុមមនុស្ស​បៀតបៀន​យាយី ។​នៅក្នុង​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​មិន​គប្បី​ចាប់កំហុស ឬ​រិះគន់​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំកួន ហើយ​ជះ​ផល​លំបាក​ដល់​អាត្មា​ខ្លួន​នាពេល​ក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង ហើយ​បើ​លោកអ្នក​ពុំមាន​ការគិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ទ្រព្យ​ពិតជា​កើតឡើង​ទៀត​ពុំខាន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​ថែមទៀត ៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​ខ្លាំង​។​ការរស់នៅ​នា​ថ្ងៃនេះ​ដែរ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ ណាត់ជួប​ចរចា​រឿង​ធំដុំ​ណាមួយ​ឡើយ​ពីព្រោះថា​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហាលំបាក​មកវិញ​នាពេល​ក្រោយ​។​ទាំង​ស្ត្រី​បុរស​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​ចេះ​អត់ធ្មត់ និង រំងាប់​ចិត្ត​ឱ្យបាន​ត្រជាក់​ទើប​អាច​ទប់ទល់​ជាមួយ​បញ្ហា​ឧបទ្រព​យាយី​ទៅរួច​។​សម្រាប់​អ្នក ប្រកប របរ រកស៊ី​ជួញដូរ លោកអ្នក ចូរ​ចេះ​មាន ចិត្តត្រង់​ទៅ​ត្រង់​មក មិនត្រូវ​មើលឃើញ​តែ​ផលប្រយោជន៍​នោះដែរ ។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​គប្បី​មានការ​ប្រយ័ត្នប្រយែង​កុំ​បង្ក​តែ​ទំនាស់​ចំពោះ​គ្នា​នាំឱ្យ​កើត​តែ​ជម្លោះ​វិវាទ​រក​ភាព​ផ្អែមល្ហែម​ពុំ​សូវ​ឃើញ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​អ្នក​កើត​ឆ្នាំ​ស្វា​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​ទំនាស់​កើតឡើង ហេតុនេះ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​ចេះ​សង្កត់ចិត្ត​ទប់​អារម្មណ៍​ពីព្រោះថា​នាំ​ជះ​ផល​មិនល្អ​នាពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​តែង​មាន​ក្រុមមនុស្ស​ចាំ​ជំទាស់​ឬ​ប៉ែង​ជើង​ដើម្បី​ផលប្រយោជន៍​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណេញ​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​អាចជួយ​កើត​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​គឺ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាប់ផ្តើម​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​នាពេល​ក្រោយ​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​បើ​លោកអ្នក​ទៅកាន់​ទីកន្លែង​ណាក៏ដោយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អ​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​រឿង​រាវ​អាក្រក់​ណាមួយ​នាំ​ពិបាក​ក្នុង​ដំណើរ​ជីវិត​ទៅ​ថ្ងៃក្រោយ​។​ការប្រកប​ការងារ​បើ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​អាណិត​ខ្លួនឯង​។​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំ​ជ្រូក​ក្នុង​សប្តាហ៍​នេះ​ត្រូវ​ចេះ​ពិចារណា​ឱ្យបាន​ល្អិតល្អន់​មុននឹង​សម្រេចចិត្ត​អ្វីមួយ​។​ចំពោះ​ការសម្រេចចិត្ត​អ្វីមួយ​បើ​ត្រូវ​គឹ​នឹង​ទទួលផល​ល្អ​តែបើ​សម្រេចចិត្ត​អ្វីមួយ​ខុស​គឺ​នឹង​ទទួលរង​ការឈឺចាប់​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ជួប​បញ្ហា​នឿយណាយ​និង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់ប្រសើរ​ទ្បើ​យ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្នានីស​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕