ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ២៧ ខែ សីហា ឆ្នាំ ២០២១ ត្រូវនឹងថ្ងៃ៤រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីធ្លាក់ស្រុតចុះ។ការរស់នៅលោកអ្នកតោងតែចងចាំពាក្យចាស់ថា”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន”ទុកក្នុងខ្លួនពីព្រោះថាគ្មានអ្វីដែលមានតម្លៃស្មើសេចក្តីសុខនោះឡើយ។ការប្រកបការងារទោះជាមានបញ្ហាអ្វីក៏ដោយលោកអ្នកត្រូវធ្វើចិត្តឱ្យត្រជាក់ ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយទើបជាការប្រពៃបំផុត។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយនិងនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ថ្ងៃនេះមានបញ្ហាខ្លះៗចូលយាយី ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងទើបពុំមានរឿងរាវអាក្រក់ កើតមានឡើង។ការប្រកបការងារតែងលេចចេញនូវបាតុភាពមិនល្អ និងមានការរិះគន់ពីអ្នកដទៃផងដូចនេះគប្បីអត់ធ្មត់។អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំរកូសនិងមិនសូវចេះអត់ឱនឱ្យគ្នាទេ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ លោកអ្នកកើតឆ្នាំខ្លានៅពេលនេះជិតឆ្លងផុតដួងរាសីស្រុតចុះខ្លាំងហើយ។នៅក្នុងអំឡុងពេលនេះដែរលោកអ្នកនៅជួបនូវព្យុះបញ្ហាទាំងផ្លូវកាយ និង ផ្លូវចិត្ត។បញ្ហាការងារនិងប្រាក់កាសមិនចោទជាបញ្ហាទេនិងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចសម្រុកធ្វើអ្វីមួយបានហើយ ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់គាប់ដូចបំណង។ការប្រកបការងារលោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់និងលើកសរសើរថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំរោង
រាសីស្រុតចុះ។ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តីទាំងខ្លួនឯង និង អ្នកដទៃ។ក្រៅពីនេះ លោកអ្នក ត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។ដោយឡែកសម្រាប់កិច្ចការងារតូចធំក៏តែងពុំសម្រេចដូចក្តីបំណងប៉ងទុកនោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។
សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំង ម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះអ្នកកើតឆ្នាំម្សាញ់ឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងរាវទាស់ទែងជាមួយអ្នកដទៃដោយប្រការណាមួយ។ការប្រកបការងារមានទាំងរឿងរាវល្អ និង អាក្រក់នៅលាយឡំគ្នាដែលធ្វើឱ្យលោកអ្នកមានទាំងរឿងរាវសប្បាយចិត្តនិងរឿងរាវទុកក្ខលំបាកតែងកើតឡើងទន្ទឹមគ្នា។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទីបីចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ថ្ងៃនេះរាល់ឧបទ្រពចង្រៃមិនមកយាយីនាំជួបការលំបាកទៀតទេ ហើយដំណើរជីវិតក៏មានភាពរលូនល្អគួរសមឡើងវិញ។ការប្រកបការងារឃើញថាបើលោកអ្នកចង់ជួបចរចាឬនិយាយអ្វីមួយដែលជារឿងសំខាន់ជាមួយចៅហ្វាយនាយឬធ្វើអ្វីមួយតែងហុចផលល្អជាងអាក្រក់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្តអញ្ចឹងដែរ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អណាស់៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬទំនាក់ទំនង អ្វីមួយពីព្រោះថាផ្តល់ផលល្អដូចសព្វមួយដង។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារសំខាន់ឬភារៈធំៗពីព្រោះថាតែងឆ្លើយតនូវផ្លែផ្កាគ្រាន់គាប់ដូចបំណង ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និង អាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណះទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំអាពាហ៍ពិពាហ៍បំផុត៕
ឆ្នាំវក
រាសីល្អជាមធ្យម។ការរស់នៅមិនមានអ្វីប្រទាំងប្រទើសគួរកត់សម្គាល់ទេ ហើយបើមានការប្រយ័ត្នប្រយែងនោះដំណើរជីវិតមានភាពរលូនល្អដូចសព្វមួយដង។នៅថ្ងៃនេះការប្រកបការងារ របស់លោកអ្នកគាប់ប្រសើរគួរសម ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។
អ្នកប្រកបរបររកស៊ីជួញដូរ បើចង់សាកល្បងជួញឆ្ងាយក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។
គូស្វាមីភរិយាមានភាពល្អូកល្អិនល្អគួរសម និងមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ថ្ងៃនេះទោះបីធ្វើអ្វីក៏ដោយ លោកអ្នក មិនត្រូវមានក្តីសង្ឃឹមឱ្យខ្លាំងក្លាពេកដែរ ព្រោះថាផលអាក្រក់ៗនោះក៏មានតាមជាប់មួយចំនួនដែលត្រូវពិបាកឆ្លងកាត់ផង។ក្នុងពេលនេះដែរលោកអ្នកកើតមានបញ្ហាក្នុងដំណើរជីវិតបន្តិចពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើន តែយ៉ាងណាក៏មិនជួបព្យុះភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។
សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ វិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យមានការប្រែប្រួលទាំងខាងអារម្មណ៍ និងកិច្ចការងារមួយចំនួន។ការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយអាចសម្រុកបានហើយ ពីព្រោះថាឆ្លងដល់ខែកញ្ញាខាងមុខនៅមានកិច្ចការងារច្រើនទៀតកំពុងរង់ចាំំ។បើលោកអ្នកមានការសម្រុកការងារទោះតូចធំបានពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។
រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕