នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចក្នុងការរស់នៅពីព្រោះថារឿងរាវងាយរត់ចូល ហើយបើជារបស់របរងាយខូចខាតនិងបាត់បង់ជាងសព្វមួយដង។ចំពោះការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតបញ្ហាណាមួយដោយសារអ្នកដទៃបង្កឡើង។ការប្រកបការងារមានបញ្ហារាំងស្ទះខ្លះៗយាយីហេតុនេះបើមានការប្រឹងប្រែងតែងទទួលជោគជ័យត្រឡប់មកវិញខ្លះៗផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានច្រើន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែមហើយក៏ងាយកើតរឿងរាវទាស់ទែង៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបញ្ហាតូចធំមួយចំនួនបានធូរស្បើយ ហើយរឿងរាវខ្លះដែលកើតកាលពីមុនមកឃើញថាបើមានការសម្រុះសម្រួលអាចដោះស្រាយបានផង។ការប្រកបការងារមានការជឿនលឿនទៅមុខឥតថយក្រោយទេ ពិសេសក្រុមមនុស្សតែងមិនសូវហ៊ានបៀតបៀនយាយី។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកជួបបញ្ហានឿយហត់ ពិសេសរឿងរាវតូចធំតែងចូលយាយីច្រើនទៀតផង។ទោះបីយ៉ាងណា លោកអ្នក អាចមានជីវិតគាប់ប្រសើរជាងមុនបើសិនមានការព្យាយាមអត់ធ្មត់ក្នុងការបំពេញការងារឬខិតខំដោះស្រាយបញ្ហា លំបាកដែលកើតកាល ពីមុនមក។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនបង្កើតជារឿងរាវតូចធំណាស់ ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះទោះបីលោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះធ្វើសន្សឹមៗកុំបំបោល ហើយមិនត្រូវលោភលន់ឡើយបើពុំនោះទេពិតជាជួបរឿងដូចពាក្យចាស់ថាចង់ចំណេញពិតជាដាច់ចំណងជាក់ជាពុំខាន។ពាក់ព័ន្ធការងារថ្ងៃនេះឃើញថាបើទាក់ទងបញ្ហាប្រាក់កាសលោកអ្នកគប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយហូរធ្លាយនិងចាញ់បោកគេណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីជួបបញ្ហាងាយថយក្រោយតែពិបាករុលទៅមុខហើយបើមានជម្លោះវិវាទផងងាយបាក់បែកណាស់៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។បើអ្នកមានដំណើរកម្សាន្ត ទីជិតឆ្ងាយក្តី ក៏ប្រកបទៅដោយក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ដោយឡែកនៅថ្ងៃនេះវិញការបំពេញការងារមានលក្ខណះពេញដៃពេញជើងនិងជោគជ័យគ្រាន់គាប់ប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ រីឯបញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះធ្វើអ្វីលោកអ្នកតែងប្រឈមនឹងបញ្ហារារាំងចំពោះច្រើនត្រូវឆ្លងកាត់។លោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងចេះ មើលមុខក្រោយទើបពុំមានបញ្ហាមិនល្អណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកប្រកបរបរពេញដៃពេញជើងឡើងវិញ។ សម្ព័ន្ធស្នេហាប្រុសស្រីមិនសូវចុះសម្រុងគ្នាប៉ុន្មានទេព្រោះតែម្នាក់ៗតែងយកអារម្មណ៍ខ្លួនឯងជាធំ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ លោកអ្នកមានដំណើរទីជិតឆ្ងាយចូរប្រយ័ត្នកើតរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារឃើញថាមានការរីកលូតលាស់ទៅមុខសន្សឹមៗប៉ុន្តែយ៉ាងណាភាពរកាំចិត្តក៏តែងកើតមានច្រើនចំពោះមុខ។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើកធ្វើជំនួញនៅថ្ងៃនេះក៏ប្រសើរដែរពីព្រោះថាលាភប្រាក់កាសក៏តែងផ្តល់មកវិញគ្រាន់ជាទីទុកចិត្ត។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។មនុស្សយើងនៅពេលធ្វើអ្វីមួយ ហើយជួបបញ្ហាលំបាកនិងមានភាពតានតឹងមិនត្រូវរុញរាឬអស់ទឹកចិត្តឡើយ ត្រូវតស៊ូមានះនោះទើបរកឃើញជោគជ័យនាពេលក្រោយវិញ។ដោយឡែកនៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬជាឱកាសល្អសម្រាប់ប្រកបពិធីអ្វីមួយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះទោះជួញដូរទីកន្លែងណាលោកអ្នកតោងតែប្រយ័ត្នប្រយែងពីចំណូលបន្តិចព្រោះមានតិចតួច ឯការចំណាយវិញមានគ្រប់សារពើដែលអាចនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការរីកលូតលាស់ទៅមុខប្រពៃ ហើយបើចង់រៀបចំផ្សំផ្គុំគ្រូសារដោយការចូលស្តីដណ្តឹងក៏ជាពេលវេលាល្អប្រពៃណាស់៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះស្ត្រីចូរប្រយ័ត្នរឿងរាវកើតឡើងព្រោះតែមាត់ យកល្អត្រូវរក្សាភាពស្ងាត់ស្ងៀមឬធ្វើមិនដឹងមិនឮបញ្ហាខ្លះទើបចៀសផុតនាំកម្មមកដាក់ខ្លួន។ចំពោះការប្រកបការងារ លោកអ្នក ឱ្យប្រយ័ត្នបញ្ហាអារម្មណ៍ដែលងាយកើតជារឿងរាវជាមួយអ្នកដទៃណាស់។ក្នុងអំឡុងពេលនេះដែរចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ រីឯបញ្ហាគូស្នេហាប្រុសស្រីបើចង់ផ្តើមស្នេហ៍ជាមួយនរណាម្នាក់ងាយត្រូវរ៉ូវគ្នាហើយក៏ងាយបែកបាក់ទៅវិញ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ក្នុងរយៈពេលនេះមុននឹងលោកអ្នកហាមាត់និយាយស្តីអ្វីចូរចេះប្រយ័ត្នមាត់កបន្តិច ព្រោះកាលបើពោលពាក្យសម្តីនិយាយជ្រួលជ្រួសលើសិទ្ធអ្នកដទៃនឹងនាំតែទំនាស់កើតឡើងប៉ុណ្ណោះ។ ការប្រកបការងារឃើញថា លោកអ្នកអាចមានរឿងមិនល្អឬស្តាប់រឿងរាវមិនល្អផង។ទោះបីយ៉ាងណារឿងរាវខ្លះគ្រាន់តែជារឿងមិនពិត ឯរឿងរាវខ្លះពិតដែលលោកអ្នកតោងតែចេះគិតឱ្យបានគ្រប់ជ្រុងជ្រោយ។អ្នកប្រកបរបរកស៊ីជួញដូរនៅថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបចៀសផុតរឿងរាវអំពលទុក្ខ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំង និងបង្កបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំច៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះបើមានបញ្ហាអ្វីក៏ដោយលោកអ្នកចូរចេះអត់ធ្មត់ និងចេះតស៊ូទើបបញ្ហាធំនឹងរួមជាតូចវិញ។ការប្រកបការងារនៅថ្ងៃនេះមិនត្រូវហ៊ានពេកឬខ្លាចពេកឡើយពិសេសចៅហ្វាយនាយត្រូវចេះយកចិត្ត យកថ្លើមខ្លះកាន់តែប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវល្អដូចនេះនាំឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ម្ល៉ោះហើយត្រូវរក្សាភាពស្ងប់ស្ងាត់និង បិទភ្នែក បិទមាត់ខ្លះ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសមិនស្ទើរទេ៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ក្នុងពេលនេះ លោកអ្នក ត្រូវរក្សាភាពនឹងធឹងមិនត្រូវយក ភាព មោហៈ ទោសៈដាក់ខ្លួនបានទេ ហើយត្រូវចេះផ្តល់ការ អភ័យទោស ឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដុម និង មានការរីកលូតលាស់ជាងនេះ។នាកន្លងមកកិច្ចការងារបានចូលមកប៉ះទង្គិចច្រើន ដូច្នេះធ្វើឱ្យលោកអ្នកទទួលរងលំបាកផ្លូវចិត្តមិនស្ទើរឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខតែការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើនហើយបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕