ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១៧ ខែ ឧសភា​ ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ លោកអ្នក ត្រូវ​រក្សា​ភាព​នឹងធឹង​មិន​ត្រូវយក ភាព មោហៈ ទោសៈ​ដាក់ខ្លួន​បានទេ ហើយ​ត្រូវ​ចេះ​ផ្តល់​ការ អភ័យទោស ឱ្យបាន​ច្រើន​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខដុម និង មានការ​រីកលូតលាស់​ជាង​នេះ​។​នា​កន្លងមក​កិច្ចការងារ​បាន​ចូលមក​ប៉ះទង្គិច​ច្រើន ដូច្នេះ​ធ្វើឱ្យ​លោកអ្នក​ទទួលរង​លំបាក​ផ្លូវចិត្ត​មិន​ស្ទើរ​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​ការប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនមាន​ការរីកលូតលាស់​ទៅមុខ​តែ​ការ​ឆ្កួត​នឹង​ល្បែង​ស្នេហា​ខុស​របៀប​មាន​ច្រើន​ហើយ​បើ​មិន​ខិតខំ​ទប់ស្កាត់​ទេ​ប្រយ័ត្ន​ត្រូវ​មក​សោក​ការ​នៅពេល​ក្រោយ​ដែល​ចង់​មិន​ចង់​ហួសពេល​បាត់ទៅហើយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​ក៏ដោយ​លោកអ្នក​ចូរ​ចេះ​អត់ធ្មត់ និង​ចេះ​តស៊ូ​ទើប​បញ្ហា​ធំ​នឹង​រួម​ជា​តូច​វិញ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​មិនត្រូវ​ហ៊ាន​ពេក​ឬ​ខ្លាច​ពេក​ឡើយ​ពិសេស​ចៅហ្វាយនាយ​ត្រូវ​ចេះ​យកចិត្ត យក​ថ្លើម​ខ្លះ​កាន់តែ​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំសូវល្អ​ដូចនេះ​នាំឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន ម្ល៉ោះហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​និង បិទ​ភ្នែក បិទមាត់​ខ្លះ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការគិត​ផ្លូវ​អាក្រក់​ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​មិន​ស្ទើរ​ទេ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហាមាត់​និយាយស្តី​អ្វី​ចូរ​ចេះ​ប្រយ័ត្ន​មាត់ក​បន្តិច ព្រោះ​កាលបើ​ពោល​ពាក្យសម្តី​និយាយ​ជ្រួល​ជ្រួស​លើ​សិទ្ធ​អ្នកដទៃ​នឹង​នាំ​តែ​ទំនាស់​កើតឡើង​ប៉ុណ្ណោះ​។​ ​ការប្រកប​ការងារ​ឃើញថា លោកអ្នក​អាចមាន​រឿង​មិនល្អ​ឬ​ស្តាប់​រឿង​រាវ​មិនល្អ​ផង​។​ទោះបីយ៉ាងណា​រឿង​រាវ​ខ្លះ​គ្រាន់តែ​ជា​រឿង​មិន​ពិត ឯ​រឿង​រាវ​ខ្លះ​ពិត​ដែល​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ចៀសផុត​រឿង​រាវ​អំពលទុក្ខ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ស្ត្រី​ចូរ​ប្រយ័ត្ន​រឿង​រាវ​កើតឡើង​ព្រោះតែ​មាត់ យក​ល្អ​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម​ឬ​ធ្វើ​មិនដឹងមិនឮ​បញ្ហា​ខ្លះ​ទើប​ចៀសផុត​នាំ​កម្ម​មក​ដាក់ខ្លួន​។​ចំពោះ​ការប្រកប​ការងារ លោកអ្នក ឱ្យ​ប្រយ័ត្ន​បញ្ហា​អារម្មណ៍​ដែល​ងាយ​កើតជា​រឿង​រាវ​ជាមួយ​អ្នកដទៃ​ណាស់​។​ក្នុងអំឡុងពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។​
​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា​ហើយក៏​ងាយ​បែកបាក់​ទៅវិញ​៕

ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​មនុស្ស​យើង​នៅពេល​ធ្វើ​អ្វីមួយ ហើយ​ជួប​បញ្ហាលំបាក​និង​មាន​ភាព​តានតឹង​មិនត្រូវ​រុញ​រា​ឬ​អស់​ទឹកចិត្ត​ឡើយ ត្រូវ​តស៊ូ​មានះ​នោះ​ទើប​រកឃើញ​ជោគជ័យ​នាពេល​ក្រោយ​វិញ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ឬ​ជា​ឱកាសល្អ​សម្រាប់​ប្រកប​ពិធី​អ្វីមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​ទោះ​ជួញដូរ​ទីកន្លែង​ណា​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ពី​ចំណូល​បន្តិច​ព្រោះ​មាន​តិចតួច ឯ​ការចំណាយ​វិញ​មាន​គ្រប់​សារពើ​ដែល​អាច​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​ប្រពៃ ហើយ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រូ​សារ​ដោយ​ការចូល​ស្តីដណ្តឹង​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។ លោកអ្នក​មានដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​កើតរោគ​ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ឃើញថា​មានការ​រីកលូតលាស់​ទៅមុខ​សន្សឹមៗ​ប៉ុន្តែ​យ៉ាងណា​ភាព​រកាំចិត្ត​ក៏​តែង​កើតមាន​ច្រើន​ចំពោះមុខ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ទុកចិត្ត​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​លោកអ្នក​តែង​ប្រឈម​នឹង​បញ្ហា​រារាំង​ចំពោះ​ច្រើន​ត្រូវ​ឆ្លងកាត់​។​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ចេះ មើលមុខ​ក្រោយ​ទើប​ពុំមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​ប្រកប​របរ​ពេញដៃពេញជើង​ឡើងវិញ​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​ព្រោះតែ​ម្នាក់ៗ​តែង​យក​អារម្មណ៍​ខ្លួនឯង​ជាធំ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​បើ​អ្នក​មានដំណើរ​កម្សាន្ត ទីជិត​ឆ្ងាយ​ក្តី ក៏​ប្រកបទៅដោយ​ក្តី​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ជោគជ័យ​គ្រាន់​គាប់ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គួរសម​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ដោយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​លលេង​ជាមួយ​ល្បែង​កាមគុណ​ប្រយ័ត្ន​ជួប​ព្យុះ​ជីវិត​នា​ថ្ងៃ​ខាងមុខ​ចៀស​ពុំ​រួចហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ចេះ​ធ្វើ​សន្សឹមៗ​កុំ​បំបោល ហើយ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ពិតជា​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ចង់​ចំណេញ​ពិតជា​ដាច់​ចំណង​ជាក់​ជាពុំខាន​។​ពាក់ព័ន្ធ​ការងារ​ថ្ងៃនេះ​ឃើញថា​បើ​ទាក់ទង​បញ្ហា​ប្រាក់កាស​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ហូរ​ធ្លាយ​និង​ចាញ់បោក​គេ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ងាយ​ថយក្រោយ​តែ​ពិបាក​រុលទៅមុខ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ផង​ងាយ​បាក់បែក​ណាស់​៕

ឆ្នាំរកា

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​នឿយហត់ ពិសេស​រឿង​រាវ​តូចធំ​តែង​ចូល​យាយី​ច្រើន​ទៀតផង​។​ទោះបីយ៉ាងណា លោកអ្នក អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន​បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​ឬ​ខិតខំ​ដោះស្រាយ​បញ្ហា លំបាក​ដែល​កើត​កាល ពីមុនមក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​តូចធំ​ណាស់ ។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំច​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​តូចធំ​មួយចំនួន​បាន​ធូរស្បើយ ហើយ​រឿង​រាវ​ខ្លះ​ដែល​កើត​កាល​ពីមុនមក​ឃើញ​ថាបើ​មានការ​សម្រុះសម្រួល​អាច​ដោះស្រាយបាន​ផង​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​ឥត​ថយក្រោយ​ទេ ពិសេស​ក្រុមមនុស្ស​តែង​មិនសូវ​ហ៊ាន​បៀតបៀន​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ក្នុង​ការរស់នៅ​ពីព្រោះថា​រឿង​រាវ​ងាយ​រត់​ចូល ហើយ​បើជា​របស់របរ​ងាយ​ខូចខាត​និង​បាត់បង់​ជាង​សព្វមួយដង​។​ចំពោះ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ណាមួយ​ដោយសារ​អ្នកដទៃ​បង្កឡើង​។​ការប្រកប​ការងារ​មាន​បញ្ហា​រាំងស្ទះ​ខ្លះៗ​យាយី​ហេតុនេះ​បើ​មានការ​ប្រឹងប្រែង​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​ខ្លះៗ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ហើយ​បើ​ថយក្រោយ​នោះ​ក៏មាន​ច្រើន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ងាយ​ទាំង​ផ្អែមល្ហែម​ហើយក៏​ងាយ​កើតរឿង​រាវ​ទាស់ទែង​៕