នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីអាក្រក់កើតឡើងគប្បីប្រឹងប្រែងដោះស្រាយបើមិនដូច្នេះនឹងជួបការលំបាកនៅថ្ងៃខាងមុខកាន់តែធំពុំខាន។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនឡើយគឺអ្វីៗដូចសព្វមួយដង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលតានតឹងហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងរស់។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពតែលតោលនិងមានការខ្វាយខ្វល់ពីជីវិតអនាគតរបស់ខ្លួនរាប់រយជំពូក៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ថ្ងៃនេះបើលោកអ្នកទន្ទឹងរង់ចាំអ្វីក៏តែងមិនផ្តល់ផលល្អទេគឺតែងទទួលការខកបំណងច្រើនជាង។ការប្រកបការងារទោះខិតខំច្រើនកុំសង្ឃឹមថាបានផលច្រើនឱ្យសោះ ហើយពេលខ្លះត្រូវគេបន្ទោសឱ្យច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួបភាពរកាំរកូសច្រើនបន្តិចក្តីតែយ៉ាងណាផលចំណូលមានហូរចូលមួយៗគ្រាន់សម្រាប់ចិញ្ចឹមគ្រួសារផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាក្តីមានការលូតលាស់យឺតតែងាយថយក្រោយ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះអារម្មណ៍ភ្លឺថ្លា ហើយបើទោះបីធ្វើអ្វីក៏តែងហុចផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ការប្រកបការងារអ្វីៗដែលធ្លាប់តែអាប់អួបានប្រែប្រួលមកល្អប្រសើរឡើងវិញ ប៉ុន្តែការងារជួញជិតប្រសើរជាងជួញឆ្ងាយ។ ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់ លោកអ្នក បណ្តាក់ទុនរកស៊ីដោយអាចមានការចម្រើនលូតលាស់ដូចពាក្យចាស់ថា ”ដាក់ចុះរីកដុះដាលតាមដៃ” ផងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ផ្សំផ្គុំគ្រួសារដោយចូលនិយាយដល់ចាស់ទុំឬសាសងស្នេហាថ្មីថ្មោងតែងសមដូចគាប់បំណងជានិច្ច៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់ លោកអ្នក នៅថ្ងៃនេះគាប់ប្រសើរបន្តិចវិញ ដូចនេះអាចមានដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តថែមទៀត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារឬសម្រេចចិត្តក្នុងការធ្វើអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញគ្រាន់គាប់បំណង។ អ្នកប្រកបរបររកស៊ីជួញដូរការទិញចូលលក់ចេញមានសភាពគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរ តែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកមិនទាន់មានគូគាប់ ហើយចង់ទំនាក់ទំនងនរណាម្នាក់តែងមានក្តីសង្ឃឹមច្រើន៕
ឆ្នាំរោង៖ រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសឱ្យប្រយ័ត្នការទទួលរងខូចខាត ឬបាត់បង់ដោយប្រការណាមួយ។ការធ្វើអ្វីដំណើរឆ្ងាយជិតជួបនូវបញ្ហាប្រទាំងប្រទើសច្រើនបន្តិចគប្បីប្រយ័ត្នប្រយែង។នាពេលនេះបើមានបញ្ហាអ្វីលោកអ្នកចេះក្រោកឡើងតស៊ូដោះស្រាយឃើញថារឿងធំនឹងរួមជាតូចមកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញងាយទទួលរងប៉ះទង្គិចជាមួយអ្នកដទៃណាស់ ពិសេស ជម្លោះវិវាទ ព្រោះតែសម្តីមិនចេះទប់របស់ខ្លួន។ សម្ព័ន្ធស្នេហាកំលោះក្រមុំងាយកើតនូវទំនាស់ណាស់ ហេតុនេះត្រូវចេះអត់ឱនឱ្យគ្នាបន្តិចទើបគ្មានបញ្ហាចោទឡើងនាំរកាំចិត្ត៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ស្ត្រីបុរសនាពេលនេះកុំគប្បីឈ្លក់វង្វេងនឹងល្បែងស៊ីសងប្រយ័ត្នជាប់ផុងខ្លួនហើយក្រែងដកខ្លួនពុំរួច។នៅថ្ងៃនេះការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេស ងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ងាយកើតឡើងដែរ៕
ឆ្នាំមមី៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនត្រូវធ្វើអ្វីដែលប្រថុយប្រថានឡើយពីព្រោះថាលទ្ធផលនោះតែងមិនដូចគាប់បំណង ពិសេសបែរជាជួបបញ្ហាអាក្រក់ថែមមួយជាន់ទៀត។ដោយសារដំណើរជីវិតរបស់លោកអ្នកក៏ស្ថិតនៅក្នុងភាពមិនល្អប៉ុន្មានទេពិសេសការប្រកបការងារឃើញថាធ្វើច្រើនខុសច្រើនថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះពុំសូវគាប់ប្រសើរទេ ហើយបើមានកិច្ចការអ្វីសំខាន់ដែលត្រូវដោះស្រាយបើឃើញថាមិនអំណោយផលល្អ ហើយចង់ពន្យាពេលក៏ជាការប្រសើរដែរ។ក្រៅពីនេះបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយគប្បីប្រយ័ត្នប្រយែងបើពុំនោះទេអាចជះឥទ្ធិពលអាក្រក់ណាមួយជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយជួបការលំបាកក្នុងការរកផលចំណូល ហើយមានការរំលោភបំពានពីអ្នកមានមុខរបរដូចគ្នាទៀតផង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីងាយទាំងឆាប់ប្រកែប្រកាន់និងតានតឹងសម្តីដាក់គ្នា៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើចង់ធ្វើការដោះស្រាយបញ្ហាជីវិតតែងជ្រះស្រឡះ និងបើចង់ចរចាបញ្ហាអ្វីមួយក៏អាចហុចជាលទ្ធផលគ្រាន់កក់ក្តៅ។ការប្រកបការងារវិញលោកអ្នកត្រូវរវាសរវៃញាប់ដៃញាប់ជើង ហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ការរស់នៅក្នុងគ្រួសារឆាប់មានរឿងប្រេះឆាណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបល្អប្រពៃបំផុត។ការប្រកបការងារឃើញថា ដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានទេ ដូចនេះគប្បីធ្វើបុណ្យដាក់ទានខ្លះ ក៏ប្រសើរដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នា និងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំច៖ រាសីស្រុតចុះ។ដំណើរជីវិតនាថ្ងៃនេះស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ហើយបើធ្វើអ្វីតែងមិនទទួលជាលទ្ធផលឡើយ ពិសេសងាយកើតជារឿងរាវថែមទៀត។ការប្រកបការងារទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែគិតគូរ និងមើលឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំ ឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ សេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតនាថ្ងៃនេះបោះជំហានទៅមុខគ្រាន់លឿនគួរសម ហើយសេចក្តីប្រាថ្នាមួយចំនួនដែលប៉ងយូរមកហើយ ក៏តែងលេចចេញមកឱ្យឃើញគ្រាន់ផ្តល់ក្តីសង្ឃឹមឡើងវិញ។សម្រាប់អ្នកប្រកបការងារបើមានចំណុចខ្វះខាតត្រង់ណាមិនត្រូវព្រងើយកន្តើយរកអ្នកដទៃជួយបង្រៀនឬបង្ហាត់បង្ហាញផ្លូវជាការប្រពៃបំផុត។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អបំផុតសម្រាប់ការដាក់ទុនក្នុងរឿងអ្វីមួយឬបើចង់រើទីកន្លែងលក់ដូរក៏មានការចម្រើនលូតលាស់គួរកត់សម្គាល់ដែរ។ សេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ និងជាពេលវេលាល្អសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារបំផុត៕