ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ទី ២០ ខែ មករា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អក្នុងការទំនាក់ទំនងរឿងសំខាន់ ឬចរចារឿងធំដុំអ្វីមួយឡើយពីព្រោះថាងាយភ្លាំងភ្លាត់ ឬមិនសម្រេចដូចបំណងនោះមានខ្ពស់។ក្នុងថ្ងៃនេះទោះលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះជាពិសេសមុនពេលចុះហត្ថលេខា ឬផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗចូរចេះពិនិត្យពិច័យឱ្យល្អិតល្អន់ទើបពុំមានការភ្លាំងភ្លាត់ និងមិនខាតផលប្រយោជន៍ឥតអំពើ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ ព្រោះតែងកើតនូវរឿងរាវខ្លះៗយាយីធ្វើឱ្យមិនសូវស្រួលចិត្តប៉ុន្មានឡើយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែម ជួនពាក់មុខខ្លាដាក់គ្នា៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីខ្ពស់ត្រដែត ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីតែងប្រាកចាកឧបសគ្គនិងមានជោគមានជ័យដែរ។ទាំងស្ត្រីបុរសដំណើរជីវិតល្អប្រសើរ ហេតុនេះទាំងស្ត្រីបុរសអាចសម្រុការងារតូចធំបានហើយ ពីព្រោះថាផ្លែផ្កានឹងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរ ការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុន ហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។ រីឯសេចក្តីស្នេហាកំលោះក្រមុំបើមានទំនាស់ពេលនេះជាឱកាសល្អក្នុងការដោះស្រាយជាមួយគ្នាបំផុត៕
ឆ្នាំខាល
ដួងរាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយ ប្រយ័ត្នធ្វើគុណបែរជាបានទោសត្រឡប់មកវិញ។ដោយឡែកនៅថ្ងៃនេះអ្នកប្រកបការងារពុំមានអ្វីលេចធ្លោទេគឺអ្វីៗដូចសព្វមួយដង។ការធ្វើជំនួញឆ្ងាយជិតឃើញថាពិបាករកប្រាក់ចំណូលខ្លាំងដែរ ហើយពិសេសងាយមានរឿងរាវចូលលុកលុយថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំហាក់ពុំជឿនលឿនទៅមុខ ហើយក៏មិនថយក្រោយដែរ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះទោះលោកអ្នកសម្រេចចិត្តអ្វីតែងងាយភ្លាំងភ្លាត់ខ្ពស់ ហើយពិសេសងាយជួបនូវរឿងរាវច្រើនថែមទៀត ។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ការរស់នៅដំណើរជីវិតជួបមានការរីកចម្រើន លូតលាស់ទៅមុខដោយសន្សឹមៗ ហើយផលលំបាកមួយចំនួនក៏ចាប់ផ្តើមរលាយបាត់អស់ដែរ ។សម្រាប់ការងារប្រចាំថ្ងៃរបស់លោកអ្នកវិញដោយសារដួងរាសីខ្ពស់ត្រដែតធ្វើឱ្យរាល់កិច្ចការងារ មានការជឿនលឿន និង ពិសេសក្រុមមនុស្សតែងជួយដល់លោកអ្នកច្រើនផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ ចំពោះគូស្វាមីភរិយាទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបមានសុខដុមរមនានៅក្នុងគ្រួសារ ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នាថ្ងៃនេះលោកអ្នកចង់ចរចាឬទំនាក់ទំនងអ្វីមួយឃើញថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅមកវិញ។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារលើបញ្ហាប្រាក់កាស ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តធ្វើកិច្ចសន្យា អ្វីមួយក៏អាចអនុវត្តបានហើយ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពកក់ក្តៅនិងប្រាស្រ័យទាក់ទងគ្នាដូចសព្វមួយដង៕
ឆ្នាំមមី
រាសីស្រុតចុះ។ថ្ងៃនេះទោះមានរឿងអ្វីក៏ដោយចូរលោកអ្នកចេះរំងាប់ចិត្តឱ្យត្រជាក់ ដាច់ខាតមិនត្រូវតបតដោយកំហឹងទល់នឹងកំហល់ឡើយ ទើបរឿងតូចមិនក្លាយជារឿងធំ។ចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារតាមបណ្តាក្រុមហ៊ុន ឬរោងចក្រនានា ចូរកុំបង្ករឿងឈ្លោះប្រកែកជាមួយចៅហ្វាយនាយឱ្យសោះប្រយ័ត្នបាត់បង់តួនាទី និងកន្លែងការងារ។ចូរអ្នកកុំរកបានដោយតានតឹង តែចាយធូរឱ្យសោះប្រយ័ត្នពេលខ្វះមុខខ្វះក្រោយមិនងាយរត់ទៅរកគេសោះឡើយ។ គូស្នេហ៍ប្រុសស្រីកើតមានការរកាំរកូសចំពោះគ្នាច្រើន៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះបើលោកអ្នកទៅចូលរួមពិធីអ្វីមួយ ឬជួបអ្នកតូចអ្នកធំ ចូរចេះរៀបចំឬកមារយាទឱ្យបានថ្លៃថ្នូរទើបមិនអាប់ឱនកិត្តិយស ឬខាតប្រយោជន៍អ្វីមួយមកវិញ។នៅថ្ងៃនេះការប្រកបការងារហាក់មិនជឿនលឿនទៅមុខទេ ពោលគឺនៅទ្រឹងមួយកន្លែងច្រើនជាង ។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯគូគ្រងប្តីប្រពន្ធ ឬ គូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួននិងមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះមុននឹងលោកអ្នកហានិយាយស្តីអ្វីត្រូវចេះប្រយ័ត្នមាត់ក បន្តិចព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសលើអ្នកដទៃតិចឬច្រើន អាចបង្កជាទំនាសវិវាទឡើង។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គនានាបានសាបរលាបបាត់ស្រមោលអស់រលីងទៅវិញនោះ ទើបលោកអ្នករស់នៅប្រកបដោយភាពសុខដុមគ្រាន់គាប់ប្រសើរឡើងវិញ។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំ និង បើចង់ផ្តើមការងារអ្វីក៏ជាពេលវេលាល្អផង។ការប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខនិងអាចកើបផលកម្រៃត្រឡប់មកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំច
រាសីស្រុតចុះ។ចូរចេះសម្លឹងឱ្យឆ្ងាយ ហើយមិនត្រូវខ្ជះខ្ជាយពេលវេលាឡើយ ពិសេសត្រូវចេះងើបឡើងបន្តការងារទើបអ្វីៗនឹងចម្រុងចម្រើនឡើងវិញ។ការប្រកបការងារនៅថ្ងៃនេះឃើញថាជួបបញ្ហាស្មុគ្រស្មាញច្រើនបន្តិច ហើយក្រុមមនុស្សក៏ទម្លាក់បញ្ហាឱ្យច្រើននាំពិបាករែកពន់ដែរ។អ្នកធ្វើជំនួញទីជិតឆ្ងាយទោះជួបបញ្ហាខ្លះៗយាយីតែលោកអ្នកក៏នៅ អាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ បញ្ហាស្វាមីភរិយាតែងលេចចេញនូវបាតុភាពរកាំរកូសនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងអ្នកដទៃឡើយគឺត្រូវចេះត្រិះរិះឱ្យបានល្អិតល្អន់ទើបមិននាំអំពលទុកដាក់ខ្លួននិងមិនចាញ់បោកគេ។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ចំណែកការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់បើករបរថ្មីៗមិនទាស់ខុសអ្វីដែរពីព្រោះថាផលដែលជាផ្លែផ្កាតែងឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅជានិច្ច។ ចំពោះគូស្នេហាប្រយ័ត្នអាចមានអ្នកក្រៅនាំរឿងមកអុជអាល៕