ហោរាសាស្រ្ត ប្រចាំថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំកណ្តុរពេលវេលាល្អរបស់លោកអ្នកនៅថ្ងៃនេះគឺម៉ោង ៧,០០-៨,៥៩វិនាទីព្រឹក និង ពេលវេលាមិនល្អវិញគឺម៉ោង១១,០០-១២,៥៩វិនាទីព្រឹក។នៅម៉ោងនេះគប្បីប្រយ័ត្នប្រយែងពីព្រោះថាស្ថិតនៅខែដួងរាសីធ្លាក់ស្រុតចុះ ឱកាសបាត់បង់មានច្រើនជាងជោគជ័យ។ថ្ងៃនេះទោះលោកអ្នកធ្វើអ្វីមួយមិនគប្បីមានការលោភលន់នោះទេ បើពុំដូច្នេះប្រាកដជាជួបផលលំបាកអ្វីមួយច្រើនត្រឡប់មកវិញពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញហើយការជួញឆ្ងាយទៀតសោតក៏តែងហុចផលកម្រៃជាងការជួញជិតជានិច្ច។ គូរស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីចូលមកឡូកឡំ៕
ឆ្នាំឆ្លូវ
រាសីធ្លាក់ស្រុតចុះ។នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នទទួលរងការឈឺខ្លួនប្រាណនិងការបាត់បង់ប្រាក់កាសដោយប្រការណាមួយ ។លោកអ្នកត្រូវចេះប្រយ័ត្នប្រយែងពីព្រោះថាការសម្រេចចិត្តអ្វីមួយហាក់ជំរុញឱ្យយើងដើរផ្លូវខុសច្រើន។ការប្រកបការងារនៅថ្ងៃនេះតែងមានការរាំងស្ទះនិងពិសេសឱ្យប្រយ័ត្នបញ្ហាខ្លះនាំប៉ះពាល់អូសបន្លាយពេលដល់ខែក្រោយថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។ សេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ការរស់នៅដំណើរជីវិត ហាក់មានភាពរឹងមាំ ហើយបើចង់ពឹងពាក់អ្នកតូច អ្នកធំគេតែងអាណិតស្រឡាញ់ និងជួយជ្រោមជ្រែង។ការប្រកបការងារបើទោះបីអ្នកខ្លះសុខកាយបន្តិចពិតមែន ប៉ុន្តែបញ្ហារឿងរាវចាស់ថ្មីតែងចូលមកកកូរផ្លូវចិត្តមួយចំនួនផងដែរ។អ្នកជំនួញក្នុងថ្ងៃនេះដែរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយល្អប្រពៃ៕
ឆ្នាំថោះ
រាសីធ្លាក់ស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ហេតុនេះស្ត្រីមេផ្ទះចូរប្រយ័ត្នកូនចៅតូចៗឬមនុស្សចាស់ធ្លាក់ខ្លួនឈឺដោយប្រការណាមួយពិសេសឱ្យប្រយ័តុ្នបញ្ហាចំណីចំណុកតែម្តង។ការប្រកបកិច្ចការងារអ្វីត្រូវចេះមើលមុខមើលក្រោយព្រោះងាយខូចខាត និង បាត់បង់ក្នុងរឿងអ្វីមួយណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឲ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវ៉ាចាប់តែអាធំ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញជានិច្ច។នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់ជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។ រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើសហើយក៏ងាយផ្អែមល្ហែមផងដែរ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឈឺខ្លួនប្រាណ ឬការបាត់បង់ប្រាក់កាសដោយប្រការណាមួយ។ការប្រកបការងារឱ្យប្រយ័ត្នការចាញ់ប្រៀបគេនិងបង្កជាជម្លោះវិវាទកើតឡើង។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខជាសន្សឹមៗឥតថយក្រោយទេ តែយ៉ាងណាបើលោកអ្នកចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឱ្យប្រយ័ត្នបន្តិចព្រោះងាយខាតបង់និងចាញ់បោកគេណាស់។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហេតុនេះសេចក្តីប៉ងប្រាថ្នាឬចង់ពឹងពាក់នរណាក៏តែងសម្រេចជោគជ័យ។ការប្រកបការងារវិញបើមានទំនាក់ទំនងចរចាតែងអាចសម្រេចដល់គោលដៅនិងមិនដូច្នេះក៏គេឆ្លើយតបគ្រាន់មានក្តីសង្ឃឹមជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បញ្ចេញថវិការ ឬ ទិញរបស់អ្វីមួយទុកក៏តែងទទួលផលមកវិញគ្រាន់កក់ក្តៅ។ សម្ព័ន្ធស្នេហាកំលោះក្រមុំទោះបីពេលនេះជួបនូវឧបសគ្គរារាំង ប៉ុន្តែចំណងស្នេហានៅតែផ្អែមល្ហែមពុំមានការងាករេឡើយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះ ជាពិសេសមុនចុះហត្ថលេខា ឬសន្យាអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានម៉ត់ចត់ពីព្រោះថាងាយជួបនូវបញ្ហាខាតប្រយោជន៍ច្រើនជាងទទួលផលប្រយោជន៍។ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ច្រើន៕
ឆ្នាំវក
រាសីស្រុតចុះ។ ក្នុងពេលនេះលោកអ្នកទទួលរងសម្ពាធផ្លូវចិត្តច្រើនបន្តិច ហើយបញ្ហាក្នុងគ្រួសារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយជួបនូវបញ្ហារាំងស្ទះនិងពិសេសងាយកើតបញ្ហាជាមួយអ្នកដទៃណាស់។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ការរស់នៅក្នុងគ្រួសារឆាប់មានរឿងប្រេះឆាណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបល្អប្រពៃបំផុត។ថ្ងៃនេះដែរកិច្ចការងារបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។ សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ ឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកអាចឆ្លងកាត់លើកំណាត់ផ្លូវរលូនល្អច្រើន ហើយបើចង់ប្រាថ្នាអ្វីមួយតែងសម្រេចជោគជ័យត្រឡប់មកវិញ។ការប្រកបការងារមានភាពល្អប្រសើរ ហើយធ្វើអ្វីតែងមានក្រុមមនុស្សជួយថែរក្សាការពារ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹក ផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ក្នុងរយៈពេលនេះដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលអស់រលីងនោះធ្វើឱ្យលោកអ្នកមានជោគសិរីគ្រាន់គាប់ប្រសើរ។ការប្រកបការងារមានភាពជឿនលឿន និង ការចុះសម្រុងគ្នាឃើញថាច្រើនគួរសម។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕