ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ០៤ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស២៥៦៥
ឆ្នាំជូត
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកបើទោះបីមិនល្អប្រសើរច្រើនក្តី ប៉ុន្តែក៏ពុំមានអ្វីចូលមកនាំទទួលរងប៉ះទង្គិច ឬ កើតជាក្តីកង្វល់ច្រើនោះដែរ។ការប្រកបការទីជិតឆ្ងាយ ចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។
សេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ និងបើចង់ចងសម្ព័ន្ធជាមួយនរណាម្នាក់ក៏តែងសម្រេចជោគជ័យ។ការប្រកបការងារមានភាពសុខដុម ហើយបើចង់ផ្លាស់ប្តូរទីកន្លែងឬចង់ដាក់ពាក្យធ្វើការកន្លែងណាមួយក៏ជាឱកាសល្អហើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អចំពោះការចរចា ការបណ្តាក់ទុនឬការចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមគួរសម និងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការចង់ផ្សំផ្គុំគ្រួសារ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះការរស់នៅស្ត្រីមេផ្ទះចូរប្រយ័ត្នកូនចៅតូចៗ ឬ មនុស្សចាស់ធ្លាក់ខ្លួនឈឺដោយប្រការណាមួយ ពិសេសបញ្ហាចំណីចំណុកតែម្តង។បញ្ហាការងារ របស់លោកអ្នកមានការរីកចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច តែយ៉ាងណារឿងរាវអាក្រក់ចាំយាយីនោះក៏មានច្រើនផង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេស លោក អ្នក ឱ្យប្រយ័ត្នចំណូល តូចតាច បោលហួស តែម្តង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំថោះ
រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកតែងជួបប្រទះនូវបញ្ហាច្រើនយាយី ពិសេសងាយទទួលរងប៉ះទង្គិចជាមួយអ្នកដទៃដែលនាំពិបាកក្នុងការទំនាក់ទំនងឬខាតប្រយោជន៍នាគ្រាក្រោយ។ការប្រកបការងារមិនសូវចុះសម្រុងជាមួយមនុស្សជុំវិញខ្លួនទេ ហើយបើមានកិច្ចការងារសំខាន់ផងគេងាយដណ្តើមយកមុខមាត់ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូណ៍ទេដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រប់គ្រាន់ចិញ្ចឹមឆ្នាំងបាយ។ ចំណែកសេចក្តីស្នេហាកំលោះក្រមុំពុំសូវមានការលូតលាស់ទៅមុខ និងភាពចុះសម្រុងក៏តិចតួចថែមទៀត៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តឬចរចាអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។ការប្រកបការងារមានការចម្រើនលូតលាស់និងមានភាពសុខដុមដូចសព្វមួយដង។ការធ្វើជំនួញ ឆ្ងាយជិតមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីមានតែក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែង។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចាក់ទឹកមិនលិចឡើយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីស្រុតចុះ ហេតុនេះបញ្ហាមួយចំនួនមិនងាយចៀសផុតឡើយ ។លោកអ្នកគប្បីរក្សាភាពស្ងៀមស្ងាត់ដោយមិនត្រូវតបតជាមួយក្រុមមនុស្សក្បែរខ្លួនឬសូម្បីតែពីចម្ងាយក្តីទើបមិនមានបញ្ហាមិនល្អណាមួយចោទឡើង។ការប្រកបការងារពុំត្រូវមើលងាយកិច្ចការតូចតាចឡើងទៅពីព្រោះថានាំខាតប្រយោជន៍ដល់គ្រាខាងមុខ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរ ឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលពុំនោះបើកើតរឿងធំគ្មាននរណាជួយកើតឡើយ៕
ឆ្នាំមមី
រាសីស្រុតចុះ។ដំណើរជីវិតរបស់លោកលោកអ្នកថ្ងៃនេះមានអារម្មណ៍ងាយប៉ះទង្គិច ហើយពិសេសបើមានជម្លោះវិវាទផងរឿងតូចអាចរីកក្លាយជាធំ។ការប្រកបការងារត្រូវរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវតបតពាក្យសម្តីជាមួយក្រុមមនុស្សខ្លះទើបជាការប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញទោះជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ តែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោត។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពសោះអង្គើយបន្តិច ហើយក៏ងាយកើតជាជម្លោះវិវាទជាងសព្វមួយដង៕
ឆ្នាំមមែ
រាសីស្រុតចុះ។ដោយសារដួងរាសីធ្លាក់ស្រុតចុះ ហេតុនេះទាំងស្ត្រីបុរសមិនផ្តល់ផលល្អក្នុងការប្រកបកិច្ចការអ្វីដែលធំដុំឬសំខាន់ឡើយ។ថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែនប៉ុន្តែរាល់កិច្ចការងារលោកអ្នកអាចធ្វើដំណើរការធម្មតា គ្រាន់តែកើតការរកាំរកូស និង មានបញ្ហាច្រើនចំពោះមុខប៉ុណ្ណោះ។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរ ដូចនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសូម្បីតែមនុស្សពីចម្ងាយក្តី។ រឿងរាវគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រើនប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានសុខដុមគ្រាន់គាប់ប្រសើរ ហេតុនេះបញ្ហាពុំល្អមួយចំនួនក៏រលាយបាត់ទៅខ្លះដែរ។សម្រាប់អ្នកប្រកបការងាររាជការ ឬ ក្រុមហ៊ុនឯកជនក្តីពុំផ្តល់ជោគលាភល្អទេ ដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វេសប្រហែសឬធ្វើដោយក្តីក្តៅក្រហាយបានឡើយបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយនាគ្រាខាងមុខពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូណ៍សោះឡើយ ដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រប់គ្រាន់ចិញ្ចឹមឆ្នាំងបាយ។ ចំណែកសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខ និង មានភាពចុះសម្រុងគ្នាល្អណាស់៕
ឆ្នាំរកា
រាសីស្រុតចុះ។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏តែងកើតរឿងតប់ប្រម៉ល់ និង មានរឿងរាវច្រើននាំឱ្យល្អក់កករផ្លូវចិត្តច្រើន។ដោយឡែកការប្រកបការងារក៏តែងមិនសម្រេចដូចបំណងតាមការប៉ងទុកនោះដែរ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតែងកើតមានរឿងរាវរកាំរកូសព្រោះតែមានក្រុមមនុស្សបង្កផលលំបាកច្រើន ដូចនេះបើមិនចេះដោះស្រាយទេពេលខ្លះរឿងរាវតូចសោះអាចប្រែរីកជាធំថែមទៀត។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការស្មុគស្មាញហើយងាយកើតជម្លោះវិវាទណាស់ដូចនេះលោកអ្នកត្រូវចេះកាត់បន្ថយការប្រកែប្រកាន់ចេញខ្លះទើបប្រសើរ៕
ឆ្នាំច
រាសីល្អជាមធ្យម។ការរស់នៅថ្ងៃនេះលោកអ្នកមិនត្រូវចចេសជាមួយក្រុមគ្រួសារ និង អ្នកដទៃឡើយពីព្រោះថាមិនផ្តល់ផលចំណេញឡើយផ្ទុយមកវិញបញ្ហាខ្លះធ្វើឱ្យខកខានផលប្រយោជន៍ផង។ទាំងស្ត្រីបុរសក្នុងពេលនេះដែរលោកអ្នកពុំសូវមានចិត្តក្នុងការបំពេញការងារឡើយដូច្នេះត្រូវតែប្រមូលអារម្មណ៍ខិតខំបន្តទៅទៀតដើម្បីចៀសវាងការធ្លាក់ទឹកដោយមិនដឹងខ្លួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេ ហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់ដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយនាគ្រាខាងមុខ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ការរស់នៅពិសេសទាំងនៅផ្ទះសម្បែង ឬ ចាកចេញក្រៅផ្ទះចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពរកាំរកូសច្រើនបន្តិចតែយ៉ាងណាការបំពេញការងារ បើមានការពុះពារនោះក៏តែងមានការរីកលូតលាស់ជាសន្សឹមៗទៅមុខឥតថយក្រោយនោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីមួយដោយក្តីតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យដាក់ទុនទៅហើយអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយនៅពេលក្រោយ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរសមតែយ៉ាងណាជម្លោះពាក្យសម្តីនោះក៏ងាយផ្ទុះឡើងណាស់៕