ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១៨ ខែ សីហា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ១០កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ លោកអ្នកកើតឆ្នាំកណ្តុរនៅសប្តាហ៍នេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរ និងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។លោកអ្នកតោងតែចងចាំថាក្នុងខែនេះដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយរាល់កិច្ចការតូចធំអាចសម្រុកបានហើយ កុំឱ្យខែល្អកន្លងផុតដោយឥតប្រយោជន៍។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារ និង ដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាសផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មី ឬ ប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំឆ្លូវ
រាសីធ្លាក់ស្រុតចុះ។នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នការទទួលរងការឈឺខ្លួន ឈឺប្រាណ ឬ ក៏បាត់បង់ប្រាក់កាសដោយប្រការណាមួយ។ការប្រកបការងារមានការតានតឹង និង ងាយទទួលរងគ្រោះដោយសារក្រុមមនុស្សទម្លាប់បញ្ហាមកឱ្យផង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទឈានដល់ការប្រកាប់ប្រចាក់គ្នាទៀតផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ជោគជតារាសីរបស់លោកអ្នកកើតឆ្នាំខ្លានៅខែសីហានេះទទួលរងផលលំបាកទាំងស្ត្រីបុរស។អ្នកខ្លះទទួលរងផលលំបាកទាំងផ្លូវកាយ និង ផ្លូវចិត្តផង។ដោយឡែកការប្រកបការងារ នៅថ្ងៃនេះវិញឃើញថា មានភាពរលូនទៅមុខ ហើយកិច្ចការតូចធំតែពុះពារបានសម្រេចជោគជ័យមកវិញផង ។អ្នកប្រកបរបររកស៊ីជួញដូរ បើលោកអ្នកចង់បោះទុនតូចធំ ឬ ចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ ហើយបើមានជម្លោះពេលនេះជាកាសល្អក្នុងការផ្សះផ្សារឡើងវិញផង ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។ក្នុងថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយមានជោគមានជ័យ ហើយតែងហុចផ្លែផ្កាមកវិញដូចជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងមានការចម្រើនលូតលាស់ទៅមុខជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះលោកអ្នកមិនគប្បីតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសឡើយដោយរក្សាសេចក្តីសុខវិញទើបប្រសើរ។ក្រៅពីនេះការប្រកបការងារក៏មិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ឬធំដុំពេកក្នុងថ្ងៃនេះដែរពីព្រោះថាផលអាក្រក់មានតាមជាប់ជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការរស់នៅចូរប្រយ័ត្នបញ្ហាបន្តិចបន្តួចក្នុងគ្រួសារ ឬ អ្នករស់នៅក្បែរគ្នាបង្កើតជាជម្លោះវិវាទណាមួយឡើង។ការប្រកបកិច្ចការងារឃើញថាពុំមានការជឿនលឿនប៉ុន្មានទេ ហើយអ្នកកើតឆ្នាំម្សាញ់មួយចំនួនថែមទាំងរងគ្រោះដោយសារអ្នកដទៃថែមទៀត ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់ចំណូលណាស់ដែរ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូស និង ភាពសៅហ្មង។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះ លោកអ្នកអាចទទួល ដំណឹងល្អឱ្យសប្បាយចិត្ត និង ពិសេស មានក្រុមមនុស្សជួយជ្រោមជ្រែងថែមទៀត។ការប្រកបការងារបើចង់ដោះស្រាយបញ្ហាតែងឆាប់ជ្រះស្រឡះ និង ពិសេសអាចទទួលផលប្រយោជន៍មកវិញផង។ចំណែកយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកប។ សេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំមមែ
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកធ្វើអ្វីជួបនូវកំណាត់ផ្លូវរដិបរដុបច្រើន ពិសេសងាយបង្កឱ្យមានកំហុសថែមទៀត។ការប្រកបការងារចូប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសណាមួយមកឱ្យនាំពិបាកដល់គ្រាក្រោយ.ចំពោះការចង់ប្រកបរបររកស៊ីថ្មីថ្មោងវិញលោកអ្នកត្រូវចេះត្រួតពិនិត្យស្ថានការណ៍និងមើលឱ្យស្រួលបួលបើពុំនោះប្រយ័ត្នការដាក់ដើមទៅហើយសូន្យឈឹងតែម្តង។ គូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីបីចូលមកឡូកឡំ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតមានភាពគាប់ប្រសើរ ហើយធ្វើអ្វីក៏មានការជឿនលឿនទៅមុខដែរ។ចំណែកការប្រកបការងារវិញមិនមានការជឿនលឿនទៅមុខប៉ុន្មានទេតែបើថយក្រោយវិញនោះក៏ឆាប់រហ័សណាស់ផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរ ប៉ុន្តែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។ សេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំរកា
រាសីស្រុតចុះ។ការរស់នៅតែងមានឧបសគ្គ និង រឿងរាវចូលមកយាយីច្រើន ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែង។ថ្ងៃនេះលោកអ្នកធ្វើអ្វីមួយគឺមិនងាយចាប់ដោយងាយឡើយ ហើយពិសេសធ្វើអ្វីមួយក៏មិនងាយឆាប់ចប់ដូចបំណងនោះដែរ ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចលោភលន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំកើតការរកាំចិត្តនិងមានភាពសៅហ្មងចំពោះគ្នាច្រើន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើមានបញ្ហាអ្វីគឺអ្នកដទៃមិនអាចធ្វើអ្វីលោកអ្នកបានស្រេចតែចិត្តទេ ពិសេសងាយទទួលផលលំបាកដោយសារអ្នកទៀតផង ។នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អៗសម្រាប់លោកអ្នកបំពេញកិច្ចការងារសំខាន់ៗពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ចផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីមានឧបសគ្គខ្លះៗចូលមកលុកលុយយាយីក្តី តែយ៉ាងណាប្រាក់កម្រៃមិនថាទីជិតឆ្ងាយមានហូរចូលខ្លះៗគ្រាន់ជាការដោះស្រាយចាយវាយសម្រាប់គ្រួសារ។ សេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងនរណាម្នាក់មកធ្វើគូគាប់ជាពេលវេលាល្អក្នុងការភ្ជាប់ចំណងនេះហើយ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅខែនេះដួងរាសីរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសតែងមានក្រុមមនុស្សតាមចាប់កំហុស និងមើលបំណាំងច្រើន ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ទោះបីយ៉ាងណាការប្រកបការងារលោកអ្នកទទួលផលប៉ះទង្គិចបន្តិចបន្តួចយាយីម្ល៉ោះហើយបើចង់ធ្វើអ្វីគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់កើតឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។ សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕